អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក Kalla៖ ឥណ្ឌូណេស៊ី មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្លួន ត្រូវ​កាត់ទោស​នៅ​សិង្ហ​បុរី​ទេ
14, Jun 2016 , 7:39 am        
រូបភាព
 ​បញ្ហា​ផ្សែង​ដែល​ចេញ​ភ្លើង​ឆេះ​ព្រៃ បាន​លេចឡើង​ជាថ្មី បន្ទាប់ពី​សិង្ហ​បុរី ប្រុង​ចាប់ខ្លួន​ជនជាតិ​ឥណ្ឌូណេស៊ី ដែល​សង្ស័យថា ស្ថិតនៅ​ពីក្រោយ​ភ្លើង​ឆេះ​ព្រៃ កាលពី​ឆ្នាំ​២០១៥​។ យ៉ាងណាមិញ អនុ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ក៏​ប្រកាស​ដែរ​ថា ឥណ្ឌូណេស៊ី នឹងមិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្លួន ត្រូវបាន​កាត់ទោស​នៅក្រោម​ច្បាប់​របស់​សិង្ហ​បុរី​នោះទេ​។​

 
​អនុ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Jusuf Kalla បាន​ចេញមក​ការពារ​ជនជាតិ​ឥណ្ឌូណេស៊ី ដែល​ត្រូវ​ទទួលខុសត្រូវ​លើ ភ្លើង​ឆេះ​បង្ក​ជា​ផ្សែង​អ័ព្ទ នៅ​ទូទាំង​តំបន់ និង​កំពុង​ស្វែងរក​ចាប់ខ្លួន ដោយ​អាជ្ញាធរ​សិង្ហ​បុរី​។ លោក​និយាយថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី នឹងមិន​បញ្ជូន​ជនជាតិ​ខ្លួន ទៅ​ឲ្យ​សិង្ហ​បុរី កាត់ទោស​តាមច្បាប់​របស់ខ្លួន​ទេ​។​
  
​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក Detiknews នៅ​ថ្ងៃទី​១៣ ខែមិថុនា អនុ​ប្រធានាធិបតី Kalla អះអាងថា​៖«​ប្រសិនបើ​មាន​កំហុស​នៅ​សិង្ហ​បុរី សិង្ហ​បុរី​អាច​កាត់ទោស​បាន​។ ប៉ុន្តែ​ភ្លើង​ឆេះ នៅក្នុង​ឥណ្ឌូណេស៊ី ដូច្នេះ នេះ​ជា​បញ្ហា​របស់​យើង (​ឥណ្ឌូណេស៊ី​)​។​» 
 
​ការលើកឡើង​របស់​អនុ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ធ្វើឡើង​បន្ទាប់ពី ទីភ្នាក់ងារ​បរិស្ថាន​ជាតិ​សិង្ហ​បុរី និយាយថា ខ្លួន​ទទួលបាន​ដីកា ពី​តុលាការ ដើម្បី​ស្វែងរក​អ្នកចាត់ការ​ក្រុមហ៊ុន ជា​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ ដែល​មិនបាន​ចូលមក​ផ្ដល់​សម្ភាស ខណៈ​រូបគេ នៅ​សិង្ហ​បុរី​។ អ្នកចាត់ការ​រូបនោះ ត្រូវ​សង្ស័យថា ជាប់​ពាក់ព័ន្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ ដែល​បង្ក​ជា​ផ្សែង​អ័ព្ទ បំពុល​ដល់​សិង្ហ​បុរី​។ ប៉ុន្តែ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​ទាត់ចោល​ការប៉ុនប៉ង​ចាប់ខ្លួន​នេះ តាមរយៈ​ស្ថានទូត​របស់ខ្លួន ប្រចាំ​សិង្ហ​បុរី​។​
 
​នៅក្នុង​ឆ្នាំ​២០១៤ សិង្ហ​បុរី បានអនុម័ត​ច្បាប់​ស្ដីពី ផ្សែង​ពុល​ឆ្លង​ព្រំដែន ដែល​នឹង​ត្រួតពិនិត្យ លើ​ក្រុមហ៊ុន​ណា ដែល​បង្ក​ជា​ភ្លើង​ឆេះ ឬក៏​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​សម្បទាន​របស់ខ្លួន ដុត​ព្រៃ ព្រមទាំង​ក្រុមហ៊ុន​ពាក់ព័ន្ធ នឹង​ផ្សែង​អ័ព្ទ ដែល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សិង្ហ​បុរី ក៏ដូចជា​ផ្នែក​ជាច្រើន​ក្នុង​តំបន់​។ វិស័យ​ទេសចរណ៍ និង​ឧស្សាហកម្ម​ហោះហើរ សុទ្ធតែ​រង​ផលវិបាក នៃ​ផ្សែង​អ័ព្ទ ដែល​ហុយ​ចេញពី ភ្លើង​ឆេះ​ព្រៃ និង​ដី នៅ​ឥណ្ឌូណេស៊ី​។  
 
​ក្រសួង​ការ​របរ​ទេស​សិង្ហ​បុរី បកស្រាយ​ថា ច្បាប់​នេះ គឺ​ស្រប​នឹង​ច្បាប់​អន្តរជាតិ ដែល​អនុញ្ញាត​ឲ្យ​ប្រទេសមួយ ចាត់វិធានការ​ចាំបាច់ ដើម្បី​ការពារ​ខ្លួន ពី​សកម្មភាព​ខាងក្រៅ ហើយ​ច្បាប់​នវ ក៏​មិន​ប៉ះពាល់​ដល់​អធិបតេយ្យភាព ប្រទេស​ណាមួយ​ដែរ​។ ចំណែកឯ លោក  Masagos Zulkifli រដ្ឋមន្ត្រី​បរិស្ថាន និង​ធនធានទឹក សិង្ហ​បុរី ក៏​បញ្ជាក់ដែរថា រដ្ឋាភិបាល​សិង្ហ​បុរី នឹងធ្វើ​អ្វី​គ្រប់បែបយ៉ាង ដើម្បី​អនុវត្ត​ច្បាប់​ថ្មី​នេះ​៕
 
  

Tag:
 សិង្ហ​បុរី​
 ​ឥណ្ឌូណេស៊ី​
 Jusuf Kalla
© រក្សាសិទ្ធិដោយ thmeythmey.com