អន្តរជាតិ
មន្ត្រី​រុស្សី សរសើ​អ្នកគាំទ្រ​ដែល​ការពារ​កិត្តិយស​ប្រទេស​នៅ Euro 2016
14, Jun 2016 , 3:16 pm        
រូបភាព
​ខណៈ​ការកើតឡើង​អំពើហិង្សា​កំពុង​បង្ក​ការព្រួយបារម្ភ​នោះ នៅ​អំឡុងពេល នៃ​ការប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់​ទ្វីបអឺរ៉ុប​ប្រចាំឆ្នាំ​២០១៦ នៅឯ​ទីក្រុង​មូ​ស្គូ​ឯណោះ មន្ត្រីជាន់ខ្ពស់​ផ្នែក​កីឡាបាល់ទាត់​របស់​រុស្សី បែរជា​កោតសរសើរ អ្នកគាំទ្រ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​រុស្សី ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​ទៅវិញ​។



​លោក Igor Lebedev មន្ត្រី​នៅក្នុង​សហព័ន្ធ​កីឡាបាល់ទាត់​រុស្សី បាន​ការពារ​សកម្មភាព​របស់​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​រុស្សី ដែល​បង្កចលាចល ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​ទ្វីបអឺរ៉ុប ក្នុង​ទីក្រុង Marseilles កាលពី​ចុង​សប្ដាហ៍​មុន​។ លោក Lebedev អះអាងថា ក្រុម​អ្នកគាំទ្រ​ទាំងនោះ បានការ​ពារ​កិត្តិយស​របស់​ប្រទេស​របស់ខ្លួន ហើយ​ពួកគេ គួរតែ​ទទួលបាន​ការលើកលែង​ទោស​។

​តាមរយៈ​បណ្ដាញ​សង្គម Twitter លោក Igor Lebedev ដែលជា​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហព័ន្ធ​កីឡាបាល់ទាត់​រុស្សី ហាក់​មិនបាន​ភ្ញាក់ផ្អើល​នឹង​អំពើហិង្សា​នេះ​ទេ​។ លោក សរសេរថា​៖« ខ្ញុំ​មិនបាន​អ្វី​ប្លែក​ទេ​ចំពោះ​ការ​វាយ​គ្នា​រវាង​អ្នកគាំទ្រ​។ ផ្ទុយទៅវិញ អ្នកធ្វើ​បានល្អ​ណាស់​។ សូម​ធ្វើ​បន្តទៀត​ចុះ​។​»

​ជាមួយគ្នា​នោះ លោក Igor Lebedev បានបង្ហាញ​ចម្ងល់​ចំពោះ​ការដាក់​កំហុស​លើ​អ្នកគាំទ្រ​រុស្សី​។ លោក បន្ត​ឲ្យ​ដឹង​ទៀតថា លោក​មិន​យល់​ចំពោះ​អ្នកនយោបាយ និង​មន្ត្រី​មួយចំនួន ដែល​រិះគន់​ក្រុម​អ្នកគាំទ្រ​ជម្រើសជាតិ​រុស្សី ប៉ុន្តែ​គួរតែ​ការពារ​ពួកគេ និង​ដោះស្រាយ​ជាមួយ​ពួកគេ នៅពេល​ត្រលប់​មកវិញ​។ លើសពីនោះ លោក​អះអាងថា អ្វីដែល​កើតឡើង​នៅ​ទីក្រុង Marseilles និង​កន្លែង​ដទៃទៀត មិនមែនជា​កំហុស​អ្នកគាំទ្រ​ទេ តែ​បង្ហាញ​ពី​អសមត្ថភាព​របស់​ប៉ូលិស ដែល​រៀបចំ​មិនបាន​ល្អ​។

​បើតាម​ការផ្សាយ​របស់​កាសែត The Guardian មន្ត្រី​រូបនេះ​បន្ថែមថា វា​ជា​រឿង​ធម្មតា​ទេ​ដែល​ទៅ​មើល​បាល់ ហើយ​វាយ​គ្នា​នោះ​។ ពួកគេ​បានការ​ពារ​ប្រទេស​របស់​យើង និង​មិន​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ក្រុម​អង់គ្លេស មើលងាយ​យើង​បាន​។ ជាមួយគ្នា​នោះ លោក​Igor Lebedev ក៏បាន​រិះគន់​សារព័ត៌មាន ដែល​និយាយ​តែ​ពី​អ្នកគាំទ្រ​រុស្សី នៅពេលដែល​អ្នកគាំទ្រ​ជម្រើសជាតិ​អង់គ្លេស ជា​អ្នក​ចាប់ផ្ដើម​អំពើហិង្សា​នេះ​មុន ហើយ​ក្រុម​អ្នកគាំទ្រ​ប្រទេស​ដទៃ ក៏មាន​ការប៉ះទង្គិច​គ្នា​ផងដែរ​។​

​លោក​ក៏​និយាយ​ការពារ​ទៀតថា អ្នកគាំទ្រ​របស់​រុស្សី មិនអាក្រក់​ទេ ហើយ​វា​មិន​ច្បាស់​ទេ​ថា ហេតុអ្វី​បានជា​សារព័ត៌មាន​ព្យាយាម​ចោទថា អំពើ​នេះ​ជា​សកម្មភាព​គួរ​ឲ្យ​ខ្មាស់​នោះ​។ ប្រសិនបើ អ្នកគាំទ្រ​អង់គ្លេស មិន​ធ្វើ​សកម្មភាព​មុន​ទេ អ្នកគាំទ្រ​រុស្សី​ក៏​មិន​វាយបក​វិញ ពី​កន្លែង​អង្គុយ​របស់ខ្លួន​វិញ​ដែរ​៕


Tag:
 ​រុស្សី​
 ​ បារាំង​
  Euro 2016
© រក្សាសិទ្ធិដោយ thmeythmey.com