អន្តរជាតិ
ប្រមុខUN ៖ ការគំរាមពីក្រុមរដ្ឋឥស្លាម នៅតែមានកម្រិតខ្ពស់
12, Jun 2016 , 1:03 pm        
រូបភាព
ក្រុមជ្រុលនិយមរដ្ឋឥស្លាម នៅតែបន្តគំរាមលើសន្តិសុខពិភពលោកដដែល បើទោះជាក្រុមនេះរងការវាយបកផ្ទួនៗ ពីសំណាក់កងកម្លាំងអន្តរជាតិ នៅក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់ ក៏ដោយ។ ក្នុងរបាយការណ៍ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បញ្ជា្កក់ថា ការគំរាមកំហែង ពីសកម្មភាពក្រុម ISIS នៅតែមានកម្រិតខ្ពស់ និងបន្តរហូត និងស្នើឲ្យប្រទេស ជាសមាជិកទាំងអស់ សហការគ្នា ដើម្បីកម្ទេចក្រុមជ្រុលនិយមនេះ។


តាមរយៈរបាយកាណ៍កម្រាស់ ២១ទំព័រ ប្រមុខអង្គការសហប្រជាជាតិ បាន គីមូន បានរៀបរាប់ពីសកម្មភាពក្រុមជ្រុលនិយមរដ្ឋឥស្លាម ដែលបង្កជា ការគំរាមកំហែងធ្ងន់ធ្ងរ ដល់សុខសុវត្ថិភាពពិភពលោក។ ដោយមើលឃើញពីការគ្រោះថ្នាក់ ដែលបន្តកើតមាន លោក បាន គីមូន បានទទូចដល់ប្រទេសជាសមាជិកទាំងអស់ ចាត់វិធានការ ដើម្បីឆ្លើយតប នឹងការគំរាមកំហែង បើទោះជាក្រុមនេះ ហាក់ដូចជាបាត់បង់កម្លាំងបន្តិចក្ដី។ 

ក្នុងរបាយការណ៍ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃទី៦ ខែមិថុនា អគ្គលេខាធិការរូបនេះ និយាយថា ការដាក់សម្ពាធយោធានៅស៊ីរី និងអ៊ីរ៉ាក់ ដោយកងកម្លាំងអន្តរជាតិ ធ្វើឲ្យក្រុមជ្រុលនិយមខូចខាតយ៉ាងដំណំ ប៉ុន្តែ មិនបានធ្វើឲ្យក្រុមនេះ ចុះខ្សោយប៉ុន្មាននោះទេ។ ក្រុមជ្រុលនិយមនេះ នៅតែមានលទ្ធភាព បង្កការខូចខាត និងមានសកម្មភាព គួរកត់សម្គាល់ដដែល។ លោក អះអាងថា កត្តាគួរឲ្យព្រួយបារម្ភនោះ គឺ គ្មានរដ្ឋជាសមាជិកណា មានរបាការណ៍ថា ក្រុម ISIS ខ្វះខាតអាវុធទេ។ 

លោក បាន គីមូន បន្តទៀតថា ក្នុងរយៈពេល ៦ខែចុងក្រោយនេះ ក្រុម ISIS បានធ្វើសកម្មភាព និងប្រកាសទទួលខុសត្រូវ លើការវាយប្រហារជាច្រើន ទាំងនៅទ្វីបអាស៊ី និងអឺរ៉ុប។ ការវាយប្រហារទាំងនោះ បានសម្លាប់មនុស្ស ច្រើនជាង៥០០៩នាក់ និងជាច្រើននាក់ទៀត រងរបួស។ មួយវិញទៀត ការវាយប្រហារនៅប៉ារីស ក្នុងឆ្នាំ២០១៥ និងក្នុងក្រុងព្រុចសែល ក្នុងឆ្នាំ២០១៦ បានបង្ហាញពីសមត្ថភាព នៃក្រុមISIS ដែលមានលទ្ធភាពវាយប្រហារ នៅច្រើនទីតាំងព្រមៗគ្នា។

ជាមួយគ្នានោះដែរ អគ្គលេខាធិការ UN ក៏បានលើកឡើងពី លំហូរអ្នកប្រយុទ្ធបរទេស ដែលកំពុងជួយក្រុម ISIS ផងដែរ។ លោកប្រាប់ឲ្យដឹងថា ចំនួនអ្នកប្រយុទ្ធជាច្រើន មកពីប្រទេសនានា នៅតែបន្តរត់ចុះចូលក្រុមជ្រុលនិយម ក្នុងស៊ីរី និងអ៊ីរ៉ាក់។ លោកបានស្រង់របាយការណ៍ពីរដ្ឋ ជាសមាជិក UN ថា មានអ្នកប្រយុទ្ធជិតបួនម៉ឺននាក់ ប៉ុនប៉ងភៀសខ្លួនទៅតំបន់នោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលភាគច្រើនមកពី អាហ្រ្វិកខាងជើង មជ្ឈិមបូព៌ា និងអាស៊ីអាគ្នេយ៍ ជាដើម។ 

យ៉ាងណាមិញ ចំនួននៃអ្នកប្រយុទ្ធបរទេស ហាក់មានការធ្លាក់ចុះ ដោយសារការចាត់វិធានការ រារាំងការរត់ចុះចូល នៃក្រុមប្រយុទ្ធទាំងនោះ ក៏ដូចជាការរឹតបន្តឹងត្រូតពិនិត្យព្រំដែន នៅតាមព្រំដែន ជាមួយនឹងស៊ីរី និងអ៊ីរ៉ាក់។ ប៉ុន្តែ ក្រុមជ្រុលនិយម នៅបន្តប្រើអំពើហិង្សាផ្លូវភេទ ជាធ្នាក់ ទាក់ទាញអ្នកប្រយុទ្ធបរទេស ឲ្យចូលរួមជាមួយពួកគេ និងជាវិធី ដើម្បីរកចំណូលបន្ថែម។ បញ្ហានេះ ក៏ធ្វើឲ្យ មានកំណើនការរត់ពន្ធមនុស្ស ពីសំណាក់ក្រុម ISIS ក្នុងការស្វែងរកប្រភពហិរញ្ញវត្ថុ សម្រាប់ផ្គត់ផ្គង់ សមាជិករបស់ខ្លួន។

ចុងក្រោយនោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ  បានស្នើឲ្យរដ្ឋ ជាសមាជិកទាំងអស់ រួមគ្នា ប្រយុទ្ធប្រឆាំង នឹងការគំរាមកំហែង នៃក្រុម ISIS ដោយរួមបញ្ចូលទាំងការរួមគ្នា កាត់ផ្ដាច់លំហូរហិរញ្ញវត្ថុ ដែលជាដង្ហើមរបស់ក្រុមមួយនេះ។ ចំណែក លោក បាន គីមូន ក៏ស្នើឲ្យប្រទេសទាំងអស់ ពង្រឹងកិច្ចសហប្រតតបត្តិការអន្តរជាតិ ក្នុងការកម្ទេចក្រុម ISIS ក៏ដូចជា ក្រុមភេរវជនដទៃទៀត ផងដែរ៕


Tag:
 BanKiMoon
  ក្រុមរដ្ឋឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com