អន្តរជាតិ
ប្រមុខ​ការទូត​ចិន​ព្រលះ​អ្នកកាសែត​កាណាដា ដែល​ហ៊ាន​សួរ​បញ្ហា​សិទ្ធិមនុស្ស​
02, Jun 2016 , 9:39 pm        
រូបភាព
​ប្រមុខ​ការទូត​ចិន លោក វ៉ាង យី (Wang Yi) បាន​ប្រតិកម្ម​យ៉ាងខ្លាំង នឹង​សំណួរ​របស់​អ្នកកាសែត​កាណាដា​ម្នាក់ ដែល​ចោទសួរ​រូបលោក ពី​ករណី​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ចិន ខណៈដែល​លោក កំពុង​ធ្វើ​សន្និសីទកាសែត ជាមួយ​សម​ភាគី​កាណាដា​។ លោក វ៉ាង ចាត់ទុក​សំណួរ ជា​ការមិន​ទទួលខុសត្រូវ និង​មិនអាច​ទទួលយកបាន​។



​មួយ​សំណួរ​លើ​បញ្ហា​សិទ្ធិមនុស្ស​របស់​អ្នកកាសែត​កាណាដា ធ្វើ​ឲ្យ​រដ្ឋមន្ត្រីការបរទេស​ចិន ខឹងច្រឡោត​យ៉ាងខ្លាំង​។ លោកស្រី Amanda Connolly ដែល​មកពី​សារព័ត៌មាន iPolitics បាន​សួរ​លោក វ៉ាង យី ពី​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុងប្រទេស​ចិន ក៏ដូចជា​ការចាប់ខ្លួន​ជនជាតិ​កាណាដា លោក Kevin Garratt ក្រោម​បទ​ចោទ​ចារកម្ម​ក្នុងប្រទេស​ចិន​។

​បើ​យោងតាម​ការផ្សាយ​របស់ iPolitics ក្នុង​សន្និសីទកាសែត នៅឯ​ទីក្រុង អូ​តា​វ៉ា នៅ​ថ្ងៃទី​០១ ខែឧសភា លោកស្រី បាន​សួរ​រដ្ឋមន្ត្រីការបរទេស​កាណាដា លោក Stephane Dion ថា ហេតុអ្វី​បានជា​កាណាដា ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ចិន ដ្បិត​មាន​ស្ថានភាព​សិទ្ធិមនុស្ស​មិនល្អ និង​មាន​មហិច្ឆតា​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ជាមួយគ្នានេះ លោកស្រី Connolly ក៏បាន​សួរ លោក Dion អំពី​ផែនការ​របស់​កាណាដា ក្នុងការ​ប្រើប្រាស់​ទំនាក់​ទំនង​នេះ ដើម្បី ធ្វើ​ឲ្យ​ប្រសើរឡើង​ស្ថានភាព​សិទ្ធមនុស្ស​នៅ​ចិន​។ 

​បន្ទាប់ពី លោក Dion ឆ្លើយ​នឹង​សំណួរ​ទាំងនោះ លោក វ៉ាង យី ក៏ត្រូវ​អ្នកកាសែត​ចិន សួរ ដូចគ្នា ប៉ុន្តែ លោក វ៉ាង បែរជា​ឆ្លើយ​ទៅនឹង​សំណួរ លោកស្រី Connolly ទៅវិញ​។
​លោក វ៉ាង យី ដែល​ឈរ​អមដោយ​រដ្ឋមន្ត្រីការបរទេស​កាណាដា បាន​ចាត់​នេះ ជា​សំណួរ​គ្មាន​ការទទួលខុសត្រូវ​។ លោក វ៉ាង ឆ្លើយ​ដោយ​កំហឹង​ថា សំណួរ​របស់​លោកស្រី Connolly គឺ​ពោរពេញ​ទៅដោយ​សេចក្ដី​លំអៀង ប្រឆាំងនឹង​ចិន ជាមួយនឹង​ឬ​ក​ពារ​ក្រអឺត ក្រ​ទម និង​មិនអាច​ទទួលយក​បានទេ​។​

​លើសពីនេះ ប្រមុខ​ការទូត​ចិន ក៏​ចោទ​ជា​សំណួរ​ថា​៖ « ខ្ញុំ​ត្រូវតែ​សួរថា អ្នក​យល់​ពី​ចិន​ឬទេ​? អ្នក​ធ្លាប់​ទៅ​ប្រទេស​ចិន​ឬទេ​? តើ​អ្នកដឹង​ទេ​ថា ប្រជាជន​ចិន​ច្រើនជាង​៦០០​លាន​នាក់ បាន​រួច​ពី​ភាពក្រីក្រ ហើយ​អ្នកមាន​ដឹង​ទេ​ថា ចិន​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទី​ពី​រលើ​លោក​?» លោក វ៉ាង មិនបាន​បញ្ចប់​ការឆ្លើយតប​ត្រឹមនេះ​ទេ ដោយ​លោក​បាន​សួរ លោកស្រី Connolly ពី​ចំណេះដឹង​ទាក់ទង​ប្រទេស​ចិន និង​បាន​សួរ​អ្នកកាសែត​រូបនេះ មាន​ដឹងថា សិទ្ធិមនុស្ស​ត្រូវបាន​ស​រ​សេរ​ក្នុង​រដ្ឋធម្មនុញ្ញ​ចិន​ឬ​អត់​។​

​ជាមួយគ្នានេះ លោក វ៉ាង យី ក៏​បន្ត​ប្រតិកម្ម​ខ្លាំងៗ​ទៀតថា ប្រសិនបើ​មាន​អ្នក​ចង់​សួរ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ប្រទេស​ចិន វា​គួរតែ​ប្រជាជន​ចិន​ទេ ជា​អ្នក​សួរ មិនមែន​អ្នកកាសែត​បរទេស​ទេ​។ លោក ក៏​ប្រាប់​ឲ្យ​អ្នកកាសែត កុំ​សួរ​សំណួរ ដែល​គ្មាន​ការទទួលខុសត្រូវ​បែបនេះ បើទោះជា​ចិន មាន​ឆ​ន្ទះ​ទទួល​យោបល់​ក៏ដោយ ក៏​ចិន​មាន​សិទ្ធិ​បដិសេធចោល​ដែរ​៕  


Tag:
 ​វ៉ាង​យី​
  ​ចិន​
 ​ សិទ្ធិមនុស្ស​
 ​កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com