កីឡាជាតិ
ជាតិ
បញ្ហា​សំរាម ៖ អ្នកគាំទ្រ​យល់ដឹង​ជាង​មុន ប៉ុន្តែ​មិនទាន់​អាច​សរសើរ​បានឡើយ​
08, Jun 2016 , 8:19 pm        
រូបភាព
ដោយ:
​វា​ជា​ភាពជោគជ័យ​មួយ​របស់​វិស័យ​កីឡាបាល់ទាត់​កម្ពុជា ដែល​ក្នុងជំនួប​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​ឆាយ​នី​ស​តៃប៉ិ មាន​អ្នកចូលរួម​ទស្សនា​គាំទ្រ​រហូតដល់​ជិត​៦​ម៉ឺន​នាក់​។ ការប្រកួត​ដែល​ធ្វើ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មួយ​នេះ​បានបញ្ចប់​យ៉ាង​ជោគជ័យ​ដោយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​យកឈ្នះ ឆាយ​នី​ស តៃប៉ិ​ក្នុង​លទ្ធផល ២-០​។ ប៉ុន្តែ​ក្រោយ​បញ្ចប់​យ៉ាង​ជោគជ័យ​ជាមួយ​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​នេះ​បានធ្វើ​ឲ្យ​ពហុ​កីឡដ្ឋាន​ជាតិ​ទាំងមូល​បន្សល់ទុក​នូវ​គំនរ​សំរាម​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។



​បន្ទាប់ពី​មានការ​សរសេរ​ពាក្យស្លោក​«​សូមមេត្តា​ចោល​សំរាម​ក្នុង​ធុង​»​នៅតាម​របង​ពហុ​កីឡដ្ឋាន​ជាតិ​គេ​សង្កេតឃើញថា​គំនរ​សំរាម​ទាំងនោះ​ត្រូវបាន​គេ​ច្រក​ក្នុង​ថង់​យ៉ាង​មាន​របៀបរៀបរយ​ជាង​មុន​បន្តិច​មិន​ពាសវាល​ពាសកាល​ដូច​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ទី​ម័​រ​នោះទេ​។ ទោះបីជា​យ៉ាងនេះ​កី្ត បញ្ហា​ធុងសំរាម​ហាក់ដូចជា​មិន​ឆ្លើយ​តម​ទៅនឹង​តម្រូវការ​ប្រើប្រាស់​នោះទេ ពោលគឺ​នៅមាន​ចំនួន​តិចតួច​បំផុត ជាពិសេស​ធុង​ទាំងនេះ​មាន​ទំហំ​តូចៗ​ទៀតផង ជាហេតុ​ធ្វើ​ឲ្យ​អ្នកទស្សនា​ទាំងនោះ​បោះ​សំរាម​យ៉ាង​គរ​នៅមុខ​ធុងសំរាម​។​



​ទន្ទឹមនឹងនេះ លោកពូ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​កំពុង​បោសសំអាត​នៅ​ទី​នោះបាន​ត្អូញត្អែរ​ចំពោះ​បញ្ហា​ធុងសំរាម​ផងដែរ​ថា​៖«​ធុងសំរាម​វា​មាន​តិចតួច​ពេក ហើយ​តូចៗ​ទៀតផង ដូច្នេះ​មិន​វា​មិនអាច​ឆ្លើយតប​នៅ​នឹង​ប្រើប្រាស់​នោះទេ ព្រោះថា​ពេល​មានកម្ម​ប្រកួត​អន្តរជាតិ​ម្តងៗ​មាន​អ្នកទស្សនា​រហូត​រាប់ម៉ឺន​ឯណោះ​។ ហេតុដូចនេះ​ខ្ញុំ​ចង់​ឲ្យ​អ្នកគ្រប់គ្រង​នៅទីនេះ​ដាក់​ធុងសំរាម​ឲ្យ​ច្រើនជាង​នេះ ហើយ​ធំៗ​នេះ​។ ទោះបី​វា​មិនអាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទាំងស្រុង ប៉ុន្តែ​វា​គ្រាន់បើ​ជាង​នេះ​»​។​

​ជាមួយគ្នានេះ អ្នកស្រី​ម្នាក់​ដែល​រស់នៅ​ខេត្តកំពត​ដែល​ទើបនឹង​ចូលធ្វើការ​ជា​អ្នក​បោសសំអាត​នៅ​ទី​នោះបាន​៣​ខែ​បានកត់សម្គាល់​ឃើញថា បញ្ហា​សំរាម​នៅក្រៅ​ធុង​នេះ​មិនមែនជា​ការបោះ​ពាសវាល​ពាសកាល​របស់​អ្នកទស្សនា​ទាំងស្រុង​នោះទេ ដោយសារ​ធុង​សំរាប​មាន​ទំហំ​តូ​ត និង​មាន​ចំនួន​តិចតួច​ពេក ជាហេតុ​ធ្វើ​ឲ្យ​អ្នកទស្សនា​ទាំងនោះ​បោះចោល​នៅក្រៅ​ធុង​ដូច្នេះ​។ លោកស្រី​ម្នាក់នេះ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​សំរាម​នៅក្រៅ​នេះ​មិនមែន​អ្នកទស្សនា​មិន​ចង់​បោះ​ក្នុង​ធុង​នោះទេ ដោយសារតែ​ធុង​យើង​វា​តូច ហើយ​មាន​ចំនួន វា​ធ្វើ​ឆាប់​ពេញ​»​។​



​អ្នកស្រី​រូបនេះ​ក៏ដូចជា​អ្នក​បោសសំអាត​ឯទៀត​បាន​សំណូមពរ​ដល់​អ្នកគ្រប់គ្រង​ពហុ​កីឡដ្ឋាន​ជាតិ​សូមមេត្តា​ដាក់​ធុងសំរាម​បន្ថែម និង​ដាក់​ឲ្យ​ធំ​ជាង​ធុងសំរាម​ដែល​កំពុង​ប្រើ​បច្ចុប្បន្ន ដើម្បី​បង្ករ​ភាពងាយស្រួល​ដល់​ការសំអាត​របស់​ពួកគាត់ ជាពិសេស​ដើម្បី​ឲ្យ​ឆ្លើយតប​ទៅនឹង​តម្រូវ​ប្រើប្រាស់​។ អ្នក​បោសសំអាត​ទាំងនេះ​ក៏បាន​សំណូមពរ​ឲ្យ​បន្ថែម​អ្នក​បោសសំអាត​ផងដែរ ព្រោះ​បច្ចុប្បន្ន​មាន​អ្នក​បោសសំអាត​ត្រឹមតែ​២០​នាក់​ប៉ុណ្ណោះ​។​

​ទន្ទឹមនឹងនេះ ពួកគាត់​ក៏បាន​សំណូមពរ​ដល់​ទស្សនិកជន​ដែល​គាំទ្រ​វិស័យ​កីឡាបាល់ទាត់​ទាំងអស់ មេត្តាជួយ​ចូលរួមចំណែក​ក្នុង​ការរក្សា​បរិស្ថាន​ទាំងអស់គ្នា​«​បរិស្ថាន​ល្អ​ផ្តើមចេញពី​យើងទាំងអស់គ្នា​»​។ ទោះបី​ជាមាន​ទស្សនិកជន​មួយចំនួនធំ​បាន​យល់ដឹង​ពី​បញ្ហា​បរិស្ថាន ក៏​នៅមាន​មួយចំនួន​តូច​ដែល​មិនទាន់​យល់ដឹង​ផងដែរ​៕  
         

























Tag:
 បាល់ទាត់​
  ពហុ​កីឡដ្ឋាន​ជាតិ​
  សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com