អន្តរជាតិ
លោកស្រី គ្លី​ន​តុ​ន ប្រាប់​ឲ្យ​លោក ត្រាំ លុប​គណនី​Twitter
10, Jun 2016 , 4:22 pm        
រូបភាព
​ភ្លាមៗ​បន្ទាប់ពី ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ប្រកាស​គាំទ្រ លោកស្រី គ្លី​ន​តុ​ន ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​បក្ស​ប្រជាធិបតេយ្យ លោក ដូ​ណា​ល់ ត្រាំ បាន​បង្ហោះ​សារ ដែលមាន​ន័យ​ឌឺដង ដាក់​លោកស្រី គ្លី​ន​តុ​ន លើ​គណនី​Twitter របស់លោក​ផ្ទាល់​។ លោកស្រី គ្លី​ន​តុ​ន ក៏​ឆ្លើយតប​វិញ ដោយ​ប្រាប់​ឲ្យ​សេដ្ឋី ត្រាំ លុប​គណនី​របស់លោក ចោល​ទៅ​។



​បើទោះជា​យុទ្ធនា​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​មិនទាន់​ដល់​ក៏ដោយ សង្គ្រាមពាក្យសម្ដី​រវាង​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ គឺ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន និង​លោក ដូ​ណា​ល់ ត្រាំ បានចាប់ផ្ដើម​បណ្ដើរៗ​ហើយ​។ បណ្ដាញ​សង្គម​ល្បីឈ្មោះ Twitter បានក្លាយ​ជាទី​លាន​នៃ​ការឆ្លើយ​ឆ្លង របស់​បេក្ខជន​ទាំងពីរ​។​

​ការឆ្លើយ​ឆ្លង​លើ Twitter ចាប់ផ្ដើម នៅក្រោយពេល ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ថ្ងៃទី​១០ ខែមិថុនា បាន​ថ្លែង​គាំទ្រ​បេក្ខភាព លោកស្រី គ្លី​ន​តុ​ន សម្រាប់​បក្ស​ប្រជាធិបតេយ្យ​។ លោក ត្រាំ ដែលជា​បេក្ខជន​មកពី​បក្ស​សាធារណរដ្ឋ បាន​សរសេរ​លើ​គណនី Twitter របស់លោក​ថា ៖« លោក អូ​បា​ម៉ា ទើបតែ​ប្រកាស​គាំទ្រ​លោកស្រី គ្លី​ន​តុ​ន ដែល​ទុច្ចរិត​។ គាត់ (​លោក អូ​បា​ម៉ា​) ចង់​ធ្វើជា​ប្រធានាធិបតី​បួន​ឆ្នាំ​ទៀត​។ ប៉ុន្តែ អ្នក​ផ្សេងទៀត មិន​ចង់បាន​ដូច្នេះ​ទេ​»​។   

​ការអធិប្បាយ​របស់លោក ត្រាំ លើ​បណ្ដាញ Twitter បានទទួល​ការ​ចុច​ចែកចាយ (Share) និង​ចូលចិត្ត (Like) ជាច្រើន​។ បើតាម​សារព័ត៌មាន Telegraph បេក្ខជន​ប្រធានាធិបតី បក្ស សាធារណរដ្ឋ​រូបនេះ បន្ថែមថា​៖« មនុស្ស​ទុច្ចរិត ដូច​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន គឺជា មហន្ត រាយ សម្រាប់​ការងារ សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល យោធា និង​វិស័យ ផ្សេងៗ​ទៀត​។  

​ឆ្លើយតប​នឹង​សារ​របស់លោក ត្រាំ បេក្ខជន​បក្ស​ប្រជាធិបតេយ្យ លោកស្រី គ្លី​ន​តុ​ន បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter វិញ​ថា​៖« លុប​គណនី​របស់​អ្នក (​លោក ត្រាំ​) ចោល​ទៅ​»​។ សារ​របស់​លោកស្រី ត្រូវបាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ ចែកចាយ​យ៉ាងច្រើន រហូតដល់​ជិត​៤០​ម៉ឺន​ដង​។ ហើយ​សារ​របស់​លោកស្រី ក៏​ក្លាយជា​ពាក្យ​ពេញនិយម​យ៉ាងខ្លាំង​ផងដែរ ក្នុងចំណោម​អ្នកប្រើប្រាស់ Twitter ពិសេស​សម្រាប់ ឆ្លើយតប នឹង​អ្នក​ដែល​បង្ហោះ​អ្វីដែល​មិនល្អ​។

​យ៉ាងណាមិញ រឿង​មិនបាន​បញ្ចប់​ត្រឹមនេះ​ទេ​។ តាមរយៈ​បណ្ដាញ Twitter សេដ្ឋី​អចលនទ្រព្យ​រូបនេះ ក៏បាន​សួរ​បែប​ឌឺដង​ថា​៖« តើ​បុគ្គលិក​លោកស្រី ទាំង​៨២៣​នាក់ ចំណាយពេល​ប៉ុន្មាន ដើម្បី​តែ​សារ​បែបនេះ​? ហើយ​ឯណា​ទៅ អ៊ីមែល​ទាំង​៣៣០០០ ដែល​លោកស្រី បាន​លុប​?»


Tag:
 ហ៊ី​ឡា​រី​គ្លី​ន​តុ​ន​
  ដូ​ណា​ល់​ត្រាំ​
 ​ អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com