ជាតិ
ក្រសួង​អប់រំ​ណែនាំ ពី​នីតិវិធី​ផ្លាស់ប្តូរ​កន្លែងធ្វើការ​រ​បស់​បុគ្គលិក ក្រោយ​មាន​បណ្តឹង​ទៅ​ACU
10, Jun 2016 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ​មួយចំនួន ស្តីពី​អនុវត្ត​សេចក្តីណែនាំ ស្តីពី​ការផ្លាស់ប្តូរ​ទីកន្លែង​បម្រើ​ការងារ​របស់​បុគ្គ​លិ​ក​អប់រំ​។ ការណែនាំ​នេះ គឺធ្វើឡើង​បន្ទាប់ពី​ក្រសួង សង្កេតឃើញថា ការផ្លាស់ប្តូរ​ទីកន្លែង​បម្រើ​ការងារ​របស់​បុគ្គ​លិ​ក​អប់រំ​កន្លងមក មាន ភាពមិនប្រក្រតី​ដែល​បង្កឡើង​ដោយ​បុគ្គល​មួយចំនួន រហូតដល់​មានការ​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ACU​។​



​ដូច្នេះ​ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព ចៀសវាង​ភាពមិនប្រក្រតី ក្នុងការ​ផ្លាស់ប្តូរ​ទីកន្លែង​បម្រើ​ការងារ​របស់​បុគ្គ​លិ​ក​អប់រំ សម្រាប់​ឆ្នាំ​២០១៦​នេះ ក្រសួង​អប់រំ​បាន​ប្រាប់​ឲ្យ គ្រប់​អង្គភាព​ត្រូវ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​ស្តីពី​ការផ្លាស់ប្តូរ​ទីកន្លែង​បម្រើ​ការងារ ឲ្យ​បាន​ទូលាយ​ដល់​បុគ្គលិក​អប់រំ​ក្រោម​ឱវាទ ព្រមទាំង​កំណត់​កាលបរិច្ឆេទ នៃ​ការទទួល​ពាក្យ និង​ការបញ្ជូន​ពាក្យ​ឲ្យ​បានច្បាស់លាស់​។​

​ក្រសួង​អប់រំ​បានបញ្ជាក់​ទៀតថា អង្គភាព​សាមី​នីមួយៗ​ត្រូវ​ទទួលខុសត្រូវ ក្នុងការ​ពិនិត្យ ផ្ទៀងផ្ទាត់​សំណុំ​ឯកសារ ស្របតាម​លក្ខខណ្ឌ​ដូច​មានចែង​ក្នុង​សេចក្តីណែនាំ​ជា​ធរមាន និង​បញ្ជូន​សំណុំ​ឯកសារ​របស់​សាមីជន ទៅតាម​ឋានានុក្រម​គ្រប់គ្រង​រៀងៗ​ខ្លួន ដោយ​មិន​អនុញ្ញាត​ឲ្យ​សាមីជន ដក​កាន់​ឯកសារ​ផ្ទាល់ខ្លួន​ឡើយ​។

​នៅ​ការិយាល័យ​អប់រំ យុវជន និង​កីឡា ក្រុង ស្រុក ខណ្ឌ​វិញ ប្រធាន អនុប្រធាន​ការិយាល័យ ឬ​មន្ត្រី​ទទួលបន្ទុក​ការងារ​បុគ្គលិក ត្រូវ​ទទួល​ពាក្យស្នើសុំ​របស់​បុគ្គលិក​ដោយផ្ទាល់ ហើយ​ត្រូវបញ្ជូន​ពាក្យស្នើសុំ​មក​មន្ទីរ​ឲ្យ​បាន​ទាន់ពេលវេលា​។ ចំណែកឯ​នៅ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត​វិញ គឺប្រធាន អនុប្រធាន​មន្ទីរ​ទទួលបន្ទុក​ការងារ​បុគ្គលិក និង​បណ្តុះបណ្តាល ត្រូវ​ទទួល​ពាក្យសុំ​ផ្លាស់ប្តូរ​ដោយផ្ទាល់ ហើយ​បញ្ជូនមក​ក្រសួង​អប់រំ យុវជន និង​កីឡា (​នាយកដ្ឋាន​បុគ្គលិក​) តាម​កាលបរិច្ឆេទ​ដែល​បានកំណត់​។  នេះ​បើតាម​សេចក្តីណែនាំ​ដដែល​។​

​ក្រសួង​ក៏បាន​ណែនាំ​ឲ្យ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត ត្រូវបង្កើត​គណៈកម្មកា​រដែ​ល​ដឹកនាំ​ដោយ​ប្រធាន​មន្ទីរ ដើម្បី​ប្រជុំ ពិនិត្យ​សម្រេច ផ្លាស់ប្តូរ​ទីកន្លែង​បម្រើ​ការងារ ដោយ​មិន​ឆ្លង​រាជធានី ខេត្ត និង​មានការ​ចូលរួម​ពី​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា​៕


Tag:
 អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com