អន្តរជាតិ
អាមេរិក បញ្ជូន​នាវា​ដឹក​យន្តហោះ​ទៅ​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​នេ ដើម្បី​កំញើញ​រុស្ស៊ី​
10, Jun 2016 , 8:39 pm        
រូបភាព
​សហរដ្ឋអាមេរិក បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ទី​ពីរ​របស់ខ្លួន ទៅកាន់​តំបន់​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​នេ ខណៈដែល នាវា​ដឹក​យន្តហោះ​មួយទៀត កំពុង​ស្ថិតនៅ​តំបន់​នេះ​ស្រាប់​។ គេ​មើលឃើញថា ការបញ្ជូន​នាវា​ដឹក​យន្តហោះ ដល់ទី​ពីរ​គ្រឿង មកកាន់​តំបន់​នេះ ជាការ​បង្ហាញ​សាច់ដុំ​យោធា ពី​សំណាក់​អាមេរិក និង​សម្ព័ន្ធ​អឺរ៉ុប​របស់ខ្លួន ទៅកាន់​រុស្សី ដែល​កំពុងតែ​បង្កើន​វត្តមាន​ទ័ព នៅតាម​ព្រំដែន​ភាគ​ខាងកើត​ជាប់​អឺរ៉ុប​រួចហើយនោះ​។​



​សូម​ស្តាប់​ការបកស្រាយ​របស់លោក តន ចាន់​រិ​ទ្ធា​រ៉ា​៖



​នាវា​ដឹក​យន្តហោះ USS Dwight D. Eisenhower ត្រូវបាន​បញ្ជូន​ទៅដល់​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​នេ នៅ​ថ្ងៃទី​៨ ខែមិថុនា ដើម្បី​ចូលរួម​ការពារ​សន្តិសុខ​អាមេរិក នៅ​អឺរ៉ុប ដែល​រង​ការគំរាមកំហែង​។ មន្ត្រី​អាមេរិក អះអាងថា ការពង្រាយ​នាវា​ដឹក​យន្តហោះ នៅ​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​នេ គឺ​ដើម្បី​បង្ហាញ​សាច់ដុំ ដាក់​កងកម្លាំង​រុស្សី ដែល​កំពុងតែ​ពង្រាយ​យោធា​របស់ខ្លួន នៅក្នុង​តំបន់​អឺរ៉ុប​ខាងកើត​។ នាវា​ដឹក​យន្តហោះ​នេះ នឹង​សហការ​ជាមួយ​នាវា​ដឹក​យន្តហោះ USS Harry S. Truman ក្នុង​ប្រតិបត្តិការ នៅ​តំបន់​នេះ​តែម្ដង​។​

​ជាមួយនឹង​ការបញ្ជូន​នាវា​ពីរ​គ្រឿង​បែ​បប​នេះ មន្ត្រី​យោធា​ជាន់ខ្ពស់​ទ័ពជើងទឹក​អាមេរិក  លើ​នាវា Truman លោក Bret Batchelder និយាយថា វា​ជា​ការពិត ដែល​ការបញ្ជូន​នាវា​នេះ ជាការ​បង្ហាញ​កម្លាំង​។ ដោយ​ចង់​សំដៅ​ដល់​រុស្សី លោក​បន្តទៀតថា វា​មិនមែនជា​គួរ​ឆ្ងល់​ទេ ដែលមាន​អ្នកដទៃ​កំពុងតែ​តាមដាន​រឿងនេះ ហើយ​នេះ ជាការ​បញ្ចេញ​នូវ អ្វីដែល​អាមេរិក មាន​។

