អន្តរជាតិ
សិង្ហ​បុរី ដាក់​ទីតាំង​ច្រើនជាង​៤០០ ជា​កន្លែង​គ្មាន​ផ្សែង​បារី
05, Jun 2016 , 8:39 pm        
រូបភាព
 
 
​សិង្ហ​បុរី បានប្រកាស​ដាក់​ទៅ​តាំង​ច្រើនជាង​៤០០​កន្លែង ជាទី​តាំង​គ្មាន​ផ្សែង​បារី ដើម្បី​រក្សា​បរិស្ថាន លើ​កោះ​តូច​នេះ​។ ការដាក់​ទីតាំង​ថ្មីៗ​នេះ ជាការ​បន្ថែម​លើ​ទីតាំង​ជាច្រើន ដែលមាន​ស្រេច ក្នុង​គោលដៅ​លើកកម្ពស់​សោភ័ណភាព​ទីក្រុង ឲ្យ​កាន់តែ​ស្រស់បំព្រង​។

 
​ចាប់ពី​ថ្ងៃទី​០១ ខែមិថុនា អាជ្ញាធរ​សិង្ហ​បុរី បានដាក់​កន្លែង​ស្តុក​ទឹក និង​សួនច្បារ​ច្រើនជាង​៤០០ កន្លែង ដែល​រួមទាំង​ទីតាំង​ឯកជន និង​សាធារណៈ ទៅក្នុង​បញ្ជី​តំបន់ ដែល​គ្មាន​ផ្សែង​បារី​។ កាលពីមុន ការជក់បារី ត្រូវបាន​ហាមឃាត់ ក្នុង​ទីតាំង​ចំនួន​ច្រើនជាង​បី​ម៉ឺន​កន្លែង ដែល​រួមមាន ផ្សារ​ទំនើប រោងកុន និង​មន្ទីរពេទ្យ ជាដើម​។  
 
​ការកំណត់​ថ្មី​នេះ មាន​រយៈពេល​បី​ឆ្នាំ បន្ទាប់ពី​ការហាម​ជក់បារី ត្រូវបាន​ពង្រីក​វិសាលភាព លើ​តំបន់​មួយចំនួន ដូចជា ដំបូល​អាគារ​ដែល​ទំនេរ ផ្លូវ​ដើរ ស្ពាន ព្រមទាំង​ទីតាំង ដែលមាន​ចម្ងាយ​៥​ម៉ែត ពី​ចំណត​ឡានក្រុង​។ 
 
​ទាក់ទិន​នឹង​វិធានការ​ថ្មី​នេះ លោកស្រី Amy Khor មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល ទទួលបន្ទុក​បរិស្ថាន និង​ធនធានទឹក បាន​ថ្លែង​ទៅកាន់​សភា កាលពី​ខែមេសា ថា គោលដៅ​វែងឆ្ងាយ​របស់​រដ្ឋាភិបាល គឺ បំបាត់​ការជក់បារី​ឲ្យ​អស់ ពី​ទីសាធារណៈ​នានា​។ ហើយ​វា នឹង​ជួយ​ការពារ​អ្នក​ដែល​មិន​ជក់បារី ចៀស​ផុតពី​ផលវិបាក បណ្ដាលមកពី​ការ​ស្រូប​ផ្សែង​បារី​។ 
 
​បើ​យោងតាម​ការ​ស្ទាបស្ទង់​សុខភាព​ថ្នាក់ជាតិ ១៤.៣​ភាគរយ នៃ​ប្រជាជន​សិង្ហ​បុរី ដែលមាន​អាយុ​ចន្លោះ​ពី​១៨ ទៅ​៦៩​ឆ្នាំ ជា​អ្នក​ជក់បារី​។ យ៉ាងណាមិញ ដើម្បី​ផ្ដល់​ពេលវេលា​ឲ្យ​អ្នក​ជក់បារី សម្រប​ខ្លួន​នឹង​បទបញ្ជា​ថ្មី អ្នក​ដែល​រកឃើញថា អុជ​បារី ក្នុង​តំបន់​ស្តុក​ទឹក ឬ​ឧទ្យាន ក្នុង​រយៈពេល​បី​ខែ​ដំបូង នឹង​ទទួល​ល​ការព្រមាន​សិន​ប៉ុណ្ណោះ​។ 
 
​ទីភ្នាក់ងារ​បរិស្ថាន​ជាតិ​សិង្ហ​បុរី (NEA) បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​អ្នក​ជក់បារី ដែល​នៅតែ​ប្រ​ពឹ​ត្តិ​ដដែល បើទោះជា​រង​ការព្រមាន​នោះ នឹងត្រូវ​រង​ពិន​ន័យ​មិនខានឡើយ​។ ការពិន័យ ចំពោះ​ការជក់បារី​ក្នុង​តំបន់​ផ្ទះ​ឯកជន ដែល​នៅ​ជិត​ឧទ្យាន NPark គឺមាន​ដល់​២​ពាន់​ដុល្លារ​ឯណោះ ខណៈដែល ក្នុង​តំបន់ហាមឃាត់​ផ្សេងទៀត នឹង​ពិន័យ​ដល់​ទៅ​១​ពាន់​ដុល្លារ​។ កាលពី​ឆ្នាំមុន មាន​ករណី​ពិន័យ រហូតដល់​ទៅជិត​ពីរម៉ឺន​។​
 
​លើសពីនេះ ទីតាំង​ជាច្រើន​ទៀត ក៏ត្រូវ​ដាក់បញ្ចូល​ក្នុង​បញ្ជី​ទីតាំង គ្មាន​ផ្សែង​បារី​ផងដែរ ដូចជា ទីតាំង​ដែល​គ្រប់គ្រង​ដោយ JTC Corporation និង​ក្រុមប្រឹក្សា​ទីក្រុង ក៏ដូចជា​សួន Yunnan ដែល​ស្ថិតក្នុ្ង​តំបន់ Jurong West​។ ចំណែកឯ ទីតាំង​មួយចំនួនទៀត ដែល​គ្រប់គ្រង​ដោយ​កងទ័ព និង​ក្រសួងមហាផ្ទៃ នឹងត្រូវ​ដាក់​ក្រោម​ច្បាប់​ស្ដីពី​ការហាម​ជក់បារី​។ ទីភ្នាក់ងារ NEA និយាយថា បទបញ្ញត្តិ​ថ្មី​នេះ មិនបាន​ផ្លាស់ប្ដូរ​ការពិន័យ ដែល​ស្ថាប័ន​ទាំងពីរ បុគ្គល ដែល​ល្មើស​នោះទេ​។ មួយវិញទៀត NEA បញ្ជាក់ដែរថា ម្ចាស់​នៃ​ទីតាំង ដែល​ប៉ះពាល់​ដោយ​បញ្ជា​ថ្មី​នេះ អាច​កំណត់​កន្លែង​ជក់បារី ក្នុង​ទីតាំង​ខ្លួនឯងបាន​៕

Tag:
 សិង្ហ​បុរី​
 ​បារី​
© រក្សាសិទ្ធិដោយ thmeythmey.com