កីឡាជាតិ
ជាតិ
Hun Sen Cup ប្រកួត​បញ្ចប់​ពូ​ល A និង B ដោយ​បឹងកេត ព្រះខ័ន​រាជ និង​ទ័ព អាច​គ្មាន​កីឡាករ​ឆ្នើម​មួយចំនួន​
08, Jun 2016 , 12:13 pm        
រូបភាព
ដោយ:
 
 
​កាលវិភាគ​ប្រកួត​ដែល​មិនគួរ​ឲ្យ​ជឿ និង​ដ៏​ពិបាក​សម្រាប់​ក្រុម​បឹងកេត​អង្គរ ព្រះខ័ន​រាជ​ស្វាយរៀង និង​ក្រសួងការពារជាតិ ដែលមាន​កីឡាករ​របស់ខ្លួន​ទើប​បំពេញបេសកកម្ម​ក្នុង​ក្រុម​ជម្រើសជាតិ​បាន​មួយថ្ងៃ ប៉ុន្តែ​ត្រូវ​បន្ត​កាតា​ព្វ​កិច្ច​បន្ថែមទៀត​សម្រាប់​ក្លិប​ក្នុង​យុទ្ធនាការ​ដណ្តើមពានរ​ង្វាន់​សម្តេច ហ៊ុន សែន នា​ថ្ងៃទី​៨ ខែមិថុនា នេះ​។​

 
​បន្ទាប់ពី​សម្រាក​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ដើម្បី​ទុកពេល​ឲ្យ​កីឡាករ​ដែល​នៅក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រមូលផ្តុំ​ជម្រើសជាតិ​ហ្វឹកហាត់​ត្រៀម​ប្រកួត​អន្តរជាតិ​នានា ការប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៦ នឹង​ចាប់ផ្តើម​ការប្រកួត​សប្តាហ៍​ទី​៩ ដែលជា​ការប្រកួត​បញ្ច​ប់​ក្នុង​ពូ​ល A និង​ពូ​ល B ដើម្បី​ស្វែងរក​២​ក្រុម​ក្នុង​ពូ​ល​នីមួយៗ​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ត​។ ក្រុម​បឹងកេត​អង្គរ ត្រូវ​ប្រជែង​ជាមួយ ក្រុម​ក្រសួងការពារជាតិ ដើម្បី​ឈរ​កំពូល​តារាង​ក្នុង​ពូ​ល B ខណៈ​ខេ​ម​ពូ​ឌា​ន​ថា​យ​ហ្គឺ​រ ប្រជែង​ជាមួយ ព្រះខ័ន​រាជ​ស្វាយរៀង ដើម្បី​ឈរ​កំពូល​តារាង​ក្នុង​ពូ​ល A​។   
 
​ក្រុម​បឹងកេត​អង្គរ និង​ក្រសួងការពារជាតិ ជា​ក្រុម​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​នៅក្នុង​ពូ​ល B ពោលគឺ​មាន​១២​ពិន្ទុ​ដូចគ្នា ក្រុម​ទាំងពីរ​ត្រូវ​ជួប​ប្រកួត​គ្នា​នា​ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ប្រជែង​គ្នា​ឈរ​នៅ​កំពូល​តារាង​ក្នុង​ពូ​ល​B ហើយ​ក្រុម​ទាំងពីរ​នេះ​ត្រូវ​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ត​តំណាង​ឲ្យ​ពូ​ល B ដោយ​ស្វ័យប្រវត្តិ​ផងដែរ​។ 
 
​ថ្វីត្បិតតែ​នេះ មិនមែនជា​ការប្រកួត​ដែល​ស្ថិតនៅក្រោម​សម្ពាធ​ក៏ដោយ ប៉ុន្តែ​ក្រុម​បឹងកេត​អង្គរ និង​ការពារជាតិ ចង់បង្ហាញ​ការប្រកួត​ដ៏​ទាក់ទាញ ជាពិសេស​វត្តមាន​រប​ស់ ចាន់ វឌ្ឍនាកា ហុង ផេង ស៊ូ យ៉ា​ទី សុខ សុវណ្ណ និង​រស់ សំអឿន សម្រាប់​បឹងកេត ក៏ដូចជា ឈិន ឈឿន និង ច្រឹង ពលរដ្ឋ សម្រាប់​ការពារជាតិ ជាដើម​។​
 
