អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ការតវ៉ា​របស់​កម្មក​រ​ផ្លូវដែក​បារាំង​បង្ក​ការព្រួយបារម្ភ​ចំពោះ​ព្រឹត្តិការណ៍ Euro 2016
02, Jun 2016 , 7:39 am        
រូបភាព
 
​បាតុកម្ម​របស់​កម្មក​រ​ផ្លូវដែក​បារាំង កំពុងតែ​បង្កើន​ការព្រួយបារម្ភ ដល់​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​ទ្វីបអឺរ៉ុប​ប្រចាំឆ្នាំ​២០១៦ ដែល​បារាំង​ធ្វើជា​ម្ចាស់ផ្ទះ​។ ការធ្វើ​បាតុកម្ម​នេះ បាន​ក្លាយជា​សម្ពាធ​ថ្មី​មួយទៀត លើ​រដ្ឋាភិបាល​សង្គមនិយម ដែល​ប្រឈមមុខ​នឹង​ការប្រឆាំង​ក្នុងករណី​ច្បាប់​ការងារ​ថ្មី ដ៏​ចម្រូងចម្រាស់​។​

 
​កម្មករ​ផ្លូវដែក​បារាំង នៅ​ថ្ងៃទី​៣១ ខែឧសភា បាន​ចេញមក​ធ្វើបាតុកម្ម​ប្រឆាំង​លើ​ច្បាប់​ការងារ​ថ្មី ខណៈ​សល់​តែ​ដប់​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការ​ប្រ​គួ​ត​កីឡាបាល់ទាត់​ពាន់រង្វាន់​ទ្វីបអឺរ៉ុប​ឆ្នាំ​២០១៦ នឹង​មកដល់​។ គេ​ព្រួយបារម្ភ​ថា ប្រសិនបើ​ការតវ៉ា​ចេះតែ​បន្ត វា​អាច​នឹង​ប៉ះពាល់​ដល់​ការប្រកួត​ពានរង្វាន់​ដ៏​ធំ​នេះ​។​
 
​បាតុកម្ម​តវ៉ា ដែល​ធ្វើ​នៅ​ល្ងាច​ថ្ងៃទី​៣១ ខែឧសភា បាន​ប៉ះពាល់​ដល់​សេវាកម្ម​រថភ្លើង​មួយចំនួន​តូច ប៉ុន្តែ​គេ​រំពឹងថា បាតុកម្ម​នេះ នឹង​ប៉ះពាល់​ដល់​ចំនួន​ពាក់កណ្ដាល នៃ​សេវាកម្ម​រថភ្លើង នៅ​ទូទាំងប្រទេស និង​តំបន់ នៅពេលដែល​បាតុកម្ម នឹង​ចាប់ផ្ដើម​ពេញបន្ទុក​នៅ​ថ្ងៃទី​០១ ខែមិថុនា​។ ទន្ទឹមនឹងនេះ ប្រតិបត្តិ​ករ​ផ្លូវដែក​ជាតិ SNCF និយាយថា មួយផ្នែក​តូច​ប៉ុណ្ណោះ​នៃ​សេវាកម្ម​ទៅកាន់​អ៊ីតាលី និង​អេ​ស្ប៉ា​ញ នឹងត្រូវ​ដំណើរការ​ធម្មតា អំឡុងពេល​សេវាកម្ម​ទាំងអស់​ទៅកាន់​អង់គ្លេស និង​អាល្លឺម៉ង់ នឹង​ដំណើរការ​ជា​ប្រក្រតី​។​
 
​ជាមួយគ្នានេះដែរ បើតាម​ទីភ្នាក់ងារ Reuters ក្រៅពី​កម្មករ​ផ្លូវដែក បុគ្គលិក​ម៉េ​ត្រូ​ក្នុង​ក្រុងប៉ារីស ក៏មាន​គម្រោង​ដើរចេញ​ពី​ការងារ នៅ​ថ្ងៃទី​០២ ខែមិថុនា ស្រប​ពេលដែល អាកាសយានិក​ក្រុមហ៊ុន​អាកាសចរណ៍ Air France ក៏មាន​ផែនការ​ធ្វើបាតុកម្ម​រយៈ​ពេល​វែង​។  បាតុកម្ម​នេះ បង្ក​ការព្រួយបារម្ភ​លើ ព្រឹត្តិការណ៍​ពានរង្វាន់​ទ្វីបអឺរ៉ុប ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១០ ខែមិថុនា​។ 
 
​សូម​រម្លឹកថា អស់​រយៈពេល​បី​ខែ​មកហើយ ដែល​ក្រុមបាតុករ​ចេញមក ប្រឆាំងនឹង​ច្បាប់​ការងារ​ថ្មី ដែល​ពេលខ្លះ​ឈានដល់​អំពើហិង្សា​ផងដែរ​។ ប៉ុន្តែ លោក​ប្រធានាធិបតី ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បាន​ទាត់ចោល​ការទាមទារ​រ​បស់​សហជីព ដែល​ចង់​ឲ្យ​រដ្ឋាភិបាល​បារាំង​ទ​មា្ល​ក់​ចោល​ច្បាប់​ការងារ​ថ្មី​។ លោក ហូ​ឡង់ ប្រាប់​កាសែត Sud Ouest ថា វិធានការ​ថ្មី ដែល​បង្ក​ការងាយ​ស្រួយ​ក្នុង​ការជួល ឬ​ដេញ បុគ្គលិក នឹងមិន​ត្រូវ​បោះចោល​ទេ​។ 
 
​ទាក់ទិន​នឹង​ការគំរាមកំហែង ប្រធានាធិបតី​បារាំង បញ្ជាក់ថា បាតុកម្ម​មិនមែនជា​រឿង​សំខាន់​ទេ តែ​ការ​គំរាម​ពិតប្រាកដ​ចំពោះ​ការប្រកួត គឺ​សកម្មភាព​ភេរវកម្ម​ឯណោះ​ទេ​។ ជាមួយនឹង​បញ្ហា​នេះ កងកម្លាំង​បារាំង​៥០០​នាក់ បាន​ហាត់​សម​សកម្មភាព​វាយប្រហារ​នៅឯ​កីឡដ្ឋាន Stade de France ជាទី​ដែលមាន​កម្មវិធី​ប្រកួត​ទីមួយ និង​វគ្គ​ផ្ដាច់ព្រ័ត្រ​។ 
 
​ស្របគ្នា​នេះដែរ លោក Philippe Martinez ដែលជា​ប្រធាន​សហជីព CGT ដ៏​មាន​ឥទ្ធិពល​អះអាងថា អ្វីៗ​ស្ថិតក្នុង​ដៃ​របស់​រដ្ឋាភិបាល​ទាំងស្រុង​។ លោក​បញ្ជាក់ថា យើង​មិនមែន​រារាំង​មនុស្ស ទស្សនាការ​ប្រកួត​នោះទេ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវតែ​រៀបចំ ឲ្យ​មានការ​ពិភាក្សា​មួយ​។ អ្វីៗ ស្ថិតក្នុង​ដៃ​ពួកគេ​៕  
 
 
 

Tag:
 បារាំង​
 ​បាតុកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com