ជាតិ
លោក ឃួង ស្រេង​ថា មេបក្ស​ដែល​តវ៉ា​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក​និង​គ​.​ជ​.​ប មិន​យល់​ពី​ច្បាប់​
23, May 2016 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ បាន​លើក​ជា​ចម្ងល់ បែប​សើចចំអក​ឲ្យ​ប្រធាន​បក្សនយោបាយ​ថ្មី​មួយចំនួន ដែល​ចេញមុខ​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប ថា​មិន​យល់​ពី​ច្បាប់ និង​ការបែងចែក​អំណាចរ​វា​ង​ស្ថាប័ន​កំពូល​ទាំងបី ឬ​យ៉ាងណា​។ លោកអះអាង​ថា សំណុំរឿង​របស់​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប ស្ថិតនៅក្រោម​អំណាច​រប​ស់​តុលាការ ដូច្នេះ​ស្ថាប័ន​ផ្សេង​មិនអាច​លូកដៃ​ចូល​បានទេ​។ តែ​ប្រធាន​បក្ស​ក្រៅ​រដ្ឋសភា ដែល​ចេញមុខ​តវ៉ា​ក្នុង​សំណុំ​រឿងនេះ មិនមាន​កង្វល់​ចំពោះ​ការលើកឡើង​របស់លោក​អភិបាលរង​នោះទេ ហើយ​នៅតែ​បន្ត​សុំ​ព្រះរាជអន្តរាគមន៍​ពី​ព្រះមហាក្សត្រ ជុំវិញ​ការឃុំខ្លួន​ជនជាប់ចោទ​ទាំង​៥​នាក់​។​



​អភិបាលរង​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បានចាត់ទុក​ការចេញមុខ​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប ពី​សំណាក់​ប្រធាន​គណបក្ស​ក្រៅ​រដ្ឋសភា ថា​មិន​សមស្រប​ទៅនឹង​រដ្ឋធម្មនុញ្ញ ដែល​ផ្តល់​អំណាច​ដាច់ដោយឡែក​ពីគ្នា​រវាង អង្គការនីតិបញ្ញត្តិ អង្គការនីតិប្រតិបត្តិ និង​អង្គការ​នីតិ​វិនិច្ឆ័យ​។ លោក​លើកឡើងថា ក្នុង​កាលៈទេសៈ​នេះ រឿងក្តី​របស់​ជនជាប់ចោទ​ទាំង​៥​រូប កំពុងស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ​នៅឡើយ ដូច្នេះ​មិនមាន​បុគ្គល​ណាមួយ មាន​សិទ្ធិ​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​នេះ​បានទេ​។​

​ម្យ៉ាងទៀត លោក ឃួ​ង ស្រេង យល់ថា ការតវ៉ា​ឲ្យ​ដោះលែង​ជនជាប់ចោទ​ទាំង​៥​នាក់ ដែល​តុលាការ​កំពុង​បន្ត​នីតិវិធី​ដូច្នេះ គឺ​បានន័យថា គាំទ្រ​ឲ្យ​មាន​និ​ទណ្ឌ​ភាព នៅ​កម្ពុជា​។ លោក​បកស្រាយ​ថា មានតែ​នាយករដ្ឋមន្ត្រី​ម្នាក់​គត់ ដែលមាន​សិទ្ធិ​ស្នើ​ទៅកាន់​ព្រះមហាក្សត្រ ដើម្បី​ប្រទាន​ការលើកលែងទោស​ឲ្យ​ទណ្ឌិត​។ លោក​បន្ថែមថា ការដែល​នាយករដ្ឋមន្ត្រី អាច​ស្នើ​ទៅ​ព្រះមហាក្សត្រ​បាន លុះត្រាតែ​តុលាការ​សម្រេច​ចេញ​សាលក្រម​ស្ថាពរ​ជាមុនសិន​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក​អភិបាលរង​រូបនេះ បាន​លើក​ជា​ចម្ងល់​របស់ខ្លួន​ដូច្នេះ​ថា​៖«​ខ្ញុំ​ចេះតែ​ឆ្ងល់​ថា ហេតុអ្វី​បានជា​ប្រធាន​បក្ស​ទាំងនោះ ចេញមុខ​ស្នើ​ទៅ​ព្រះមហាក្សត្រ​? មានតែ​នាយករដ្ឋមន្ត្រី​ទេ ទើប​អាច​ស្នើ​បាន​។ ពួកគាត់ មិន​យល់​ពី​ច្បាប់​ឬ​យ៉ាងម៉េច​?»

