កីឡាជាតិ
ជាតិ
សុ​គម្ភៈ ជា​កីឡាករ​ឆ្នើម​ក្នុង​ក្រសែភ្នែក​របស់ Honda
10, Jun 2016 , 11:30 am        
រូបភាព
កីឡាករ Keisuke Honda និង​គួច សុគម្ភៈ ខណៈ​ជប៉ុន និង​កម្ពុជា ប៉ះគ្នា​ក្នុងព្រឹត្តិការណ៍ជម្រុះ World Cup។ ប្រភព​រូបថត AFP
កីឡាករ Keisuke Honda និង​គួច សុគម្ភៈ ខណៈ​ជប៉ុន និង​កម្ពុជា ប៉ះគ្នា​ក្នុងព្រឹត្តិការណ៍ជម្រុះ World Cup។ ប្រភព​រូបថត AFP
ដោយ:
​ខ្សែប្រយុទ្ធ​របស់​ណាហ្គា​វើ​ល គួច សុ​គម្ភៈ មិន​ត្រឹមតែ​ជា​កីឡាករ​ល្អ​នៅក្នុង​ក្លិប និង​ល្អ​នៅក្នុង​ក្រសែភ្នែក​របស់​ទស្សនិកជន​កម្ពុជា​រាប់ម៉ឺន​នាក់​ប៉ុណ្ណោះ​ទេ​។ គេ​ក៏​ជា​កីឡាករ​ដ៏​ឆ្នើម​មួយរូប​នៅក្នុង​ក្រសែភ្នែក​របស់​កីឡាករ​ជម្រើសជាតិ​ជនជាតិ​ជប៉ុន​លំដាប់​ពិភពលោក Keisuke Honda ផងដែរ នា​ការប្រកួត​ជម្រុះ World Cup រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​ជប៉ុន កាលពី​ឆ្នាំ​២០១៥ កន្លងទៅ​។ 



​ក្នុង​ដំណើរ​ទស្សនកិច្ច​ក៏ដូចជា​ចែករំលែក​នូវ​បទពិសោធន៍​ជាមួយ​សិស្ស​វិទ្យាល័យ​ឥន្ទ្រ​ទេវី​កីឡាករ Keisuke Honda បាន​សរសើរ​កីឡាករ​ពាក់អាវ​លេខ​១០ ពោលគឺ គួច សុ​គម្ភៈ ថា ជា​កីឡាករ​មួយ​ដ៏​ល្អ​នៅក្នុង​ក្រសែភ្នែក​របស់គេ នា​ជំនួប​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​ជប៉ុន​កាលពី​ឆ្នាំ​២០១៥ កន្លងទៅនេះ​។ កីឡាករ​រូបនេះ​បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​ចាំបាន​មួយចំនួន​ដូចជា​កីឡា​ករលេខ​១០​លេង​ល្អ ហើយ​ក៏មាន​ខ្សែបម្រើ​មួយចំនួនទៀត​។​ពួកគេ​នៅ​ក្មេង ហើយ​ខ្ញុំ​នឹង​រក​ឱ​កាស​មកលេង​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​នៅ​ថ្ងៃ​ខាងមុខ​ទៀត​»​។

បច្ចុប្បន្ន សុគម្ភៈ​ស្ថិតនៅ​ក្រៅ​បញ្ជី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បន្ទាប់ពី​រូប​គេ​រងរបួស​ជើង​នាជំនួប​រវាងណាហ្គាវើល និងស៊ីម៉ាក់ ក្នុងក្របខណ្ឌ​មិត្តហ្វូន​ខេមបូ​ឌានលីក​កន្លងមក។



​នាឱកាស​នោះដែរ លោក Keisuke Honda បាន​បញ្ជាក់ថា លោក​នឹង​មក​បើក​សាលា​បាល់ទាត់ HONDA’s SOLTILO SOCCER SCHOOL នៅ​កម្ពុជា​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ផ្តល់ឱកាស​ឲ្យ​កីឡាករ​វ័យក្មេង​របស់​កម្ពុជា​ហ្វឹកហាត់​ជា​គ្រូ​ជនជាតិ​ជប៉ុន​ល្អៗ ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​កម្ពុជា​ឲ្យ​មាន​កម្រិត​ដូច​កីឡាករ​នៅក្នុង​តំបន់​អឺរ៉ុប ជាពិសេស​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​ទាំងនោះ​នឹង​ជួយ​ចែករំលែក​បទពិសោធន៍​ល្អៗ​ដល់​គ្រូបង្វឹក​កម្ពុជា​ផងដែរ នេះ​ជា​កត្តា​ដែល​នាំ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាច​ឡើង​ទៅលេង​លំដាប់​ពិភព World Cup នាពេលខាងមុខ​ផងដែរ​។​

​ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​តារាបាល់ទាត់​ដ៏​ឆ្នើម​រូបនេះ គឺ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់ លោក ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​នៅ​ព្រលានយន្តហោះ និង​អ្នកគាំទ្រ ព្រមទាំង​សិស្ស​សលា​ជាច្រើនរូប​នៅក្នុង​ព្រលានយន្តហោះ​ទៀតផង​។ មុន​ធ្វើដំណើរ​ទៅ​ចែករំលែក​បទពិសោធន៍​ល្អៗ និង​ការទទួល​ស្វាគមន៍​របស់​សិស្សសាលា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៃ​វិទ្យាល័យ​ឥន្ទ្រ​ទេវី កីឡាករ Honda បាន​ចូលជួប​ប្រជុំ​បែប​សម្ងាត់​ជាមួយ​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ផងដែរ​៕ 



Tag:
 បាល់ទាត់​
 ​ គួច សុ​កុម្ភៈ​
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com