ពីនេះ ពីនោះ
តើ​មនុស្ស​ក្លាហាន​ពិត គេ​ចូលចិត្ត​ធ្វើ​អ្វី​?
19, May 2016 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សេចក្ដីក្លាហាន​គឺ ជា​វីរភាព​, ការ​ហ៊ាន​, សេចក្តី​មោះមុត​, អង់អាច​។ មនុស្ស​ក្លាហាន​គឺ ជា​អ្នក​ហ៊ាន​ទាមទារ​សេរីភាព​ឱ្យ​ក្រុម​របស់ខ្លួន ដើម្បី​រំដោះ​ចេញពី​អំណាច​របស់​ជនពាល ដែល​កាច សាហាវឃោរឃៅ​, ច្បាប់​ដែល​អយុត្តិធម៌​, ឬ ជំនឿ សាសនា ទំនៀមទម្លាប់​ប្រពៃណី​ណា​ដែល​ចាស់គំរឹល​អសីលធម៌​ខ្វះ​គតិបណ្ឌិត​។​



​សេចក្តីក្លាហាន គឺជា​បាតុភូត​ដែល​ស្ថិតនៅ​ចន្លោះ​ការ​កំសាក និង គឃ្លើន​ហ៊ាន​ជ្រុល​។ មានន័យថា វា​មិន​កំសាក​រហូតដល់​ទុកឱ្យ​អំពើអាក្រក់ រីកដុះដាល​តាមតែ​អំណាច ចំណង់​ទំនើង របស់​វា​ឡើយ​។ មនុស្ស​មាន​សេចក្តីក្លាហាន គឺ​ហ៊ាន​ប្រយុទ្ធ​បំផ្លាញ​អំពើអាក្រក់​សព្វបែបយ៉ាង ដោយ​ប្រើ​ប្រាជ្ញាញាណ​ដើម្បី​ទាមទារ​សិទ្ធិ​រស់នៅ​របស់ខ្លួន​។ សិទ្ធិ គឺជា​សេរីភាព​ដែល​ចែង​ក្នុង​ច្បាប់​។ អ្នកខ្លះ​យល់ថា​មនុស្ស​ទាំងអស់​កើតឡើង​មាន​សិទ្ធិ​ស្មើៗ​គ្នា ទោះបី​មាន​ភាព​ផ្សេងៗ​គ្នា និង​វិសមភាព​ក៏ដោយ ប៉ុន្តែ​សិទ្ធិ​ទាំងនេះ ត្រូវបាន​មនុស្ស​គ្នាឯង​ឆក់​ប្លន់​យក ដើម្បី​ពង្រឹង​ឥទ្ធិពល​អំណាច និង​មហិច្ឆតា​របស់គេ​។

​ហេតុ​ដូច្នេះហើយ ភាព​កំសាក​មិនអាច​រំដោះខ្លួន​ពី​ទាសភាព​នានា​បានឡើយ គឺ​មានតែ​សេចក្តីក្លាហាន​ទេ​ដែល​ធ្វើឱ្យ​សម្រេចបាន​នូវ​សុ​ឆន្ទៈ​របស់ខ្លួន​។ មនុស្ស​ក្លាន​ហាន​តែងមាន​ទំនួល​ខុសត្រូវ​ខ្ពស់ និង មាន​លក្ខណៈសម្បត្តិ​ល្អ​គឺ ទន់ភ្លន់​តែ​មិន​ទន់ជ្រាយ រឹងប៉ឹង​តែ​មិន​រឹងទទឹង​។​

​ផ្ទុយ​មកវិញ សេចក្ដីក្លាហាន​ដែល​ខ្វះ​នូវ​មូលដ្ឋាន​នៃ​ភាពត្រឹមត្រូវ ហេតុផល គ្មាន​សីលធម៌ គ្មាន​សច្ច នោះ​មិនអាច​ចាត់ទុកថា​ជា​សេចក្ដីក្លាហាន​ពិត​ឡើយ​។ ប៉ុន្តែ​វា​គឺជា​អំពើ​គ្មាន​បទដ្ឋាន​បញ្ញា ហៅថា​មនុស្ស​ព្រៃ ធ្វើ​អ្វី​ទៅ​តាមតែ​សភាព​ចិត្ត​គ្មាន​ដឹង​ខុសត្រូវ​៕


© រក្សាសិទ្ធិដោយ thmeythmey.com