​ទីបញ្ជាការ​អាមេរិក​ប្រចាំ​អឺរ៉ុប ប្រកាសថា កង​នាវា​ដឹកជញ្ជូន​យន្តហោះ USS Dwight D. Eisenhower នឹងចូលរួម​ក្នុង​ប្រតិបត្តិការ នៃ​កង​នាវា​ទី​៦ ក្នុង​គោលដៅ​គាំទ្រ​ផលប្រយោជន៍​សន្តិសុខ​អាមេរិក នៅ​អឺរ៉ុប​។ នាវា USS Dwight D. Eisenhower នឹង​ចូលមក​ជំនួស​កន្លែង​នាវា USS Harry S. Truman ក្នុង​តំបន់​នេះ បន្ទាប់ពី​នាវា​ទាំងពីរ បញ្ចប់​ប្រតិបត្តិការ​រួមគ្នា ពេញ​មួយខែ​មិថុនា​នេះ​មក​។​

​ការបញ្ជូន​នាវា​ដឹក​យន្តហោះ មកកាន់​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​នេ ធ្វើឡើង​ស្របពេល​ដែល ទំនាក់ទំនង​រវាង​ណា​តូ និង​រុស្សី មិនសូវ​ជា​ល្អ​ប៉ុន្មាន​នោះទេ​។  ភាគី ទាំងពីរ​កំពុងតែ​បង្កើន​សមត្ថភាព​យោធា​រៀងៗ​ខ្លួន ក្នុង​តំបន់​បាល់​កង់​។ អាមេរិក និង​ណា​តូ នឹង​ពង្រាយ​កងទ័ព​បួន អង្គភាព​បន្ថែម ក៏ដូចជា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល នៅ​តំបន់​នេះ ។ ជា​លទ្ធផល រុស្សី ក៏​ឆ្លើយតប តាមរយៈ​ការបន្ថែម​ទ័ព​មួយចំនួន​ផងដែរ​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បញ្ជាក់ថា ការបង្កើន​វត្តមាន​យោធា​នេះ មាន​គោលដៅ​ពីរ គឺ​ចូលរួម​ក្នុង​យុទ្ធនា​ការកម្ទេច​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម និង​រក្សា​តុល្យភាព​អំណាច​យោធា​រុស្សី ដែល​កំពុងតែ​បង្កើន​ដូចគ្នា​។ បើតាម​ការប្រកាស​រប​ស់​ទីបញ្ជាការ​អាមេរិក​ប្រចាំ​អឺរ៉ុប វត្តមាន​នាវា​ដឹក​យន្តហោះ​ទាំងពីរ បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់​អាមេរិក ចំពោះ​ការធានា​សន្តិសុខ និង​សន្តិភាព​អឺរ៉ុប​។

១. រុស្សី គ្មាន​ផែនការ​វាយលុក​ប៉ូឡូញ​ទេ​
​ទន្ទឹមនឹង​ការប្រឈមមុខ កាន់តែខ្លាំង​រវាង​រុស្សី ជាមួយនឹង​សម្ព័ន្ធមិត្ត​ណា​តូ​-​អាមេរិក  ប្រធានាធិបតី​រុស្សី​ក៏ ធ្លាប់​លើកឡើងថា រុស្សី នឹង​វាយប្រហារ ប៉ូឡូញ និង​រ៉ូ​មា​នី ដែល​ណា​តូ មាន​គម្រោង​ពង្រាយ​ប្រព័ន្ធ​ការពារ​នៅ​កាន់​ទីនោះ​។ យ៉ាងណាមិញ មន្ត្រីការទូត​រុស្សី អះអាងថា រុស្សី មិនមាន​គម្រោង​វាយប្រហារ​ប៉ូឡូញ​ទេ ហើយ​លោក​ចាត់ទុក​ការយក​បញ្ហា​នេះ មក​ពិភាក្សា ជា​រឿង​មិន​សម​ហេតុផល និង​គ្រោះថ្នាក់​។​
​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​រុស្សី ប្រេសិត​រុស្សី ប្រចាំ​ណា​តូ លោក Aleksandr Grushko ក៏បាន​បដិសេធ អ្វីដែល​អគ្គលេខាធិការ​ណា​តូ និយាយ​ក្នុង​ទស្សនកិច្ច​នៅ​ប៉ូឡូញ ថា ជា​រឿង​មិន​សម​ហេតុផល​ទេ​។ មិនតែប៉ុណ្ណោះ ប្រេសិត​រូបនេះ ចាត់ទុក​សមយុទ្ធ​យោធា របស់​ណា​តូ ជា​រឿង​គួរ​ឲ្យ​ស្រ​គៀរ​ត្រចៀក​។

