អន្តរជាតិ
ប៉ូឡូញ​៖ ទ័ព​ណា​តូ​មួយ​វរ​សេនា​តូច​ល្មម អាច​ទប់ទល់ការឈ្លានពានរបស់​រុស្សី​បាន​
02, Jun 2016 , 3:00 pm        
រូបភាព
រដ្ឋមន្ត្រី​ការពារជាតិ​ប៉ូឡូញ បង្ហាញ​ការ​ជឿជាក់ថា កងទ័ព​ណា​តូ​តែមួយ​វរ​សេនា​តូច គឺ​គ្រប់គ្រាន់​សម្រាប់​ទប់ទល់ នឹង​សកម្មភាព​ឈ្លានពាន​របស់​រុស្សី មកលើ​ប៉ូឡូញ​។ ការលើកឡើង​នេះ គឺ​ស្រប​ពេលណា​តូ នឹង​បញ្ជូន​កងកម្លាំង​បន្ថែម​ដល់​ប៉ូឡូញ និង​រដ្ឋ​នៅ​សមុទ្រ​បាល់​ទិ​ក​ដទៃទៀត ដើម្បី​ការពារ​ខ្លួន ពី​ការឈ្លានពាន​របស់​រុស្សី​។



សូមស្ដាប់ព័ត៌មានលម្អិត៖



 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​កាសែត Defense News រដ្ឋមន្ត្រី​ការពារជាតិ​ប៉ូឡូញ លោក Antoni Macierewicz អះអាងថា ប្រសិនបើ​រុស្សី ប្រុង​លុកលុយ​ប៉ូឡូញ ទ័ព​របស់​ណា​តូ​មួយ​វរ​សេនា​តូច មានលទ្ធភាព​ជួយ​ការពារ​ប៉ូឡូញ​បាន​មួយគ្រា​ដែរ​។ ការអះអាង​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​ប៉ូឡូញ ធ្វើឡើង​បន្ទាប់ពី​អគ្គលេខាធិការ​ណា​តូ លោក Jens Stoltenberg បញ្ជាក់ថា ណា​តូ​នឹង​បញ្ជូន​កងកម្លាំង​បួន​វរ​សេនា​តូច ទៅ​តំបន់​នេះ​។
 
​នៅ​ថ្ងៃទី​៣០ ខែឧសភា ក្នុង​ដំណើរ​ទៅកាន់​ប៉ូឡូញ លោក Stoltenberg និយាយថា កងទ័ព​ណា​តូ នឹងត្រូវ​បន្ថែម​ទៅ​ប៉ូឡូញ នៅក្រោយ​ជំនួប​កំពូល​ណា​តូ​ក្នុង​ក្រុង​វ៉ា​សូវី នៅ​ខែកក្កដា​។ ថ្លែង​បន្ទាប់ពី​ជំនួប​ជាមួយ លោក Andrzej Duda ប្រមុខរដ្ឋ​ប៉ូឡូញ អគ្គលេខាធិការ​រូបនេះ​បន្តថា ការបញ្ជូន​ទ័ព​ទៅកាន់​ប៉ូឡូញ និង​ប្រទេស​តំបន់​បាល់​ទិ​ក ជា​សញ្ញា​បង្ហាញ​ពី​ជំហរ​ច្បាស់លាស់​របស់​ណា​តូ គឺ​ការឈ្លានពាន​ប៉ូឡូញ ជាការ​ឈ្លានពាន​សម្ព័ន្ធ​យោធា​ណា​តូ​ទាំងមូល​។​
 
​យ៉ាងណាមិញ គេ​មិនទាន់​ដឹង​ច្បាស់ ពី​ចំនួន​កងទ័ព​ណា​តូ ដែល​នឹងត្រូវ​បញ្ជូន​មកកាន់​ប៉ូឡូញ​នោះទេ​។ បើតាម​លោក Macierewicz ចំនួន​នៃ​កងកម្លាំង​ដែល​ត្រូវ​បន្ថែម កំពុងតែ​ត្រូវ​ពិភាក្សា​។ ប៉ុន្តែ យោងតាម​រចនាសម្ព័ន្ធ​យោធា​របស់​អាមេរិក មួយ​កងវរសេនាតូច មាន​ទាហាន ចាប់ពី​៣០០​នាក់ ដល់​៨០០​នាក់​។ ជាមួយនឹង​ការបញ្ជូន​ទ័ព​នេះ លោក Macierewicz បាន​ឲ្យ​ដឹង​ដែរ​ថា កងទ័ព​ដែល​នឹងត្រូវ​បន្ថែម រួមជាមួយ​នឹង​កងទ័ព​រដ្ឋ​ម្ចាស់ផ្ទះ គួរតែ​អាច​ទប់ទល់​ការឈ្លានពាន​បាន ហើយ​វា​នឹង​ទុកពេល​ឲ្យ​សមស្រប ដល់​សម្ព័ន្ធ​ណា​តូ ដើម្បី​រៀបចំ​កងទ័ព​ជំនួយ សម្រាប់​ការពារ​រដ្ឋ​ជា​សមាជិក​របស់ខ្លួន​។​
 