​ចំណែក​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ និង​ព្រះខ័ន​រាជ​ស្វាយរៀង ដែលជា​ក្រុម​ត្រូវ​ឡើងទៅ​ប្រកួត​នៅ​វគ្គ​បន្ត​តំណាង​ឲ្យ​ពូ​ល A នឹងត្រូវ​ប្រជែង​គ្នា​នា​រសៀល​នេះ នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​ផងដែរ ដើម្បី​ដណ្តើម​ឈរ​លំដាប់​លេខ​១​ក្នុង​ពូ​ល A​។ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ មាន​កម្លាំង​ជើង​ពេញ ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង ដែលមាន ណុប តុលា ហូ​យ ផល្លី​ន សឿ​យ វិសាល និង​ប្រាក់ មុន្នី​ឧ​ត្ត​ម ទើបនឹង​ចូល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ បាន​មួយថ្ងៃ​ប៉ុណ្ណោះ​។​
 
​ជាមួយគ្នានេះ ខេត្តកណ្តាល​, យុវជន​បឹងកេត​កំពង់ចាម​, ខេត្តកំពង់ឆ្នាំង និង​ក្រុម​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ នឹងធ្វើ​ការប្រកួត​បង្គ្រប់​កិច្ច​នៅក្នុង​ពូ​ល A ដោយ​ខេត្តកណ្តាល បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន​ស្វាគមន៍ យុវជន​បឹងកេត​កំពង់ចាម ចំណែក​ម្ចាស់ផ្ទះ​ខេត្តកំពង់ឆ្នាំង ទទួល​ក្រុម​ភ្ញៀវ​មកពី​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​។​
 
​ទន្ទឹមនឹងនេះ ម្ចាស់ផ្ទះ​ខេត្តព្រៃវែង នឹង​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ឬ​ឯ កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ នឺង​ធ្វើដំណើរ​ទៅកាន់​ខេត្តកំពង់ឆ្នាំង ដើម្បី​ជួប​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ ខេត្តកំពង់ឆ្នាំង​។ គួរ​បញ្ជាក់ថា ការប្រកួត​នេះ​របស់​ក្រុម​ទាំង​៤​នេះ គ្រាន់តែ​ជាការ​ប្រកួត​បង្គ្រប់កិច្ច​ប៉ុណ្ណោះ​៕   
 
​កម្មវិធី​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្ងៃទី​៨ ខែមិថុនា នេះ​៖
​ពូ​ល A៖
-​ម៉ោង​៣:៣០-​ខេត្តកណ្តាល ជួប យុវជន​បឹងកេត​កំពង់ចាម នៅ​កីឡដ្ឋាន​ខេត្តកណ្តាល​
-​ម៉ោង​៣:៣០-​ខេត្តកំពង់ឆ្នាំង ជួប កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ នៅ​កីឡដ្ឋាន​ខេត្តកំពង់ឆ្នាំង​
-​ម៉ោង​៣:៣០-​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គ័​រ ជួប ព្រះខ័ន​រាជ​ស្វាយរៀង នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​
​ពូ​ល B៖
-​ម៉ោង​៣:៣០-​ខេត្តព្រៃវែង ជួប កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ នៅ​កីឡដ្ឋាន​ខេត្តព្រៃវែង​
-​ម៉ោង​៣:៣០-​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ជួប ខេត្តស្ទឹងត្រែង នៅ​ពហុ​កីឡដ្ឋាន​ជាតិ​
-​ម៉ោង​១៨:០០-​បឹងកេត​អង្គរ​អែ​ហ្វ​ស៊ី ជួប ក្រសួងការពារជាតិ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ 
 

Tag:
 បាលទាត់​
  Hun Sen Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com