អន្តរជាតិ
អាល្លឺម៉ង់​បញ្ឆេះ​កំហឹង​តួ​ក​គី ដោយ​ទទួលស្គាល់​ការ​ប្រល័យពូជសាសន៍​នៅ​អា​មេ​នី
03, Jun 2016 , 3:39 pm        
រូបភាព
​អាល្លឺម៉ង់ បានប្រកាស​ទទួលស្គាល់ ការសម្លាប់​ជនជាតិ​អា​មេ​នី ក្នុងអំឡុងពេល​សង្គ្រាម​លោក​លើក​ទី​១ ពី​សំណាក់​ចក្រភព​អូ​តូ​ម៉​ង់ ជា​អំពើ​ប្រល័យពូជសាសន៍ បន្ទាប់ពី​សភា​ប្រទេស​នេះ អនុម័ត​ទទួលស្គាល់​រួចមក​។ វា​ច្បាស់​ណាស់​ថា ការទទួលស្គាល់​នេះ នឹងធ្វើ​ឲ្យ​តួ​ក​គី ខឹងសម្បារ​ខ្លាំង​មិន​ខាន ដ្បិត​តួ​ក​គី តែងតែ​បដិសេធ​ទទួលស្គាល់​ការសម្លាប់​រង្គាល​លើ​ជនជាតិ​អា​មេ​នី​ក្នុង​ចន្លោះ​ឆ្នាំ​១៩១៥ ដល់​ឆ្នាំ​១៩១៧ ជា​អំពើ​ប្រល័យពូជសាសន៍​រហូតមក​។​



សូមស្ដាប់ព័ត៌មានលម្អិត៖



​រដ្ឋសភា​អាល្លឺម៉ង់ (Bundestag) បានអនុម័ត​លើ​សេចក្ដីសម្រេច ទទួលស្គាល់​ការសម្លាប់​រង្គាល​លើ​ជនជាតិ​អា​មេ​នី ដោយ​ទាហាន​អូ​តូ​ម៉​ង់ ក្នុង​ឆ្នាំ​១៩១៥ ជា​សកម្មភាព​ប្រល័យពូជសាសន៍​។ សមាជិកសភា មកពី​គ្រប់​គណបក្ស​ដែលមាន​សំឡេង​ក្នុង​សភា ឯកភាពគ្នា​លើ​ញត្តិ ដែល​ត្រូវបាន​ដាក់​ដោយ​រដ្ឋាភិបាល​ចម្រុះ របស់​អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel និង​ក្រុម​បក្សប្រឆាំង​បៃតង នៅ​ថ្ងៃទី​០២ ខែមិថុនា​។

​ជនជាតិ​អា​មេ​នី ប្រមាណ​១.៥​លាន​នាក់ ត្រូវបាន​សម្លាប់​នៅក្នុង​ជម្លោះ​ជនជាតិភាគតិច និង​និរទេស ដោយ​ទាហាន​អូ​តូ​ម៉​ង់​ចាប់ពី​ឆ្នាំ​១៩១៥ ដល់​ឆ្នាំ​១៩១៧ គឺ​ក្នុងសម័យ​សង្គ្រាមលោកលើកទី​១​។ ចំណែកឯ តួ​ក​គី ក៏​ទទួលស្គាល់ថា មាន​ជនជាតិ​អា​មេ​នី ត្រូវបាន​សម្លាប់​ផងដែរ ប៉ុន្តែ​មិនបាន​ចាត់ទុកជា សកម្មភាព​ប្រល័យពូជសាសន៍​ទេ ជាមួយនឹង​ការអះអាង​ថា ចំនួន​នៃ​អ្នកស្លាប់ មានតែ​៣​សែន​នាក់​ទេ​។ 

​យ៉ាងណាមិញ សេចក្ដីសម្រេច​របស់​ស​ភា​អាល្លឺម៉ង មិនមាន​លក្ខណៈ​ផ្លូវច្បាប់ ដើម្បី​ចាប់បង្ខំ​អ្វី​នោះទេ​។ នេះ​គ្រាន់តែ ជាការ​សម្រេច​តាម​គោលការណ៍​សីលធម៌ មិនមាន​ឥទ្ធិពល​នយោបាយ​ឡើយ​។ ប៉ុន្តែ ច្បាស់​ណាស់​ថា តួ​ក​គី ប្រាកដជា​ខឹងសម្បារ​ខ្លាំង លើ​ការទទួលស្គាល់​នេះ ហើយនឹង​មានប្រតិកម្ម​តប​វិញ​មិន​ខាន​។ តួ​ក​គី ហៅ​ការទទួលស្គាល់​នេះ ថា ខ្វះ​ការគោរព និង​ការយល់ដឹង​។​

