អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង កោះប្រជុំ​សភា​នៅ​ចុងខែ​មិថុនា​
10, Jun 2016 , 8:19 am        
រូបភាព
 
​កូរ៉េខាងជើង នឹង​បើក​សម័យប្រជុំ​សភា​របស់ខ្លួន នៅ​ចុងខែ​មិថុនា​នេះ បន្ទាប់ពី​ទើបតែ​បញ្ចប់​សមាជ​បក្ស​ពលករ​កូរ៉េ កាលពីដើម​ខែឧសភា កន្លងទៅ​។ កិច្ចប្រជុំសភា​លើក​នេះ នឹង​អនុម័ត​លើ​គោលនយោបាយ​សំខាន់ៗ ក៏ដូចជា អនុម័ត​លើ​កាត​តែងតាំង​មន្ត្រី​របស់​រដ្ឋ​កុម្មុយនីស្ត​ឯកោ​នេះ​ផងដែរ​។​

 
​មួយខែ​ក្រោយ​សមាជ​កម្រ នៃ​បក្ស​ពលករ​កូរ៉េ កូរ៉េខាងជើង នៅ​ថ្ងៃទី​៩ ខែមិថុនា​នេះ បញ្ជាក់ថា សភា​របស់ខ្លួន នឹង​បើក​សម័យប្រជុំ នៅ​ចុងខែ​មិថុនា​។ កិច្ចប្រជុំ​លើក​នេះ នឹង​ពិភាក្សា លើ​របៀបវារៈ​សំខាន់​មួយចំនួន ទាក់ទង​នឹង​នយោបាយ​រដ្ឋ ហិរញ្ញវត្ថុ នឹង​ការជ្រើសរើស​មន្ត្រីជាន់ខ្ពស់ ជាដើម​។ 
 
«​កិច្ចប្រជុំ​លើក​ទី​៤ នីតិកាល​ទី​១៣ នៃ​សមាជ​ប្រជាជន​ជាន់ខ្ពស់ នឹង​ចាប់ផ្ដើម​ប្រជុំ នៅ​ថ្ងៃទី​២៩ ខែមិថុនា​»​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ស្រង់​ចេញពី​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA​។  
 
​ប្រតិភូ​រាប់រយ​នាក់ ដែល​មក​ចូលរួម​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំនេះ នឹង​អនុម័ត​ជា​ផ្លូវការ លើ​កញ្ចប់​ថវិកាជាតិ និង​ឯកភាព​លើ​ការចាត់តាំង​មន្ត្រី​ថ្មីៗ ក៏ដូចជា ការឯកភាព​យល់ព្រម​លើ ការកែប្រែ​ច្បាប់​មួយចំនួនទៀត​។ ក្រៅពីនេះ កិច្ចប្រជុំ​នេះ នឹង​ក្លាយជា​វេទិកា សម្រាប់​អនុម័ត​យល់ព្រម លើ​ការសម្រេចចិត្ត​នានា របស់​ថ្នាក់ដឹកនាំ​ប្រទេស​ក្រីក្រ​មួយ​នេះដែរ​។​
 
​ឆ្លៀត​ក្នុង​កិច្ចប្រជុំ​នេះ មេដឹកនាំ​វ័យក្មេង គីម ជុង​អ៊ុន នឹង​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន ក្នុង​កិច្ចប្រជុំសភា​លើក​នេះ ដែល​ទំនងជា​ឯកភាព​លើ ការផ្លាស់ប្ដូរ​តំណែង​បុគ្គល​មួយចំនួន ដែល​ចាត់តាំង​ដោយ​សមាជ​ខែឧសភា​។ លោក គីម ជុង​អ៊ុន ដែល​ទើប​ត្រូវបាន ជ្រើសតាំង​ជា​ប្រធាន​បក្ស ក្នុង​សមាជ​កម្រ​ខែឧសភា ដែល​គេ​មើលឃើញថា ជាការ​ប្រមូលផ្ដុំ​អំណាច​ទាំងមូល មក​ក្នុង​ដៃ​ខ្លួនឯង​តែ​ម្នាក់​។ 
 
​អ្វីដែល​គួរ​ចាប់អារម្មណ៍​ក្នុងពេល​សមាជ​នោះ មេដឹកនាំ​កូរ៉េខាងជើង ប្រកាសថា កូរ៉េខាងជើង ជា​ប្រទេស​នុយក្លេអ៊ែរ ប៉ុន្តែ ខ្លួន​នឹង​ប្រើ​អាវុធ​នេះ នៅពេល​ខ្លួន​រង​ការវាយប្រហារ​មុន​ប៉ុណ្ណោះ​។​
 
​ការសាកល្បង​គ្រាប់​នុយក្លេអ៊ែរ និង​បាញ់​មី​ស៊ី​ល ជាច្រើនលើក ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ ខឹងសម្បារ ហើយ​កំពុងតែ​គៀបសង្កត់​ក្រុង​ព្យុងយ៉ាង ឲ្យ​គោរព​តាម​ការសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​។ ប៉ុន្តែ ក្រុង​ព្យុងយ៉ាង​ហាក់ដូចជា​មិន​ខ្វល់​នោះទេ តែ​ថែមទាំង​ផ្គើន​ការហាម​ប្រាម​របស់​អន្តរជាតិ ជាមួយនឹង​សកម្មភាព​យោធា​ម្ដង​ហើយ ម្ដងទៀត​។ ជាក់ស្ដែង​នោះ កូរ៉េខាងជើង បាន​បាញ់​សាកល្បង​ដោយ​បរាជ័យ មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​មធ្យម កាលពី​ថ្ងៃទី​៣១ ខែឧសភា កន្លងមក​។ 
 
  

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com