អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​ស៊ី​រី​ប្រកាស​រំដោះទឹកដី​ទាំង​អស់ពី​ក្រុម​ឧទ្ទាម​
08, Jun 2016 , 4:02 pm        
រូបភាព
 
 
​ប្រធានាធិបតី​ស៊ី​រី បាន​សន្យា​ដណ្ដើមយក​ទឹកដី​ទាំងអស់ ដែល​ក្រុម​ឧទ្ទាម​ប្រឆាំង​វាយ​ដណ្ដើម​នឹង​រដ្ឋាភិបាល​របស់លោក​។  ការសន្យា​បែបនេះ ហាក់ដូចជា​ការបដិសេធ​របស់​ស៊ី​រី ចំពោះ​ផែនការ​ផ្ទេរអំណាច​ដោយ​សន្តិវិធី ដែល​ផ្ដួចផ្ដើម​ដោយ​អាមេរិក និង​រុស្សី ស្រប​ពេលដែល​វិបត្តិ​មនុស្សធម៌ ក៏​នៅ​មិនទាន់​ដោះស្រាយ​ចេញ​នៅឡើយ​។  

 
​ប្រធានាធិបតី​ស៊ី​រី លោក បាស​សា អាល់ អាសាដ (Bashar al-Assad) បានប្រកាស​ចំពោះមុខ​សមាជិកសភា ថា លោក​នឹង​រំដោះទឹកដី​ដែល​បាត់បង់ មកវិញ​ឲ្យ​បាន​។ ប្រធានាធិបតី អាសាដ ប្រកាស​ដូចនេះ ខណៈដែល​កងកម្លាំងរ​ដ្ឋា​ភិ​បាល​របស់លោក កំពុងតែ​បើក​ប្រតិបត្តិ​ការដណ្ដើមយក​ទឹកដី ដែល​បាត់បង់​ទៅ​ក្រុម​ឧទ្ទាម និង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម នាពេល​កន្លងមក​។ 
លោក តន ចាន់រិទ្ធារ៉ា លម្អិតព័ត៌មាន


 
​ថ្លែង​ក្នុង​សភា នៅ​ថ្ងៃទី​៧ ខែមិថុនា ប្រធានាធិបតី​ក្រាញ​អំណាច​រូបនេះ អះអាងថា ស្ថានភាព​នៅនឹងកន្លែង គឺ​ប្រសើរ​ជាង​ស្ថានភាព​នៅ​ខែ​មុន និង​កាន់តែ​ប្រសើរ​ថែមទៀត ពីមួយថ្ងៃ ទៅមួយថ្ងៃ​។ ដោយ​លើកឡើង​ពី​ជោគជ័យ ក្នុង​ការរំដោះ​ទីក្រុង​ប្រវត្តិសាស្ត្រ​ប៉ាល់​មី​រ៉ា ប្រធានាធិបតី អាសាដ និយាយថា យើង​នឹង​រំដោះ​ទីតាំង​ទាំងអស់ ពី​ដៃ​ក្រុម​ឧទ្ទាម​។ លោក ក៏​ប្រាប់​សមាជិកសភា​ដែរ​ថា ទីក្រុង​Aleppo ដែល​កំពុងតែ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុម​ឧទ្ទាម ដែលមាន​អា​រ៉ា​បី​សា​អូឌីត និង​តួ​ក​គី នៅ​ពីក្រោយ នឹង​ក្លាយជា​កន្លែង​កប់​សាកសព​ពួកគេ​វិញ​។ 
 
​ឆ្លៀតពេល​នោះដែរ ប្រធានាធិបតី​ស៊ី​រី ក៏បាន​អរគុណ​ចិន ដែល​ប្រើ​សិទ្ធ​វ៉េតូ នៅ​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​រារាំង​ការដាក់ទណ្ឌកម្ម​លើ​ស៊ី​រី​។ តែ​លោក​មិនបាន​ភ្លេចគុណ រុស្សី អ៊ីរ៉ង់ និង​ក្រុម​ហេស​ប៊ុល​ឡា ដែលជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់ ក្នុងការ​ការពារ​អំណាច​របស់លោក និង​ជួយ​ជា​កម្លាំង​ប្រយុទ្ធ សម្រាប់​ជួយ​រដ្ឋាភិបាល​របស់លោក​នោះទេ​។ នាពេល​កន្លងមក យុទ្ធនាការ​ដែនអាកាស​របស់​រុស្សី ក្លាយជា​អាវុធ​ដ៏​ខ្លាំង ដែល​ជួយ​កងកម្លាំង​លោក អាសាដ ក្នុងការ​ដណ្ដើម​ទឹកដី​ត្រលប់​មកវិញ ហើយ​ជាក់ស្ដែង នោះ​គឺ​ការដណ្ដើម​ទីក្រុង​ប៉ាល់​មី​រ៉ា​តែម្ដង​។​
 
​លើសពីនោះ លោក អាសាដ បានបញ្ជាក់​ពី​ជំហរ​របស់លោក ក្នុង​កិច្ចចរចា​សន្តិភាព ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​។ លោក​សង្កត់ធ្ងន់ថា ស៊ី​រី នឹងត្រូវ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​រួបរួម​មួយ មិនមែន​ដោយ​រដ្ឋាភិបាល​អន្តរកាល ដែល​ស្នើ​ដោយ​ក្រុម​ឧទ្ទាម​នោះទេ​។ លោក អាសាដ ថែមទាំង​បន្ទោស​ក្រុម​ឧទ្ទាម ចំពោះ​បរាជ័យ​នៃ​ការចរចា​ចំនួន​បី​លើក ដែល​ធ្វើ​នៅ​ទីក្រុង​ហ្សឺ​ណែវ ក្នុង​ឆ្នាំ​២០១៦​នេះ​។​
 
​ជម្លោះ​ស៊ី​រី ដែល​លេច​ជា​រូបរាង​នៅក្នុង​ឆ្នាំ​២០១១ បាន​ក្លាយជា​សង្គ្រាមស៊ីវិល​បង្ហូរឈាម និង​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​ម៉ឺន​នាក់ បាត់បង់​ជីវិត​។ វិបត្តិ​នេះ ផ្ដើមចេញពី​ឥទ្ធិពល​នៃ​បដិវត្តន៍​អារ៉ាប់ ដែល​ធ្វើ​ឲ្យ​រង្គោះរង្គើ​របប​ផ្ដាច់ការ នៅ​អេ​ហ្ស៊ី​ប ទុយ​នេ​ស៊ី លី​ប៊ី និង​យេ​ម៉ែន ជាដើម​។ ក្រុម​ឧទ្ទាម ដែល​ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​អារ៉ាប់​ខ្លះ និង​ក្រុម​លោកខាងលិច បាន​ប្រយុទ្ធ​នឹង​កងកម្លាំង​របស់លោក អាសាដ ដែលមាន​ទ័ពអាកាស​រុស្សី ជា​កង​ជំនួយ​សំខាន់ ដែល​ធ្វើ​ឲ្យ​ក្រុម​ឧទ្ទាម ចុះខ្សោយ​យ៉ាងខ្លាំង ក្នុង​រយៈពេល​ចុងក្រោយ​នេះ​៕       
 
 
 

Tag:
 ស៊ី​រី​
 ​បា​សា អាល់ អាសាដ
© រក្សាសិទ្ធិដោយ thmeythmey.com