ជាតិ
​​​ន​យោ​បាយ​ជាតិ​
បើ​ឯកឧត្តម កឹម សុខា ល្មើសច្បាប់ រដ្ឋសភា​ការពារ​មិន​បានទេ​
29, May 2016 , 4:59 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋសភា នឹង​បន្ត​សម័យប្រជុំ​លើក​ទី​៦ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ ។  ករណី​របស់​ឯកឧត្តម កឹម សុខា អាច​នឹង​ស្ថិតក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​របស់​រដ្ឋសភា​។



​ក្នុង​កិច្ចប្រជុំ​ថ្ងៃស្អែក រដ្ឋសភា អាច​នឹង​ពិភាក្សា​ពី​ការដក​អភ័យឯកសិទ្ធិ​របស់​ឯក​ឧ​ត្ត​ម កឹម សុខា បន្ទាប់ពី​អនុប្រធាន​បក្សប្រឆាំង​រូបនេះ ត្រូវបាន​ចោទ​ពីបទ «​ការបដិសេធ​ក្នុងការ​ចូលខ្លួន​» ដែល​តុលាការ​រាជធានី​ភ្នំពេញ ចាត់ទុកថា​ជា​បទល្មើស​ជាក់ស្តែង​។

​អ្នកនាំពាក្យ​រដ្ឋសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាន វុន អះអាងថា រដ្ឋសភា មិនអាច​ការពារ​តំណាងរាស្ត្រ​ណា​ម្នាក់ ដែល​រំលង​ច្បាប់ ឡើយ​។ លោក​បន្ថែមទៀតថា តែ​ផ្ទុយទៅវិញ ប្រសិនបើ​តំណាងរាស្ត្រ មិនបាន​ប្រព្រឹត្ត​ខុសច្បាប់ នោះ​តុលាការ​នឹង​ការពារ​ដោយ​ខ្លួនឯង ដោយ​មិនចាំបាច់​រដ្ឋសភា​ចេញមុខ​ទេ​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ឈាន វុន មិនទាន់​ហ៊ាន​អះអាងថា រដ្ឋសភា នឹង​ដក​អភ័យឯកសិទ្ធិ​របស់​ឯក​ឧ​ត្ត​ម កឹម សុខា ឬ​យ៉ាងណា​នោះទេ​។ លោក​គ្រាន់​ពោល​ព្រលយ​ថា ប្រសិនបើ​ឯកឧត្តម កឹម សុខា ល្មើសច្បាប់ នោះ​អនុប្រធាន​បក្សប្រឆាំង​រូបនេះ នឹងមាន​វាសនា​ដូច​លោក អ៊ុំ សំអាន​។ អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​យ៉ាងខ្លី​ថា​៖«​បើ​គាត់ (​ឯកឧត្តម កឹម សុខា​) ខុសច្បាប់ គឺ​ដូច​ករណី​លោក អ៊ុំ សំអាន អ៊ីចឹង​ដែរ​»​។

​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​នាក់ នឹង​មិនមាន​វត្តមាន​ក្នុង​រដ្ឋសភា ដើម្បី​ចូលរួម​ប្រជុំ ឡើយ​។ ប្តូរ​ពី​ការមិន​ចូល​សភា គណបក្សប្រឆាំង​បែរជា​អំពាវនាវ ដល់​អ្នកគាំទ្រ​របស់ខ្លួន​នៅ​ទូទាំងប្រទេស ឲ្យ​ចូលរួម​ដង្ហែ​ញត្តិ​ទៅកាន់​ស្ថាប័ន​កំពូល​មួយ​នេះ ដើម្បី​ស្នើ​ឲ្យ​តុលាការ បញ្ឈប់​ការរំលោភបំពាន​លើ​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​៕


Tag:
 CNRP
  កឹម សុខា​
  ឈាន វុន
© រក្សាសិទ្ធិដោយ thmeythmey.com