អន្តរជាតិ
អាមេរិក តែងតាំង​ស្ត្រី​ដើមកំណើត​អាហ្វ្រិក ជា​មេបញ្ជាការ​ទ័ព​ប្រចាំ​អឺរ៉ុប​
11, Jun 2016 , 4:22 pm        
រូបភាព
សហរដ្ឋអាមេរិក បាន​ចាត់តាំង​នាយ​ឧ​ត្ត​មនា​វី Michelle Howard ជា​ស្ត្រី​មាន​ដើមកំណើត​អាហ្វ្រិក ជា​មេបញ្ជាការ​កងទ័ព​រប​ស់​ខ្លួន ប្រចាំ​ទ្វីបអឺរ៉ុប​។ លោកស្រី នាយ​ឧ​ត្ត​មនា​វី រូបនេះ នឹង​ក្លាយជា​ជនជាតិ​អាមេរិក ដើមកំណើត​អាហ្វ្រិក​ដំបូង​គេ ដែល​កាន់តំណែង ជា​មេបញ្ជាការ​រួម​ដ៏​ធំ​នេះ​។​



នាយ​ឧ​ត្ត​មនា​វី​ទ័ពជើងទឹក​អាមេរិក លោកស្រី Michelle Howard នៅ​ថ្ងៃទី​៧ ខែមិថុនា ត្រូវបានតែងតាំង ជា​មេបញ្ជាការ​កងទ័ព​អាមេរិក ប្រចាំ​អឺរ៉ុប និង​អាហ្វ្រិក និង​បញ្ជា​ការរួម​កងកម្លាំង​សម្ព័ន្ធមិត្ត​ណា​តូ​។ លោកស្រី ជា​ជនជាតិ​ស្បែក​ខ្មៅ​ដំបូង​គេ សម្រាប់​តំណែង​ដ៏​ខ្ពស់​មួយ​នេះ​។

លោកស្រី​នាយ​ឧ​ត្ត​មនា​វី​ផ្កាយ​បួន​នេះ នឹង​បញ្ជា​រាល់​ប្រតិបត្តិការ​ជើង​ទឹក នៅ​អឺរ៉ុប និង​តំបន់​ជាច្រើន នៃ​ទ្វីបអាហ្វ្រិក​។ ចំណែក ទីបញ្ជាការ​ណា​តូ ដែលជា​បញ្ជាការ​មួយ ក្នុងចំណោម​បញ្ជាការ​ពីរ របស់​សម្ព័ន្ធ​ណា​តូ គឺ​ទទួលខុសត្រូវ លើ​ការរៀបចំ​ផែនការ និង​អនុវត្ត​បេសកកម្ម​នានា របស់​ណា​តូ​។​

«​ខ្ញុំ​សន្យា ដឹកនាំ​លោក​-​អ្នក ជាមួយនឹង​កម្លាំង ការតាំង​ចិត្ត និង​ត្រៀមខ្លួន ជានិច្ច​»​។ នេះ​ជាការ​លើកឡើង​របស់ លោកស្រី​នាយ​ឧ​ត្ត​មនា​វី Michelle Howard ក្នុងពេល​ទទួល​បានកា​រតែង​តាំង​។ 

ការទទួល​តំណែង​ថ្មី​របស់លោក​ស្រី​ឧ​ត្ត​មនា​វី គឺ​ចំ​ពេលដែល អាមេរិក និង​ណា​តូ កំពុងតែ​សហការគ្នា ទ​ប​ទល់នឹង សកម្មភាព​យោធា​របស់​រុស្សី និង​ការទប់ស្កាត់​លំហូរ​ជនភៀសខ្លួន នៅក្នុង​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​នេ​។ លោកស្រី Michelle Howard ក៏​ទើបតែ​បញ្ចប់​តួនាទី ជា​មេបញ្ជាការរង នៃប្រតិបត្តិ​ការ​ជើង​ទឹក ហើយ​លោកស្រី នឹង​ស្នង​តំណែង​ពី​លោក ឧ​ត្ត​មនា​វី Mark Ferguson ដែល​ចូលនិវត្តន៍​។​

ការចាកចេញ​របស់លោក Mark Ferguson ក៏​ស្រប​ពេលដែល​រុស្សី កំពុងតែ​ពង្រីក​ប្រតិបត្តិការ​ជើង​ទឹក​របស់ខ្លួន នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ខាងជើង និង​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​នេ​។ ការពង្រាយ​ប្រតិបត្តិការ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កងកម្លាំង​ជើង​ទឹក​របស់​ណា​តូ ដែល​រួមមាន នាវាមុជទឹក កប៉ាល់ និង​យន្តហោះ​ស៊ើបការណ៍​សមុទ្រ​។  

ជាមួយគ្នានេះដែរ កងកម្លាំង​ជើង​ទឹក ក៏​កំពុងតែ​រៀបចំខ្លួន ក្នុងការ​ចូលរួម​ក្នុងការ​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​អឺរ៉ុប​។ បញ្ជាការ​កងទ័ពជើងទឹក​អាមេរិក នឹង​ពង្រាយ​នាវា ទៅកាន់​សមុទ្រ​អេ​ជែ​ន នៅ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​។ មួយវិញទៀត ទ័ពជើងទឹក​នេះ នឹងចូលរួម​ជាមួយ​ក​ង​កម្លាំង​ណា​តូ ដើម្បី​ជួយ​តួ​ក​គី និង​ក្រិ​ក ក្នុង​បញ្ឈប់​ការរត់ពន្ធ​មនុស្ស រវាង​ប្រទេស​ទាំងពីរ​។​

ទាក់ទង​នឹង​លោក​ឧ​ត្ត​មនា​វី Mark Ferguson នោះដែរ លោក មាន​តួនាទី​សំខាន់​ក្នុង​សកម្មភាព​ជើង​ទឹក ក្នុង​ខែមិថុនា​នេះ ដូចជា​ការមកដល់​នៃ​នាវា​ដឹក​យន្តហោះ​ចំនួន​ពីរ នៅ​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​នេ គឺ​នាវា USS Harry S. Truman និង USS Dwight D. Eisenhower​។ លោក ក៏​ដឹកនាំ​សមយុទ្ធ​ពហុ​សាសន៍ នៅ​សមុទ្រ​បាល់​ទិ​ក ផងដែរ​៕


Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com