​ទាក់ទិន​នឹង​សមយុទ្ធ​នេះដែរ លោក Aleksandr Grushko សង្កត់ធ្ងន់ថា វា​ជា​រឿង​គ្រោះថ្នាក់ សម្រាប់​ណា​តូ ដែល​ធ្វើ​សកម្មភាព​បែបនេះ​។  រុស្សី នឹងមិន​វាយលុក​ប៉ូឡូញ​ទេ ហើយ​ការលើកឡើង​ដូចនេះ គ្រាន់តែ​ជា​ប្រឌិត​រឿង សម្រាប់​ឲ្យ​ណា​តូ ពង្រឹង​នយោបាយ និង​យោធា​របស់ខ្លួន ក្នុង​តំបន់​នេះ តែប៉ុណ្ណោះ​។   

២. រុស្សី នឹងមិន​នៅ​ស្ងៀម ចំពោះ​ការបង្កើន​វត្តមាន​ទ័ព​របស់​ណា​តូ​
​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្សី និយាយថា វត្តមាន​កងទ័ព​ណា​តូ​កាន់តែច្រើន មកកាន់​តំបន់​អឺរ៉ុប​ខាងកើត និង​តំបន់​បាល់​កង់ មិនមែន​ធ្វើឡើង​ដោយ​ស្រួល​គ្មាន​ការតបត​អ្វី​ទេ​។ រុស្សី ក៏​នឹង​ពង្រឹង​យោធា​របស់ខ្លួន​ដូចគ្នា​ដែរ​។ ក្នុងការ​ផ្សាយ​របស់​សា​រ័​ត៌មាន RT នៅ​ថ្ងៃទី​៣១ ខែឧសភា លោក Aleksey Meshkov ប្រាប់​ឲ្យ​ដឹងថា វត្តមាន​ទ័ព​ណា​តូ នៅ​ជិត​ព្រំដែន​រុស្សី កំពុង​រំលោភ​នឹង​មូលដ្ឋាន នៃ​ទំនាក់ទំនង​រវាង​រុស្សី និង​អឺរ៉ុប​។​

​កាលពីដើម​ខែឧសភា រដ្ឋមន្ត្រី​ការពារជាតិ​រុស្សី លោក Sergey Shoigu ក៏បាន​ប្រកាស​ផែនការ​ពង្រាយ​ទ័ព​បន្ថែម ជាការ​ឆ្លើយតប នឹង​សម្ព័ន្ធ​យោធា​ណា​តូ​។ លោក ប្រកាសថា រុស្សី នឹង​បន្ថែម​ទ័ព​ពីរ​អង្គភាព នៅ​តំបន់​ខាងលិច និង​មួយ​អង្គភាព នៅ​ភាគខាងត្បូង សម្រាប់​ទប់ទល់​កងក​ម្លាំ​ង​ណា​តូ នៅក្បែរ​ព្រំដែន​រុស្សី​។ ជារឿយៗ រុស្សី​អះអាងថា វត្តមាន​ទ័ព​ណា​តូ និង​ប្រព័ន្ធ​មី​ស៊ី​ល នៅ​អឺរ៉ុប និង​តំបន់​បាល់​កង់ ជាការ​គំរាមកំហែង មកលើ​សន្តិសុខ​របស់​ខ្លួន ហើយ​រុស្សី មិនអាច​នៅ​ស្ងៀម​នោះទេ​៕


Tag:
 ​អាមេរិក​
  ​រុស្សី​
 ​ អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com