អន្តរជាតិ
សមុទ្រ​ចិន​ខាងត្បូង​៖ មាន​ប្រទេស​ធំ​ខ្លះ ជួយ​ប្រទេស​តូច ឲ្យ​ហ៊ាន​រករឿង​ចិន​
06, Jun 2016 , 8:39 pm        
រូបភាព
​មេបញ្ជាការ​ជាន់ខ្ពស់​នៃ​កងទ័ព​ចិន នាយ​ឧ​ត្ត​មនា​វី Sun Jianguo បាន​ប្រតិកម្ម​ខ្លាំង​ទៅនឹង​ការអធិប្បាយ​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិក លោក Ash Carter ដែលថា ចិន កំពុងតែ ចង់​ផ្ដាច់ខ្លួន​ពី​ពិភពលោក តាមរយៈ​ការបង្កើត «​មហា​កំផែង​នៃ​ភាព​ឯកា​ខ្លួនឯង​»​។ លោក Sun ក៏បាន​បញ្ជាក់​ពី​ជំហរ​របស់​ចិន ចំពោះ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង និង​បាន​រិះគន់​ដល់​ការ​លូកដៃ​ចូល របស់​អាមេរិក​មក​ក្នុង​បញ្ហា​នេះ​ផងដែរ​។​



សូមស្ដាប់ព័ត៌មានលម្អិត៖



​ឆ្លៀតឱកាស​នៃ​ការចូលរួម​កិច្ចប្រជុំ​សន្តិសុខ Shangri-La នៅ​សិង្ហ​បុរី មន្ត្រីជាន់ខ្ពស់​កងទ័ព​ចិន លោក Sun Jianguo បាន​ទាត់ចោល​ការចោទប្រកាន់​របស់​អាមេរិក ដែលថា ចិន​កំពុងតែ​ធ្វើ​ឲ្យ​ខ្លួនឯង​ឯកា ជាមួយនឹង​សកម្មភាព​យោធា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ នៅ​ចំពោះមុខ មន្ត្រី​យោធា​ជាន់ខ្ពស់​មកពី​តំបន់​អាស៊ី និង​លោកខាងលិច លោក Sun បាន​រិះគន់​ប្រទេស​មួយចំនួន ដែល​កំពុង​បង្កើត​សង្គ្រាមត្រជាក់ ដោយ​លោក​បញ្ជាក់ថា នៅ​ចុងក្រោយ ពួកគេ នឹង​ឯកា​ខ្លួនឯង​។ ក្រៅពីនោះ លោក​បន្តថា មាន​ប្រទេស​ធំ​ខ្លះ ជួយ​ប្រទេស​តូច ឲ្យ​ហ៊ាន​រករឿង​ចិន​។

​លោក Sun Jianguo ដែលជា​នាយរង​សេនាធិការ​ចម្រុះ​កងទ័ព​ចិន បាន​អះអាង​ដូចនេះ ជាការ​ឆ្លើយតប​នឹង​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិក លោក Ash Carter ដែល​ប្រាប់​ទៅកាន់​កិច្ចប្រជុំ​នេះ​ថា ចិន កំពុង​ប្រថុយ​នឹង​ការកសាង «​មហា​កំផែង​ភាព​ឯកា​»​។ ថ្លែង​នៅ​ថ្ងៃទី​០៤ ខែមិថុនា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ក៏​ទទូច​ឲ្យ​ក្រុង​ប៉េកាំង គោរព​ច្បាប់​អន្តរជាតិ និង​គោរព​សេចក្ដីសម្រេច​របស់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ ដែល​នឹង​ចេញ​នៅពេល​ខាងមុខ​តាម​បណ្ដឹង​របស់​ហ្វីលីពីន​។

​នៅ​ថ្ងៃទី​០៥ ខែមិថុនា ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ចប្រជុំ​នេះ លោក Sun បានបញ្ជាក់​ពី​ជំហរ​ចិន ដែល​មិន​ខ្លាច​ការ​សម្លុត​ណាមួយ​នោះទេ ដោយ​រួមទាំង​ការសម្រេច​របស់​តុលាការអន្តរជាតិ​ផងដែរ​។ លោក Sun ក៏​លើកឡើង​ម្ដងទៀត​ពី​ការបដិសេធ​របស់ខ្លួន លើ​ករណី​សេចក្ដីសម្រេច​របស់​តុលាការ ដោយ​លោក​ពន្យល់ថា តុលាការ ធ្វើការ​ហួស​ព្រំដែន​របស់ខ្លួន ហើយ​ប្រសិនបើ​មានការ​សម្រេច​ណាមួយ ការសម្រេច​នោះ​នឹងត្រូវ​ទុកជា​មោ​ឃៈ​។ 

​បើតាម​កាសែត Today របស់​សិង្ហ​បុរី នាយ​ឧ​ត្ត​មនា​វី​រូបនេះ​និយាយថា ចិន​មិនបាន​បង្កបញ្ហា​នោះទេ ហើយក៏​មិន​ខ្លាច​បញ្ហា​ដែរ​។ ជាមួយគ្នា​នោះ ចិន នឹងមិន​ទទួលខុសត្រូវ​លើ​អ្វីដែល​កើតឡើង ហើយក៏​មិន​អនុញ្ញាត​ឲ្យ​មានការ​រំលោភបំពាន លើ​អធិបតេយ្យភាព និង​ផលប្រយោជន៍​ខ្លួន​ដែរ​។ លោក​និយាយ​ដូចនេះ ទៅកាន់​អ្នកចូលរួម​ជាង​៦០០​នាក់ នៅក្នុង​កិច្ចប្រជុំ Shangri-La រយៈពេល​បី​ថ្ងៃ​។ 

​ទន្ទឹមនឹងនេះ ដោយ​ទំនងជា​សំដៅ​ដល់​ការ​លូកដៃ​របស់​អាមេរិក លោក Sun អះអាងថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ឡើង​កម្ដៅ​ខ្លាំង ដោយសារ​មានការ​ជ្រៀតជ្រែក ពី​រដ្ឋ​ខាងក្រៅ សម្រាប់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ លោក Sun សង្កត់ធ្ងន់ថា ក្រុង​ប៉េកាំង ចង់បាន​ការដោះស្រាយ​ដោយ​សន្តិភាព ហើយ​ចិន ចង់​ដោះស្រាយ​បញ្ហា​នេះ ជា​លក្ខណៈ​ទ្វេភាគី ជាមួយ​ហ្វីលីពីន ខណៈ​លោក Rodrigo Duterte នឹង​ឡើងកាន់តំណែង នាពេលខាងមុខ​។​

​ការឆ្លើយ​ឆ្លង​រវាង មន្ត្រីជាន់ខ្ពស់​ចិន និង​អាមេរិក ធ្វើឡើង​នៅមុន​ការមកដល់ នៃ​ការសម្រេច​របស់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ លើ​ករណី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែល​ប្ដឹង​ជា​ឯកតោភាគី ដោយ​ហ្វីលីពីន​។ យ៉ាងណាក្ដី ចិន​បញ្ជាក់​ជំហរ​ច្បាស់លាស់​រួចហើយ​លើ​រឿងនេះ គឺ​មិន​ទទួល​ការសម្រេច​ណាមួយ និង​ទាមទារ​ការចរចា​ទ្វេភាគី ជំនួស​វិញ​៕ 


Tag:
 ចិន​
 ​ សមុទ្រ​ចិន​ខាងត្បូង​
 ​ អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com