អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉ូលិស​ប៉ា​ពួ​អាស៊ី​ណូ​វែ​ល​ហ្គី​ណេ បង្ក្រាប​បាតុករ​តវ៉ា​បណ្ដាល​ឲ្យ​ស្លាប់ និង​របួស​ជាច្រើន​
08, Jun 2016 , 5:36 pm        
រូបភាព
 
 
​មនុស្ស​ជាច្រើន បាន​ស្លាប់ និង​រងរបួស ក្នុងការ​បង្ក្រាប​បាតុកម្ម​តវ៉ា​ក្នុង​ដែន​កោះ​ប៉ា​ពួ​អាស៊ី​ណូ​វែ​ល​ហ្គី​ណេ បន្ទាប់ពី​ប៉ូលិស​បាន​បាញ់រះ​លើ​បាតុកម្ម​របស់​ក្រុមនិស្សិត ដែល​កំពុង​រីក​រាលដាល ទាំង​ក្នុង​រដ្ឋធានី និង​តំបន់​ផ្សេងទៀត នៃ​ប្រទេស​នេះ​។ ក្រុមនិស្សិត បានទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី ចុះ​ចេញពី​តំណែង ក្រោម​ការ​បទ​ពុករលួយ​។

 
​ប៉ូលិស​ប៉ា​ពួ​អាស៊ី​ណូ​វែ​ល​ហ្គី​ណេ បាន​បាញ់រះ​ទៅលើ​ក្រុមបាតុករ​និស្សិត នៅ​រដ្ឋធានី​ព័រ​ម៉ូ​រេស​ប៊ី និង​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​រងរបួស និង​មនុស្ស​បួន​នាក់​ទៀត ត្រូវ​រាយការណ៍​ថា បាន​បាត់​បង់ជីវិត​។ ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កោះ​មួយ​នេះ កាន់តែ​ផុង​ជ្រៅ ខណៈដែល​មានការ​តវ៉ា កាន់តែខ្លាំង ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី Peter O'Neill ក្រោយ​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​។​
 
​ប្រជាជន​ក្នុង​រដ្ឋធានី​ព័រ​ម៉ូ​រេស​ប៊ី នៅ​ថ្ងៃទី​៧ ខែឧសភា និយាយថា ប៉ូលិស​បាន​បាញ់កាំភ្លើង​នៅ​ទីសាធារណៈ និង​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បី​បំបែកហ្វូង​បាតុករ នៅ​ខាងក្រៅ​សកលវិទ្យា​ល័យ PNG​។ បន្ទាប់មក ក៏មាន​សេចក្ដីរាយការណ៍​ថា បាតុកម្ម ក៏​ឡើង​នៅ​ទីតាំង​ផ្សេងទៀត នៅលើ​កោះ​មួយ​នេះ​។  
 
​យ៉ាងណាមិញ នាយករដ្ឋមន្ត្រី Peter O'Neill បាន​បដិសេធ ពី​ចំនួន​មនុស្ស​ស្លាប់ ខណៈ​បាតុករ​ប្រាំ​នាក់ ដែល​រងរបួស គឺ​ស្ថិតក្នុង​ស្ថានភាព​ធម្មតា​។ នាយករដ្ឋមន្ត្រី​រូបនេះ និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍ ថា ព័ត៌មាន​ជាក់ស្ដែង ដែល​បាន​បញ្ជូនមក​ឲ្យ​លោក គឺមាន​ក្រុមនិស្សិត​ខ្លះ បង្ក​អំពើហិង្សា ហើយ​ថែមទាំង​បាន​គប់​ដុំថ្ម​មកលើ​ប៉ូលិស​។ លោក O'Neill បន្តថា ប៉ូលិស​ឆ្លើយតប ដោយបាន​បាញ់​ឧស្ម័ន និង​បាញ់កាំភ្លើង​ព្រមាន ជាដើម​។ ក្រៅពីនោះ លោក ក៏បាន​ទាត់ចោល​ការអំពាវនាវ ដែល​ចង់​ឲ្យ​លោក ចាក​ចេញពី​តំណែង​ផងដែរ​។ 
 
​សារព័ត៌មាន Reuter ផ្សាយ​ថា និស្សិត​ជាច្រើន​ពាន់​នាក់ នៅ​ទូទាំងប្រទេស​នេះ បាន​តវ៉ា​ប្រឆាំង និង​បានធ្វើ​ពហិការ មិន​ចូល​សាលា អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​មកហើយ ស្រប​ពេលដែល វិបត្តិ​នយោបាយ ចេះតែ​ឡើង​កម្ដៅ​រហូតមក​។ នាយករដ្ឋមន្ត្រី Peter O'Neill ដែល​កាន់អំណាច​ពី​ឆ្នាំ​២០១១​មក​នោះ កំពុង​ប្រឈមមុខ និង​ការចោទប្រកាន់ថា បាន​ផ្ទេរ​លុយ​រាប់លាន​ដុល្លារ ទៅក្នុង​ក្រុមហ៊ុន​ច្បាប់​មួយកន្លែង​។ 
 
​មកដល់​ឆ្នាំ​២០១៤ អង្គភាព​ប្រឆាំង​ពុករលួយ បានចេញ​បញ្ជា​ឲ្យ​ចាប់ខ្លួន​រូបលោក ប៉ុន្តែ​លោក Peter O'Neill បាន​បដិសេធ​។ លោក បាន​បដិសេធ​ចូលខ្លួន និង​បានចេញ​បញ្ជា​ឲ្យ​អង្គភាព​ប្រឆាំង​ពុករលួយ បញ្ឈប់​មូលនិធិ​ហិរញ្ញវត្ថុ​។ 
 
​ប៉ា​ពួ​អាស៊ី​ណូ​វែ​ល​ហ្គី​ណេ ជា​ប្រទេស​ដី​កោះ​ក្រីក្រ ដែលមាន​ប្រជាជន​ជាង​៧​លាន​នាក់​។ ប៉ុន្តែ ផ្ទុយ​ពី​ការ​ហូរហៀរ​ភោគទ្រព្យ ប្រជាជន​ភាគច្រើន​រស់​នៅក្រោម​បន្ទាត់​ក្រីក្រ និង​រស់នៅ​តំបន់ភ្នំ ព្រមទាំង​កោះដាច់​ស្រយាល ជាច្រើន​៕ 
 
      
 

Tag:
 ប៉ា​ពួ​អាស៊ី​ណូ​វែ​ល​ហ្គី​ណេ
© រក្សាសិទ្ធិដោយ thmeythmey.com