ពីនេះ ពីនោះ
«​សាច់​មិនបាន​ស៊ី យក​ឆ្អឹង​ព្យួរ​ក​»៖ ក្នុងន័យ​អប់រំ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ក្នុងការ​សម្រេចចិត្ត​
11, Jun 2016 , 7:39 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ ចរិត​មនុស្ស​ខ្មែរ តាំងពី​សម័យបុរាណ គឺជា​ពូជសាសន៍​មួយ​ដែល​តែងតែ​យកអាសា​គ្នា ជួយ​គ្នា ក្នុង​គ្រា​មានទុក្ខ មាន​អាសន្ន និង​ជាពិសេស​គឺមាន​សន្តាន​អាណិតអាសូរ​គ្នា​។ ហេតុ ដូច្នេះហើយ ឲ្យ​តែ​ឃើញ​អ្នកជិតខាង ឬ​សាច់ញាតិ​បងប្អូន ឬ​អ្នក​ជិត​អ្នក​ឆ្ងាយ ឲ្យ​តែមាន​បញ្ហា​គឺ​តែងតែ​ជួយ មិន​ថា​ខ្មែរ​ដូចគ្នា ឬ​ជនបរទេស​នោះទេ​។



ព្រោះតែ​ខ្មែរ មាន​សន្តាន​ល្អ​បែបនេះហើយ ទើប​ពលរដ្ឋ​ខ្មែរ​មួយចំនួន​តែងតែ​ទទួលរង​ការហួសចិត្ត ភាពអយុត្តិធម៌ ឬ​ទទួលថ្មបាក់​ព្រោះតែ​ចិត្តល្អ​របស់ខ្លួន​។ ហេតុនេះហើយ​ទើបបានជា​ដូនតា​ខ្មែរ​បានលើកឡើង​ជា​សុភាសិត​ថា​«​សាច់​មិនបាន​ស៊ី យក​ឆ្អឹង​ព្យួរ​ក​»​។​

ចំពោះ​សុភាសិត​មួយ​នេះ អាន​ទៅ​អាចមាន​អារម្មណ៍​ថា សាមញ្ញ ហើយក៏​មិនសូវមាន​អត្ថន័យ​ជ្រៅ​នោះទេ​។ ប៉ុន្តែ​បើ​ធ្វើការ​ពិចារណា​ឲ្យ​យូរហើយ លើកយក​ហេតុការណ៍​ឲ្យ​បាន​ច្រើន​មក​វិភាគ ទើប​ដឹងថា នេះ​គឺជា​សុភាសិត​មួយ​ដែលមាន​តម្លៃ ក្នុងការ​អប់រំ កូន​ខ្មែរ​ឲ្យ​ក្លាយជា​មនុស្ស​ដែលមាន​ការវិនិច្ឆ័យ​ខ្ពស់ មាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ និង​មានការ​គិត​បាន​ស៊ីជម្រៅ​មុន​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​។​

តើ​មូល​ហេតុអ្វី​បានជា​សុភាសិត​មួយ​នេះ​មានតម្លៃ​? ជា​លក្ខណៈ​ន័យត្រង់​វា​មិនមាន​តម្លៃ​អ្វី​នោះទេ​។ ប៉ុន្តែ​បើ​និយាយ​ពី​ន័យធៀប​មក​សង្គមមនុស្ស​វិញ គឺមាន​តម្លៃ​ជាទីបំផុត​។ ព្រោះថា សង្គមមនុស្ស គឺជា​សង្គម​ភាវៈ​មាន​វិចារណញ្ញាណ​។ ករណីនេះ​គឺ​មានន័យថា ជា​សង្គម​មាន​ល្អ មាន​អាក្រក់ មាន​ល្បិច មាន​ឧបាយ មានការ​ប្រកួតប្រជែង មាន​អ្នក​ខ្ពស់​មាន​អ្នកទាប

មាន​អ្នកចាញ់​មាន​អ្នកឈ្នះ មាន​ខ្សោយ​មាន​អ្នកខ្លាំង​ជាដើម​។ ហេតុនេះ គឺ​មានន័យថា ជា​ពិភព​មួយ​ដែល​ភាវៈ​សង្គម​មួយ​នេះ រស់នៅ​ពោរពេញ​ដោយ​វិធីសាស្ត្រ​ដើម្បីរ​ស់រៀងៗ​ខ្លួន​។​
​យ៉ាងណាមិញ ការធ្វើ​ល្អ វា​មិនមែនជា​សកម្មភាព​អាក្រក់​នោះទេ ប៉ុន្តែ​វា​នឹង​នាំ​បញ្ហា​ដាក់ខ្លួន នៅពេល​អំពើ​ល្អ​របស់​យើង​ធ្វើឡើង​ក្រោម​ឧបាយកល​របស់​អ្នកផ្សេង ឬ​មិនមែនជា​ឧបាយកល​ទេ​ប៉ុន្តែ​វា​ជា​ចៃដន្យ​មួយ​ដែល​នាំ​ឲ្យ​ខ្លួន​មាន​បញ្ហា ដែល​ទីបំផុត​វា​មិន​ខុស​អ្វី​ពី​ពាក្យ​ថា​«​សាច់​មិនបាន​ស៊ី យក​ឆ្អឹង​ព្យួរ​ក​»​។​

ជារួម​មក​គំនិត​ទស្សនៈ​របស់​ដូនតា​ខ្មែរ ក្នុង​សុភាសិត​មួយ​នេះ​គឺ​ចង់​ប្រាប់ថា អ្វីមួយ​ដែល​គ្មាន​គ្មាន​ប្រយោជន៍​ដល់​ខ្លួន កុំ​ទៅយក​ទុក្ខ​ដាក់ខ្លួន​។ រីឯ​ក្នុង​ការសម្រេច​ធ្វើ​អ្វីមួយ ជួយ​អ្នក​ម្នាក់ ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា មិនមាន​បញ្ហា មិនមែនជា​ឧបាយកល  ហើយ​ធ្វើការ​វិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់​មុននឹង​សម្រេចចិត្ត​។ នៅពេល​អាចធ្វើ​បែបនេះ​បាន នោះ​ទើប​អាច​គេច​ផុតពី​ពាក្យ​ថា «​សាច់​មិនបាន​ស៊ី យក​ឆ្អឹង​ព្យួរ​ក​»៕


Tag:
 ​សុភាសិត​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com