កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2016៖ បារាំង ហាមឃាត់​ការលក់​គ្រឿង​ស្រវឹង​ក្បែរ​កីឡដ្ឋាន​
13, Jun 2016 , 2:34 pm        
រូបភាព
 
 
​បន្ទាប់ពី​មាន​អំពើហិង្សា​រវាង​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​ក្រុម​ជម្រើសជាតិ​រុស្សី ក្នុងការ​ប្រកួត​ពានរ​ង្វាន់​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប​ប្រចាំ ឆ្នាំ​២០១៦ អាជ្ញាធរ​បារាំង បានស្នើ​ឲ្យ​ទីក្រុង​ម្ចាស់ផ្ទះ ហាមឃាត់​ការប្រើប្រាស់​គ្រឿង​ស្រវឹង នៅក្បែរ​កីឡដ្ឋាន​ប្រកួត និង​នៅតាម​ទីតាំង​សម្រាប់​ក្រុម​អ្នកគាំទ្រ​។

 
​រដ្ឋាភិបាល​បារាំង នឹង​រឹតត្បិត​ការប្រើប្រាស់​គ្រឿង​ស្រវឹង នៅក្នុង​ទីក្រុង​ដែលជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​ពានរង្វាន់​ទ្វីបអឺរ៉ុប​ប្រចាំឆ្នាំ ២០១៦ បន្ទាប់ពី​ការកើតឡើង​ការប៉ះទង្គិច​រវាង​អ្នកគាំទ្រ និង​ប៉ូលិស នៅឯ​ទីក្រុង Marseilles​។ ការ​រឹតត្បិត​នេះ ជា​ចំណាត់ការ​បន្ទាន់​របស់​រដ្ឋាភិបាល​បារាំង ដើម្បី​រារាំង​ការកើតឡើង​អំពើហិង្សា នៅពេល​ខាងមុខ ខណៈ​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​អឺរ៉ុប កំពុងតែ​ស៊ើបអង្កេត​ចំពោះ​អំពើហិង្សា​នេះ​ផងដែរ​។  
 
​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង លោក Bernard Cazeneuve អះអាងថា លោក​នឹង​ចាត់វិធានការ​ចាំបាច់​ទាំងអស់ ដើម្បី​ហាមឃាត់​ការលក់​គ្រឿង​ស្រវឹង ការប្រើប្រាស់ និង​ការដឹកជញ្ជូន​គ្រឿង​ស្រវឹង ទៅកាន់​តំបន់​មួយចំនួន នៅ​ថ្ងៃ​ប្រកួត ព្រមទាំង​នៅ​ថ្ងៃ ដែល​កន្លែង​ជួបជុំ​សម្រាប់​អ្នកគាំទ្រ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​។ លោក Cazeneuve បន្តថា ការហាមឃាត់ ក៏​នឹង​រួម​ប​ញ្ជូ​ល​ទាំង​កន្លែង​សាធារណៈ និង​ហាង​លក់ដូរ​ផ្សេងៗ​ជាដើម​។ ជាមួយគ្នា​នោះដែរ មន្ត្រី​ប្រចាំ​តំបន់ ក៏​អាច​ហាមឃាត់​បារ និង​ហាង​កាហ្វេ ពី​ការលក់ នៅខាងមុខ​ហាង ផងដែរ​។​
 
​យោងតាម​ការផ្សាយ​រប​ស់ BBC ទាក់ទង​នឹង​ការប៉ះទង្គិច​នៅ​ទីក្រុង Marseilles  រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង និយាយថា អំពើហិង្សា​នេះ មិនអាច​ទទួលយកបាន​ទេ​។ ពោល គឺ​មិនអាច​ទទួលយកបាន​ទាំង​អាជ្ញាធរ ទាំង​សង្គម​បារាំង និង​ជាពិសេស​នោះ គឺ​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់​តែម្ដង​។   
 
​ការហាមឃាត់​នេះ ធ្វើឡើង​នៅក្រោយ​ការប៉ះទង្គិច​រវាង​ក្រុម​អ្នកគាំទ្រ​ជម្រើសជាតិ​អង់គ្លេស និង​ក្រុម​ជម្រើសជាតិ​រុស្សី នៅ​ថ្ងៃទី​១១ ខែមិថុនា​។ អ្នកគាំទ្រ​ប្រទេស​ទាំងពីរ បាន​ប៉ះទង្គិច​គ្នា​មុន​ការប្រកួត​ម្ដង​រួចទៅហើយ​។ ប៉ុន្តែ​ចលាចល ក៏​កើត​ម្ដងទៀត ក្នុង​ទីក្រុង Marseille ក្រោយ​អង់គ្លេស និង​រុស្ស៊ី បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ នា​ការប្រកួត Euro ឆ្នាំ​២០១៦ ។ 
 
​យ៉ាងណាមិញ នៅឯ​ទីក្រុង​Lens ជាទី​តាំង​ការប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​វែ​ល នៅ​ថ្ងៃទី​១៦ ខែមិថុនា អាជ្ញាធរ​បារាំង ក៏បាន​ហាមឃាត់​ការលក់​គ្រឿង​ស្រវឹង​រួចហើយ​ដែរ​។ ចំណែកឯ អ្នកគាំទ្រ ដែល​មិនមាន​សំបុត្រ​សម្រាប់​ចូល​ទស្សនា​ក្នុង​កីឡដ្ឋាន ឬ​ចូល​តំបន់​សម្រាប់​អ្នកគាំទ្រ ត្រូវបាន​ប្រាប់ មិន​ឲ្យ​ធ្វើដំណើរ​នោះទេ​។ 
 
​សូមបញ្ជាក់ថា ការប៉ះទង្គិច​គ្នា​ក្រោយ​ការប្រកួត​រុស្ស៊ី​-​អង់គ្លេស បាន​បណ្តាល​ឲ្យ​អ្នកគាំទ្រ​អង់គ្លេស​មួយចំនួន​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ នា​រយៈពេល​បី​ថ្ងៃ​ចុងក្រោយ​នេះ គេ​ក៏​សង្កេតឃើញថា អំពើហិង្សា​បានកើត​ឡើងជា​ប់​គ្នា​រវាង​ក្រុម​អ្នកគាំទ្រ​ជម្រើសជាតិ​អង់គ្លេស និង​ក្រុម​អ្នកគាំទ្រ​ជម្រើសជាតិ​ផ្សេងទៀត រួមទាំង​ប៉ូលិស​ផងដែរ​។ អង្គភាព​កីឡាបាល់ទាត់​ប្រចាំ​ទ្វីបអឺរ៉ុប ក៏​មិនទាន់​ប្រកាស​ដាក់ពិន័យ​ជា​ផ្លូវការ​ណាមួយ​ឡើយ ដោយ​ពួកគេ​គ្រាន់តែ​ព្យាយាម​អំពាវនាវ​ឲ្យ​មានការ​ស្ងប់ស្ងៀម​ប៉ុណ្ណោះ​៕

Tag:
 បារាំង​
 Euro 2016
© រក្សាសិទ្ធិដោយ thmeythmey.com