​ការលើកឡើង​របស់លោក ឃួ​ង ស្រេង ខាងលើ គឺ​ដើម្បី​ឆ្លើយតប​នឹង​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ដែលមាន​បំណង​ទាម​ទារ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប​។ លោក ម៉ម សូណង់ដូ បានដាក់​លិខិត​ទៅកាន់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ធ្វើបាតុកម្ម នៅ​ថ្ងៃទី​៩ កក្កដា ឆ្នាំ​២០១៦ ខាងមុខ ក្នុង​គោលបំណង​សុំ​ឲ្យ​ដោះលែង​អ្នក​ទាំង​៥​រូប​។ រីឯ លោក ពេជ្រ ស្រស់ បានស្នើ​សុំ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ដង្ហែ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ នៅ​ថ្ងៃទី​៣០ ខែឧសភា ដើម្បី​សុំ​ព្រះរាជអន្តរាគមន៍ ជុំវិញ​ការឃុំខ្លួន​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប​។

​យ៉ាងណាក៏ដោយ  សាលា​រាជធានី​ភ្នំពេញ មិនទាន់​សម្រេច​ថា​អនុញ្ញាត​ឬ​មិន​អនុញ្ញាត លើ​សំណើ​របស់​ប្រធាន​បក្សនយោបាយ​ទាំងពីរ ដែល​បាន​ស្នើសុំ​ធ្វើបាតុកម្ម​និង​ដង្ហែ​ញត្តិ​នោះទេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឃួ​ង ស្រេង​។

​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ មិនកើត​ក្តី​សៅហ្មង​ឬ​ទោមនស្ស នឹង​ការលើកឡើង​របស់លោក ឃួ​ង ស្រេង ឡើយ ដោយ​ប្រធាន​បក្ស​វ័យក្មេង​រូបនេះ ចាក់​ទុក​ថា ជា​សិទ្ធិ​បញ្ចេញមតិ​របស់​បុគ្គល​ម្នាក់ៗ ។ លោក​បន្ថែមថា ព្រះមហាក្សត្រ គឺជា​ម្លប់​និង​ជាទី​ពឹង​របស់​ប្រជាពលរដ្ឋ​គ្រប់រូប ពេល​មាន​ភាពអយុត្តិធម៌​ក្នុងសង្គម មិនមែនជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​នាយករដ្ឋមន្ត្រី​តែ​ម្នាក់​នោះទេ​។

​លោក ពេជ្រ ស្រស់ អះអាងថា លោក​មិនមែន​ស្នើ​ឲ្យ​ព្រះមហាក្សត្រ ប្រទាន​ការលើកលែងទោស​ដល់​ម​ន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប នោះទេ តែ​លោក​គ្រាន់តែ​ដង្ហែ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ឲ្យ​ព្រះមហាក្សត្រ ទ្រង់​ជ្រាប​ពី​ករណី​របស់​បុគ្គល​ទាំង​៥​នាក់​។ លោក ពេជ្រ ស្រស់ បន្តថា ព្រះមហាក្សត្រ អាច​កោះហៅ​នាយករដ្ឋមន្ត្រី និង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដើម្បី​ពិភាក្សា ពី​ការបន្ធូរបន្ថយ​ទោស និង​ការលើកលែងទោស ប្រសិនបើ​ព្រះមហាក្សត្រ ព្រះតម្រិះ ថា​គួរតែ​បន្ធូរ​បន្ថយទោស​ឬ​លើក​លែ​ក​ទោស មែន​នោះ​។ 

​ប្រធាន​បក្ស​រូបនេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​បែបនេះ​ថា​៖«​ខ្ញុំ​គ្មាន​សិទ្ធិ​ឯណា ទៅ​ស្នើ ឲ្យ​ព្រះមហាក្សត្រ​លើក​លែ​ក​ទោស នោះទេ តែ​គ្រាន់តែ​ចង់​ថ្វាយ​ដំណឹង​ដល់​ព្រះមហាក្សត្រ ប៉ុណ្ណោះ​។ បើ​ព្រះមហាក្សត្រ ព្រះតម្រិះ​ទៅ​ថា​គួរ​បន្ធូរ​បន្ថយទោស​ឬ​លើកទោស នោះ​ព្រះមហាក្សត្រ អាច​កោះហៅ​នាយករដ្ឋមន្ត្រី និង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ទៅ​ពិភាក្សា​។ [……]​ហើយ​រឿង​គេ​ថា ខ្ញុំ​មិន​យល់​ពី​ច្បាប់ គឺជា​សិ​ទិ្ធ​បញ្ចេញមតិ​របស់គេ​»​។​

​សូម​រម្លឹកថា មន្ត្រី​អាដហុក​៤​រូប រួមមាន លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុន្នី ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស បន្ទាប់ពី​តុលាការ​ក្រុងភ្នំពេញ ចោទ​ពីបទ «​សូកប៉ាន់​សាក្សី​» ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​។ រីឯ លោក នី ចរិយា អគ្គលេខាធិការរងរ​ប​ស់គ​.​ជ​.​ប ត្រូវបាន​ចោទ​ពីបទ «​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​» ហើយ​នាំខ្លួន​ទៅកាន់​ពន្ធនាគារ​ភ្នំពេញ (PJ) ជុំវិញ​ករណី​របស់​ស្រីមុំ​ដូចគ្នា​៕


Tag:
 អាដហុក​
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com