អន្តរជាតិ
កងទ័ព​អ៊ីរ៉ាក់​ជួប​ការ​វាយបក​ពី​ក្រុម ISIS ក្នុង​សមរភូមិ Fallujah
01, Jun 2016 , 3:27 pm        
រូបភាព
កងកម្លាំង​យោធា​អ៊ីរ៉ាក់ ដែល​ប្រយុទ្ធ​រំដោះ​ទីក្រុង Fallujah ពី​ដៃ​ក្រុម​រដ្ឋ​ឥស្លាម កំពុងតែ​ប្រឈមមុខ​នឹង​ការ​វាយបក ពី​សំណាក់​សកម្មជន​ជ្រុលនិយម​ដែល​ការពារ​ទីក្រុង​នេះ នៅតាម​តំបន់​ជាយក្រុង​។ យ៉ាងណាក្ដី កងទ័ព​អ៊ីរ៉ាក់ ក៏បាន​ចូលទៅ​កាន់​ផ្នែក​ខ្លះ​នៃ​ទីក្រុង​នេះ​រួចទៅហើយ ខណៈ​ប្រជាជន​ជាច្រើន កំពុងតែ​ជាប់​ខ្លួន​ក្នុងការ​ប្រយុទ្ធ​គ្នា​នេះ​។


សូមស្ដាប់ព័ត៌មានលម្អិត៖



លោក​ឧ​ត្ត​ម​សេនីយ៍ Abdelwahab al-Saadi ជា​មេបញ្ជាការ​កងទ័ព​អ៊ីរ៉ាក់ ក្នុង​ប្រតិបត្តិ​ការរំដោះ​ទីក្រុង Fallujah និយាយថា អ្នក​ប្រយុទ្ធ​នៃ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម (ISIS) បាន​បើក​ការវាយប្រហារ​យ៉ាងខ្លាំង មកលើ​កម្លាំង​អ៊ីរ៉ាក់ ដែល​កំពុង​សម្រុកចូល​ទីក្រុង​នេះ​។ ការ​វាយ ប្រយុទ្ធ​គ្នា​ខ្លាំង កើតឡើង​ក្នុង​តំបន់ Naimiyah ស្ថិតនៅ​ភាគខាងត្បូង​ទីក្រុង Fallujah នៅ​ថ្ងៃទី​៣១ ខែឧសភា បើទោះជា​តំបន់​មួយចំនួន ត្រូវបាន​កងកម្លាំង​អ៊ីរ៉ាក់ គ្រប់គ្រង​ក៏ដោយ​។   
 
​មេបញ្ជាការ​កងទ័ព​រូ​ប​នេះ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ក្រុម​សកម្មជន ដែលមាន​គ្នា​ប្រមាណ​មួយរយ​នាក់ បាន​បាញ់ប្រហារ​មកលើ​កងទ័ព​អ៊ីរ៉ាក់​។ ប៉ុន្តែ​ពួកគេ​មិន​ប្រើ​រថយន្ត​បង្កប់​គ្រាប់បែក ឬ​អ្នក​បំផ្ទុះ​គ្រាប់បែក​នោះទេ​។ បើតាម​លោក Saadi កងកម្លាំង​អ៊ីរ៉ាក់ ដែល​រួមមាន​ប៉ូលិស និង​យោធា បាន​រុញច្រាន​សកម្មជន​ទាំងនោះ ដោយ​សម្លាប់​សកម្មជន ៧៥ នាក់​ផងដែរ​។ តែ​លោក Saadi មិនបាន​បង្ហាញ​ពី​តួលេខ​ពិតប្រាកដ នៃ​ចំនួន​កងកម្លាំង​អ៊ីរ៉ាក់ ដែល​បាត់​បង់ជីវិត ក្នុងការ​វាយ​ប្រយុទ្ធ​នេះ​ទេ​។​
 