១. តួ​ក​គី ខឹង​អាល្លឺម៉ង់​យ៉ាងខ្លាំង និង​កោះហៅ​អគ្គរដ្ឋទូត​ខ្លួន ត្រលប់​ទៅវិញ
​ភ្លាមៗ​បន្ទាប់ពី រដ្ឋសភា​អាល្លឺម៉ង់ ប្រកាស​ទទួលស្គាល់​ការសម្លាប់​រង្គាល​លើ​ជនជាតិ​អា​មេ​នី ជា​អំពើ​ប្រល័យពូជសាសន៍ រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា បាន​កោះហៅ​អគ្គរដ្ឋទូត​របស់ខ្លួន ប្រចាំ​ក្រុង​បែរ​ឡាំង ត្រលប់​ចូល​ស្រុក​វិញ ដើម្បី​ផ្ដល់​ប្រឹក្សា​លើ​បញ្ហា​នេះ​។ ជាមួយគ្នា​នោះ រដ្ឋាភិបាល​តួ​ក​គី ក៏បាន​កោះហៅ​មន្ត្រី​ទូត​ជាន់ខ្ពស់​របស់​អាល្លឺម៉ង់ នៅ​តួ​ក​គី​ទៅកាន់​ក្រសួង​ការ​បរ​ទស​ផងដែរ​។ 

​ទន្ទឹមនឹងនេះ បើតាម​ទីភ្នាក់ងារ Reuters កងកម្លាំង​ប្រឆាំង​កុបកម្ម ត្រូវបាន​ពង្រាយ​នៅ​ជុំវិញ ស្ថានទូត​អាល្លឺម៉ង់ ខ្លាចក្រែង​មាន​តវ៉ា​ណាមួយ​។ ប្រធានាធិបតី​តួ​ក​គី លោក Tayyip Erdogan ដែល​កំពុង​ទស្សនកិច្ច​នៅ​កេ​ន​យ៉ា ក៏​ចេញមក​ប្រតិកម្ម​ខ្លាំងៗ លើ​ការសម្រេច​នេះដែរ​។ លោក Erdogan បញ្ជាក់ថា រឿងនេះ នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង​តួ​ក​គី និង​អាល្លឺម៉ង់ ហើយ​រដ្ឋាភិបាល​របស់​លោក នឹង​ពិចារណា ពី​ជំហាន​ដែល​ត្រូវធ្វើ​បន្ទាប់​ទៀត​។​

​ក្រៅពី​ប្រធានាធិបតី Erdogan រដ្ឋមន្ត្រីការបរទេស​តួ​ក​គី លោក Mevlut Cavusoglu ក៏បាន​រិះគន់​ការអនុម័ត ពី​សំណាក់​រដ្ឋសភា​អាល្លឺម៉ង់​ដែរ​។ តាមរយៈ​បណ្ដាញ​សង្គម Twitter លោក Mevlut និយាយថា វិធី​នៃ​ការបិទ​ទំព័រ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ មិនមែន​ធ្វើ​ឲ្យ​ប្រទេស​ដទៃ​ស្អុយឈ្មោះ ជាមួយនឹង​ការសម្រេចចិត្ត ដែល​មិនមាន​ការទទួលខុសត្រូវ និង​គ្មាន​មូលដ្ឋាន​នោះទេ​។

២. កិច្ចព្រមព្រៀង​ជនភៀសខ្លួន​រវាង​អឺរ៉ុប និង​តួ​ក​គី ទំនង​រង្គើ ដោយសារ​បញ្ហា​នេះ​
​ការសម្រេច​ទទួលស្គាល់​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​អា​មេ​នី​នៅពេលនេះ មិនមែនជា​ល្អ​ប៉ុន្មាន​នោះទេ​។ នេះ​ក៏​ដោយសារតែ លោកស្រី Merkel និង​អឺរ៉ុប​ទាំងមូល កំពុងតែ​ត្រូវការ​តួ​ក​គី​ខ្លាំង លើ​បញ្ហា​ជនភៀសខ្លួន​មកពី​តំបន់​មជ្ឈិមបូព៌ា​។ នៅពេលនេះ ទំនាក់ទំនង​ការទូត នឹង​ធ្លាក់ចុះ ដែល​នេះ​ទំនង ជា​ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​ដោះស្រាយ​លំហូរ​ជន​ភៀស ចូលមក​តំបន់​អឺរ៉ុប​។​