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ការអធិប្បាយ​របស់រ​ដ្ឋ​មន្ត្រី​ការពារជាតិ​ប៉ូឡូញ ទំនងជា​ការឆ្លើយតប​នឹង​ការ​គំរាម​របស់​ប្រធានាធិបតី​រុស្សី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដែល​គំរាម​វាយប្រហារ​ប៉ូឡូញ និង​រ៉ូ​មា​នី​។ បើតាម​សារព័ត៌មាន RT ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ក្រិ​ក លោក ពូ​ទីន ប្រកាសថា រុស្សី​គ្មាន​ជម្រើស​អ្វី​ទេ ក្រៅ​ដាក់​គោលដៅ​លើ​រ៉ូ​មា​នី ដែលមាន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅ​ទីនោះ ហើយ​ប៉ូឡូញ ក៏​ស្ថិតក្នុង​ស្ថានភាព​ដូចគ្នា​ដែរ​។​
 
​ការ​លេប​យក​តំបន់​គ្រី​មេ​របស់​អ៊ុយ​ក្រែ​ន ពី​សំណាក់​រុស្សី ធ្វើ​ប្រទេស​ដែលជា​សម្ព័ន្ធមិត្ត​របស់​ណា​តូ មាន​ព្រំដែន​នៅ​កៀក​រុស្សី ភ័យ​យ៉ាងខ្លាំង​។ ប្រ​ទស​ទាំងនោះ បារម្ភ​ថា ថ្ងៃ​ណាមួយ នឹង​ដល់​វេន​ពួកគេ​ម្ដង​មិនខានឡើយ ដែល​រឿងនេះ ធ្វើ​ឲ្យ​ពួកគេ ងាក​រក​ជំនួយ​ពី​សម្ព័ន្ធ​យោធា​ណា​តូ ដើម្បី​ទប់ទល់​ការឈ្លានពាន​ណាមួយ​។ ជាមួយនឹង​សំណើ​បែបនេះ ណា​តូ ក៏​សម្លឹង​ឃើញ​ការពង្រឹង​សមត្ថភាព​ការពារ​ប្រទេស​ទាំងនោះ​។​
 
​ទន្ទឹមនឹងនេះ ណា​តូ នឹង​ពង្រាយ​កងទ័ព​ចំនួន​បួន​វរ​សេនា​តូច នៅ​ប្រ​ទស អេ​ស្តូ​នី ឡា​ត់​វី លេ​តូ​នី និង​ប៉ូឡូញ​។ កាលពី​ខែឧសភា កន្លងទៅ ណា​តូ ក៏បាន​បំពាក់​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​រួចហើយ​នៅ រ៉ូ​មា​នី និង​ត្រៀម​ដាក់​នៅ​ប៉ូឡូញ​បន្ថែមទៀត ដែល​រឿង​នេះហើយ ធ្វើ​រុស្សី​មិន​សប្បាយចិត្ត និង​ចោទណា​តូ​ថា ប្រព័ន្ធ​មី​ស៊ី​ល​ទាំងនោះ គឺ​ដាក់​សំដៅលើ​រុស្សី​។ រុស្សី ក៏​ឆ្លើយតប​វិញ ដោយ​ការបង្កើត​កងឯកភាព​កងទ័ព​ថ្មីៗ ក៏ដូចជា​គំរាម​វាយប្រហារ រ៉ូ​មា​នី និង​ប៉ូឡូញ ជាដើម​៕ 

Tag:
 ណា​តូ​
  ​ប៉ូឡូញ​
 ​ រុស្សី​
© រក្សាសិទ្ធិដោយ thmeythmey.com