អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អូ​បា​ម៉ា ប្រាប់​ព្រឹទ្ធសភា​ផ្ដល់​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ​អន្តរជាតិ​
04, Jun 2016 , 12:59 pm        
រូបភាព
 
 
​ប្រធានាធិបតី​អាមេរិក បានស្នើ​ឲ្យ​ព្រឹទ្ធសភា ផ្ដល់​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ​១៩៨២ (UNCLOS) ក្នុង​ក្ដី​សង្ឃឹមថា នឹង​ជួយ​ពង្រឹង​អំណាច​លោក ប្រឈមមុខ​ជាមួយ​ចិន លើ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ អាមេរិក ដែលជា​រដ្ឋ​ខាងក្រៅ នៃ​ជម្លោះ​បាន​លូកដៃ​ចូលក្នុង​ជម្លោះ​នេះ ខណៈ​សម្ព័ន្ធមិត្ត​របស់​ខ្លួន ជា​ភាគី​ពាក់ព័ន្ធ ដោយផ្ទាល់​ក្នុង​រឿងនេះ​។

 
​ប្រមុខរដ្ឋ​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ទទូច​ទៅ​ព្រឹទ្ធសភា​អាមេរិក ឲ្យ​អនុម័ត​លើ​ច្បាប់​សមុទ្រ​អន្តរជាតិ ដែលជា​គោលការណ៍​ដោះស្រាយ​ជម្លោះដែនសមុទ្រ​នៅលើ​ពិភពលោក ខណៈ​អាមេរិក នៅ​មិនទាន់​ផ្ដល់​សច្ចាប័ន​លើ​ច្បាប់​អន្តរជាតិ​នេះ នៅឡើយ​ទេ​។ ការទទូច​របស់លោក អូ​បា​ម៉ា ធ្វើឡើង​ចំពេល​ដែល អាមេរិក កំពុង​លូកដៃ​ជ្រៅ ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​ចិន ជា​មហាអំណាច ទាមទារ​ទឹកដី​នៅ​ទីនោះ​។ 
 
​ថ្លែង​ពីសា​លា​ទ័ព​ជើង​អាកាស នៅ​ថ្ងៃទី​០២ ខែមិថុនា ប្រធានាធិបតី​អាមេរិក និយាយថា ព្រឹទ្ធសភា គួរតែ​យល់ព្រម លើ​ច្បាប់​សមុទ្រ​នេះ ដែលមាន​លទ្ធភាព​ដោះស្រាយ​រាល់​បញ្ហា​ដែនសមុទ្រ​ទាំងអស់​។ ការស្នើ​ដូចនេះ ក៏​ដោយសារតែ ក្នុង​អាណត្តិ​របស់លោក មានការ​កើនឡើង​យ៉ាងខ្លាំង ទាំង​សកម្មភាព​យោធា និង​ការទូត លើ​ការទាមទារ​របស់​ក្រុង​ប៉េកាំង លើ​ដែន​អធិបតេយ្យ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ 
 
«​ប្រសិន​យើង​ពិតជា​ព្រួយបារម្ភ សកម្មភាព​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ព្រឹទ្ធសភា គួរតែ​ជួយ​ក្នុងករណីនេះ ដោយ​យល់ព្រម​ផ្ដល់​សច្ចាប័ន លើ​អនុសញ្ញា​ស្ដីពី​ច្បាប់​សមុទ្រ​»​។ នេះ​ជាការ​លើកឡើង​របស់លោក អូ​បា​ម៉ា ដែល​ផ្សាយ​ដោយ​កាសែត Bangkok Post​។ 
 
​តំបន់​សមុទ្រ​ចិន​ខាងត្បូង ត្រូវបាន​ទទួលស្គាល់ថា ជា​តំបន់​ធ្វើ​នាវាចរន៍​ដ៏​សំខាន់ ក្នុង​តំបន់​។ មិនតែប៉ុណ្ណោះ គេ​ជឿថា តំបន់​នេះ ពោរពេញ​ទៅដោយ​ធនធាន​រ៉ែ និង​ថាមពល យ៉ាងច្រើន​។ ប៉ុន្តែ តំបន់​នេះ ក៏​ជាទី​តាំង​ប្រទាញប្រទង់ រវាង​មហា​យក្ស​ចិន និង​ប្រទេស​មួយចំនួនទៀត ដែល​ទាមទារ​ការគ្រប់គ្រង​លើ​តំបន់​នេះ​ដូចគ្នា​ដែរ​។​
 
​ទន្ទឹមនឹង​ការទាមទារ​តាមផ្លូវ​ការទូត ចិន ដែលជា​មហា​យក្ស​ពិភពលោក ក៏​ពង្រីក​សកម្មភាព​យោធា ទៅកាន់​តំបន់​ជម្លោះ​នេះ​ផងដែរ​។ ការពង្រាយ​នេះ ធ្វើ​ឲ្យ​ប្រទេស​ទាមទារ​ដទៃទៀត ព្រួយបារម្ភ​យ៉ាងខ្លាំង និង​បាន​ងាក​ទៅ​ចាប់ដៃ​ក្រុង វ៉ាស៊ីនតោន ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​។ 
 
​ជាមួយនឹង​សកម្មភាព​យោធា​របស់​ចិន​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ប្រធានាធិបតី អូ​បា​ម៉ា បាន​បញ្ជា​ឲ្យ​បញ្ជូន នាវា​អាមេរិក​ទៅកាន់​កន្លែង​មាន​ជម្លោះ ដោយ​អះអាងថា ជា​សិទ្ធិសេរីភាព​នាវាចរណ៍​។ មួយវិញទៀត ក្រុង​វ៉ាស៊ីនតោន ជឿថា ការមិន​ទាន់​ផ្ដល់​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ​អន្តរជាតិ ជាការ​បង្អាប់​ជំហរ​របស់​អាមេរិក ដែល​តែងតែ​ចង់​ដោះស្រាយ​ជម្លោះ ដោយ​សន្តិវិធី​៕
 
 
 
        

Tag:
 បា​រ៉ា​ក់​អូ​បា​ម៉ា​
 ​អាមេរិក​
 ​សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com