អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី រិះគន់​ការអនុវត្ត​ទោស​ប្រហារជីវិត​
04, Jun 2016 , 6:59 pm        
រូបភាព
 
 
​អតីត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Bacharuddin Habibie បាន​ចេញមក​រិះគន់​ការប្រើប្រាស់​ទោស​ប្រហារជីវិត ដែល​នៅតែ​បន្ត​អនុវត្ត​នៅក្នុង បើទោះជា​មានការ​ដាក់​ស​ម្ពា​ធ ពី​សំណាក់​សហគមន៍​អន្តរជាតិ​ក៏ដោយ​។ លោក អះអាងថា មនុស្ស​ទាំងអស់​មាន​សិទ្ធិ​រស់រានមានជីវិត​ដូចៗ​គ្នា​ដែរ​។  

 
​ស្របពេល​ពិភពលោក កំពុង​រួមគ្នា​លុបបំបាត់​ការដាក់ទោស​ប្រហារជីវិត នៅឯ​ឥណ្ឌូណេស៊ី​ឯណោះ អតីត​ប្រមុខរដ្ឋ លោក Bacharuddin Habibie បាន​បរិហារ​ការអនុវត្ត​ទោស​ធ្ងន់​បែបនេះ ក្នុងប្រទេស​ឥស្លាម​ធំជាងគេ​លើ​ពិភពលោក​។ លោក Habibie ដែលជា​ប្រធានាធិបតី​ទី​បី របស់​ឥណ្ឌូណេស៊ី និយាយថា​៖« គ្មាន​នរណាម្នាក់ មាន​សិទ្ធិ​យក​ជីវិត​អ្នកដទៃ​ទេ ព្រោះ​វា​ជា​សិទ្ធិផ្ដាច់មុខ របស់​ព្រះ​ជា​ម្ចាស​»​។   
 
​អតីត​ប្រធានាធិបតី​រូបនេះ លើកឡើង​ដូច្នេះ ខណៈ​លោក​សម្ពោធ​សៀវភៅ « Politik Hukuman Mati di Indonesia (​នយោបាយ​នៃ​ទោស​ប្រហារជីវិត​នៅ​ឥណ្ឌូណេស៊ី​)» ក្នុង​រដ្ឋធានី​ហ្សា​ការ​តា កាលពីពេល​ថ្មីៗ​នេះ​។ លោក ត្រូវបាន​ស្រង់​សំដី ដោយ​កាសែត Sydney Morning Herald ថា​៖« ប្រសិនបើ​អ្នក​សួរថា Habibie! តើ​លោ​កមានអ្វី​ចង់​និយាយ​លើ​ទោស​ប្រហារជីវិត​ទេ​? ចម្លើយ​គឺ ខ្ញុំ​មិន​យល់ស្រប​ទេ​»​។  
 
​ការរិះគន់​របស់លោក Habibie ជាការ​បន្ថែម​ទម្ងន់​លើ​ចលនា​ប្រឆាំង​ទោស​ប្រហារជីវិត ក្នុង​ឥណ្ឌូណេស៊ី​។ ភាគច្រើន នៃ​អ្នក​ដែល​មានទោស​ប្រហារជីវិត គឺមាន​ទោស​ពីបទ ឧក្រិដ្ឋកម្ម​ទាក់ទង​គ្រឿងញៀន ខណៈដែល​ប្រទេស ត្រូវគេ​ស្គាល់​ថា ជា​ប្រទេស​ដែលមាន​គោលជំហរ​ដាច់ខាត​ចំពោះ​អ្នកទោស​ពាក់ព័ន្ធ​គ្រឿងញៀន​។ 
 
​ជុំវិញ​បញ្ហា​នេះដែរ របាយការណ៍​ស្ដីពី​ការអនុវត្ត​ទោស​ប្រហារជីវិត ដែល​ចេញ​ដោយ​អង្គការ​លើកលែងទោស​អន្តរជាតិ បង្ហាញថា ឥណ្ឌូណេស៊ី ត្រូវបាន​រកឃើញថា មានការ​ដាក់ទោស​ប្រហារជីវិត ច្រើនជាង​៤៦​ករណី និង​បាន​អនុវត្ត​ទោស ដោយ​ការបាញ់ ចំនួន​១៤​ករណី ក្នុង​ឆ្នាំ​២០១៥​។ ការសម្លាប់​អ្នកទោស​ច្រើន​បែបនេះ ធ្វើ​ឲ្យ​អន្តរជាតិ តវ៉ា​យ៉ាងខ្លាំង​។  
 
​យ៉ាងណាមិញ ឥណ្ឌូណេស៊ី មិនបាន​ខ្វល់​នឹង​ការតវ៉ា​នេះ​ទេ​។ ការិយាល័យ​រដ្ឋអាជ្ញា​ឥណ្ឌូណេស៊ី បានប្រកាសថា កាលបរិច្ឆេទ នៃ​ការប្រហារជីវិត​បន្ទាប់ នឹងធ្វើ​នៅក្រោយ​ពិធីបុណ្យ Ramadan ដែល​ការប្រហារជីវិត​នេះ នឹង​ចាប់ផ្ដើម​ពី​ខែមិថុនា ដល់​ដើមខែ​កក្កដា​។ ហើយ​ក្នុងចំណោម​អ្នកទោស​ច្រើនជាង​១៣០​នាក់ ដែល​រងចាំ​ការប្រហារជីវិត មាន​មួយចំនួន​ជា​ជនបរទេស​ផងដែរ​។​
 
​សូម​រម្លឹក​ដែរ​ថា ទាក់ទិន​នឹង​បញ្ហា​នេះ ក្នុង​ដំណើរ​ទៅកាន់​អឺរ៉ុប កាលពី​ខែមេសា ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) បានការ​ពារ​ជំហរ​ប្រទេស​លោក ដែល​បន្ត​ប្រើ​ទោស​ប្រហារជីវិត​។ នេះ​ក៏ដោយ​សារ ទោស​នេះ​ត្រូវបាន​ប្រើ​សម្រាប់ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​គ្រឿងញៀន ញញើត ខណៈ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ចាត់ទុក​កា​រត់ពន្ធ​គ្រឿងញៀន ជា​បញ្ហា​អាសន្ន​។ បើតាម លោក ចូ​កូ មនុស្ស​ពី​៣០​នាក់ ទៅ​៥០​នាក់ បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ ដោយសារ​ថ្នាំញៀន​៕ 
 

Tag:
 ឥណ្ឌូណេស៊ី​
 ​ទោស​ប្រហារជីវិត​
© រក្សាសិទ្ធិដោយ thmeythmey.com