ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម កឹម សុខា ស្រក​គីឡូ​!
03, Jun 2016 , 10:51 am        
រូបភាព
 
​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា កំពុងស្នាក់នៅ​ទីស្នាក់ការ​គណបក្ស ។ នៅពេលនេះ​ឯកឧត្តម កឹម សុខា មាន​សុខភាព​ល្អជា​ធម្មតា​ទេ ប៉ុន្ដែ​ស្រក​គីឡូ ស្គម​ជាង​មុន​។ នេះ​ជាការ​បញ្ជាក់​របស់លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​។​


​លោក អេង ឆៃអ៊ាង បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មូល​ហេតុដែល​ឯកឧត្តម កឹម សុខា ស្រក​គីឡូ​ស្គម​ជាមុន ដោយសារតែ​លោក​មាន​ការគិត​ច្រើន​ក្នុង​ការរក​ដំណោះស្រាយ​នយោបាយ ជាពិសេស​មានការ​ទទួល​ជួប​សមាជិក សមាជិកា អ្នកគាំទ្រ​ច្រើន​នៅ​ទីស្នាក់ការ​គណបក្ស​ទើប​មិនសូវ​បាន​សម្រាក ។ 
 
​បើ​និយាយ​ពី​ការ​ទទួលទាន​វិញ លោក អេង ឆៃអ៊ាង អះអាងថា ឯកឧត្តម កឹម សុខា តែងតែ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​គ្រួសារ និង​មន្ត្រី​បក្ស ដោយមាន​ការរៀបចំ​ចំណី​ម្ហូបអាហារ​តាម​តម្រូវការ និង​ទម្លាប់​ប្រចាំថ្ងៃ​របស់​ឯកឧត្តម កឹម សុខា​។ 
 
​ក្រោយពី​រង​បទ​ចោទ​ផ្ទួនៗ​ពី​តុលាការ និង​រង​ការចាប់ខ្លួន​ពី​សមត្ថកិច្ច ឯកឧត្តម កឹម សុខា កំពុងស្នាក់នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ​ទេ​។ ឯកឧត្តម កឹម សុខា ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» ក្នុងនាម​ជា​សាក្សី​លើ​សំណុំរឿង សញ្ចារកម្ម តាម​មាត្រា​៥៣៨​នៃ​ក្រមព្រហ្មទណ្ឌ កាលពី​ថ្ងៃទី​២៦ ឧសភា ដោយ​អយ្យការ​បញ្ជាក់ថា ជា​បទល្មើស​ជាក់ស្តែង ។ កាលពី​ថ្ងៃទី​០២ មិថុនា ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ លោក ថា​ន់ ឡេង បានចេញ​ដីកា​បង្គាប់​ឲ្យ​ឯកឧត្តម កឹម សុខា ចូលខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​នៅ​ថ្ងៃទី ១៤ មិថុនា ដើម្បី​សាកសួរ​ពី​ដំណើររឿង​ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» ក្នុងនាម​ជា​សាក្សី​នេះ​។ 
 
​កន្លងមក​អ្នកនាំពាក្យ​នៃ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព អះអាងថា នីតិវិធី​របស់​តុលាការ​លើ​ករណី​ឯកឧត្តម កឹម សុខា ពេលនេះ​គឺ​ត្រឹមត្រូវ​តាមច្បាប់ ហើយ​ក្នុងករណី​បទល្មើស​ជាក់ស្តែង​នេះ អភ័យឯកសិទ្ធិសភារ​បស់​ឯកឧត្តម កឹម សុខា មិនអាច​រារាំង​ដំណើរការ​នីតិវិធីតុលាការ​ឡើយ​។​
 
​តែ​សម្រាប់​លោក អេង ឆៃអ៊ាង នីតិវិធីតុលាការ​លើ​ដំណើររឿង​របស់​ឯកឧត្តម កឹម សុខា គឺ​មិន​ត្រឹមត្រូវ​នោះទេ ដោយ​ផ្ទុយ​ពី​ច្បាប់រដ្ឋធម្មនុញ្ញ មាត្រា ៨០ ស្តីពី អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​។ លោក​ថា បញ្ហា​នេះ​គឺជា​រឿង​នយោបាយ ដោយ​លោក​ទទូច​ឲ្យ​ដៃគូរ​សន្ទនា​ខ្លួន ចូល​តុ​ចរចា​ជាមួយគ្នា​ដើម្បី​បន្ថយ​ភាព​តានតឹង​នយោបាយ​នេះ​៕

Tag:
 កឹម សុខា​
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com