​យ៉ាងណាមិញ ការប្រយុទ្ធ​ខ្លាំងក្លា​រវាង​កងកម្លាំង​អ៊ីរ៉ាក់ ជាមួយនឹង​សកម្មជន​រដ្ឋ​ឥស្លាម ធ្វើ​ឲ្យ​មនុស្ស​ជាង​ប្រាំ​ម៉ឺន​នាក់ ជាប់​ខ្លួន​ក្នុង​ទីក្រុង Fallujah និង​កំពុងតែជួបប្រទះ​កង្វះ​អាហារ និង​ទឹក​ទៀតផង​។ ជាមួយគ្នានេះ ក៏មាន​របាយការណ៍​ដែរ​ថា ប្រជាជន​មួយចំនួន​ស្លាប់ ដោយសារ​អត់​អាហារ និង​ខ្លះទៀត ត្រូវបាន​សម្លាប់ ព្រោះ​មិន​ព្រម​ចូល​ដៃ​ប្រយុទ្ធ ជាមួយ​សកម្មជន​រដ្ឋ​ឥស្លាម​។​
 
​តំណាង​ទីភ្នាក់ងារ​ជនភៀសខ្លួន UN ប្រចាំ​អ៊ីរ៉ាក់ និយាយ​ដែរ​ថា ប្រជាជន​ដែល​សម្រេចចិត្ត​ភៀសខ្លួន គឺ​ប្រឈមមុខ​ខ្ពស់ នឹង​សេចក្ដីស្លាប់​។ បើ​ពួកគេ​អាច​ភៀសខ្លួន​បាន កងកម្លាំង​អ៊ីរ៉ាក់​អាចជួយ​ពួកគេ ទៅ​កន្លែង​សុវត្ថិភាព​បាន​។ ប៉ុន្តែ ប្រសិនបើ ពួកគេ​ត្រូវបាន​ចាប់ខ្លួន​ដោយ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម វា​ច្បាស់​ណាស់​ថា ពួកគេ នឹងត្រូវ​ស្លាប់​មិន​ខាន​។      
 
​ទន្ទឹមនឹង​នេះដែរ តម្លៃ​ទំនិញ​ក្នុង​ទីក្រុង បាន​ឡើង​ខ្ពស់កប់ពពក ខណៈ​ប្រជាជន​សាមញ្ញ​ខ្លះ មិនមាន​លទ្ធភាព ទិញ​ទំនិញប្រើប្រាស់​ប្រចាំថ្ងៃ​ទេ​។ ជាក់ស្ដែង​នោះ អាហារ ជា​មុខទំនិញ ដែល​ឡើងថ្លៃ​ខ្លាំងជាងគេ ព្រោះ​អង្ករ​បាន​ឡើងថ្លៃ​រហូតដល់​៧០០​ដុល្លារ​ឯណោះ​។ បញ្ហា​នេះ បាន​បង្ខំ​ឲ្យ​ប្រជាជន​ខ្លះ ត្រូវ​បរិភោគ​អាហារ​រលួយ ឬ​ទឹកដោះគោ​ជូរ​ជំនួស​វិញ​។​
 
​សូម​បញ្ជាក់ដែរថា បន្ទាប់ពី​បើក​ប្រតិបត្តិ​ការរំដោះ Fallujah កាលពី​សប្ដាហ៍​មុន កងកម្លាំង​អ៊ីរ៉ាក់​បាន​គ្រប់គ្រង​ផ្នែក​ជាច្រើន ក្នុង​ទីក្រុង​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម តាំងពី​ឆ្នាំ​២០១៤ មក​ម្លេះ​។ Fallujah និង Mosul ជាទី​ក្រុង​ពីរ ដែល​ត្រូវ ត្រួតត្រា​ដោយ​សកម្មជន​រដ្ឋ​ឥស្លាម​នៅ​អ៊ីរ៉ាក់ ខណ​ក្រុម​នេះ បាន​បាត់បង់​ទឹកដី​ជា​បន្តបន្ទាប់ ទាំង​ក្នុង​អ៊ីរ៉ាក់ និង​ស៊ី​រី ដោយសារតែ​កម្លាំង​ទ័ព​ប្រទេស​ទាំងពីរ ចាប់ផ្ដើម​វាយ​ដណ្ដើម​កាន់កាប់​មកវិញ ដោយមាន​ជំនួយ​ពី​សម្ព័ន្ធមិត្ត​អាមេរិក ក៏ដូចជា​កងកម្លាំង​រុស្សី​នៅ​ស៊ី​រី​៕ 

Tag:
 អ៊ីរ៉ាក់​
  ​ក្រុម​រដ្ឋ​ឥស្លាម​
  Fallujah
© រក្សាសិទ្ធិដោយ thmeythmey.com