​យោងតាម​កិច្ចព្រមព្រៀង​ក្នុង​ខែមីនា តួ​ក​គី​ព្រម​ទទួល​ជនភៀសខ្លួន​ទាំងអស់​ត្រលប់​មកវិញ ដោយ​រួមទាំង​ជនជាតិ​ស៊ី​រី ដែល​មកដល់​ច្រាំង​ប្រទេស​ក្រិ​ក​។ ជា​ថ្នូរ​ទៅវិញ អឺរ៉ុប នឹង​ផ្ដល់ជំនួយ​រាប់លាន​ដុល្លារ ក៏ដូចជា​ការអនុញ្ញាត​ឲ្យ​ជនជាតិ​តួ​ក​គី ធ្វើដំណើរ​ទៅកាន់​ទឹកដី​អឺរ៉ុប ដោយ​មិន​ចាំ​ចាច់​មាន​ទិដ្ឋាការ​ទេ​។​

​យ៉ាងណាក្ដី ពី​អា​សង់​ទីន រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ លោក Frank-Walter Steinmeier បកស្រាយ​ថា រឿងនេះ នឹងមិន​ធ្វើ​ឲ្យ​តួ​ក​គី ប្រតិកម្ម​ហួសហេតុ​ពេក​ទេ​។ លោក​និយាយ​ដែរ​ថា ដូច​ការរំពឹងទុក តួ​ក​គី នឹង​ឆ្លើយតប ហើយ​ភាគី​ទាំងពីរ នឹង​អាច​គ្រប់គ្រង​ស្ថានភាព​នេះ​បាន ក្នុង​ថ្ងៃ​បន្ទាប់ ឬ​សប្ដាហ៍​បន្ទាប់​។

៣. អ្វី ជាការ​សម្លាប់​រង្គាល​លើ​ជនជាតិ​អា​មេ​នី​?
​ការសម្លាប់​រង្គាល​លើ​ជនជាតិ​អា​មេ​នី ដែល​រស់​នៅលើ​ទឹកដី អូ​តូ​ម៉​ង់ ចាប់ផ្ដើម​ក្នុង​ឆ្នាំ​១៩១៥  ដោយ​រដ្ឋាភិបាល អូ​តូ​ម៉​ង់ បានសម្លាប់​អ្នកប្រាជ្ញ​ជាតិ​អា​មេ​នី​រាប់រយ​នាក់​។ បន្ទាប់ពីនោះ ជនជាតិ​អា​មេ​នី​រាប់លាន​នាក់​ទៀត ត្រូវបាន​បណ្ដេញ​ចេញពី​ផ្ទះ និង​ត្រូវ​បង្ខំ​ឲ្យ​ធ្វើដំណើរ​ទៅកាន់​វាល​ខ្សាច់ ដោយ​គ្មាន​ចំណីអាហារ និង​ទឹក​ឡើយ រហូតដល់​ពួកគេ ស្លាប់​ទាំងអស់​។​

​ជនជាតិ​អា​មេ​នី ដែល​រស់រានមានជីវិត​សព្វថ្ងៃ ចាត់ទុក​នេះ ជា​អំពើ​ប្រល័យពូជសាសន៍​ជា​ប្រព័ន្ធ លើ​ទឹកដី​ប្រវត្តិសាស្ត្រ​របស់​ពួកគេ ដែល​បច្ចុប្បន្ន​ស្ថិតក្នុង​ទឹកដី​តួ​ក​គី​។ មិនមែន​តែ​ជនជាតិ​អា​មេ​នី​ផ្ទាល់​ទេ សូម្បីតែ​ប្រទេស​មួយចំនួន​២០​ទៀត រួមមាន បារាំង រុស្សី ព្រមទាំង​សភា​អឺរ៉ុប​ដែរនោះ សុទ្ធតែ​ចាត់ទុក​ការសម្លាប់​នេះ ជា​អំពើ​ប្រល័យពូជសាសន៍​៕


Tag:
 អឺរ៉ុប​
 ​ អាល្លឺម៉ង់​
  ​អា​មេ​នី​
  ​តួ​ក​គី
© រក្សាសិទ្ធិដោយ thmeythmey.com