អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បេក្ខជន​ប្រធានាធិបតី​អាមេរិក​ខ្វែងគំនិត​គ្នា ក្រោយ​ការបាញ់ប្រហារ​នៅ Orlando
14, Jun 2016 , 10:39 pm        
រូបភាព
​ហេតុការណ៍​បាញ់ប្រហារ​ក្នុង​ក្លឹប​កំសាន្ត​នៅ​ទីក្រុង Orlando ក្លាយជា​ប្រ​ធា​បទ​ក្ដៅ សម្រាប់​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ទាំងពីរ​។ បេក្ខជន​ទាំងពីរ បាន​បញ្ចេញ​ទស្សនៈ​ផ្ទុយគ្នា ក្នុង​គោលដៅ​ទាក់ទាញ​សំឡេងគាំទ្រ ពី​ហេតុការណ៍​បាញ់ប្រហារ​នេះ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជិត​៥០​នាក់ បាត់បង់​ជីវិត​។​



សូមស្ដាប់ព័ត៌មានលម្អិត៖

**audio2**

​ការបាញ់ប្រហារ​នៅ​ទីក្រុង Orlando មិនបាន​ធ្វើ​ឲ្យ​បេក្ខជន​ប្រធានាធិបតី​អាមេរិក មានគំនិត​ស្របគ្នា​នោះទេ​។ ហេតុការណ៍​នេះ កំពុងតែ​ហែកហួរ​នយោបាយ​ក្នុងស្រុក​របស់​អាមេរិក ដោយ​បេក្ខជន​មកពី​បក្ស​ធំៗ​ទាំងពីរ មាន​ចំណាត់ការ​ផ្ទុយគ្នា លើ​របៀប​នៃ​ការប្រយុទ្ធប្រឆាំង នឹង​សកម្មភាព​ក្រុម​ជ្រុលនិយម ព្រមទាំង​ការ​រឹតបន្តឹង​សុវត្ថិភាព សម្រាប់​ប្រជាជន​អាមេរិក​។ 

​បេក្ខជន​ប្រធានាធិបតី​មកពី​បក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ ប្រកាសថា លោក នឹង​រឹតបន្តឹង​លើ​គោលនយោបាយ​ទាក់ទង​នឹង​ជនអន្តោប្រវេសន៍ និង​ស្នើ​ឲ្យ​បញ្ឈប់​ការអនុញ្ញាត​ឲ្យ​ជនភៀសខ្លួន​ស៊ី​រី មក​តាំង​លំ​នៅលើ​ទឹកដី​អាមេរិក​។ ថ្លែង​ពីរ​ដ្ឋ New Hampshire នៅ​ថ្ងៃទី​១៣ ខែមិថុនា បេក្ខជន​រូបនេះ​បន្តថា ប្រសិនបើ​លោក​ជាប់ឆ្នោត ជា​ប្រធានាធិបតី លោក​នឹង​ផ្អាក​លំហូរ​ជនអន្តោប្រវេសន៍ ពី​តំបន់​ណាមួយ ដែល​រកឃើញថា មាន​ប្រវត្តិ​ជាប់​ពាក់ព័ន្ធ នឹង​ភេរវកម្ម លើ​ទឹកដី​អាមេរិក ឬ​ទឹកដី​សម្ព័ន្ធមិត្ត​របស់ខ្លួន​។​

​សេដ្ឋី​អចលនទ្រព្យ​រូបនេះ និយាយទៀតថា យើង​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ជាច្រើន​ពាន់​នាក់ ហូរ​ចូល​ទឹកដី​អាមេរិក​នោះទេ ដ្បិត​ពួកគេ​ខ្លះ មានគំនិត​ដូចនឹង​ជន​បាញ់ប្រហារ នៅ Orlando ដូច្នោះ​ដែរ​។ ឆ្លៀត​ពេលនោះ លោក ដូ​ណា​ល់ ត្រាំ ក៏បាន​វាយប្រហារ​ធ្ងន់ៗ លើ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ព្រោះ​លោកស្រី អនុញ្ញាត​ឲ្យ​ភេរវជន​ឥស្លាម​និយម ចូលមក​ទឹកដី​អាមេរិក​។ លោក ត្រាំ អះអាង​ដែរ​ថា លោកស្រី គ្លី​ន​តុ​ន មិន​យល់​អ្វី​ពី​រ៉ាឌីកាល់​ឥស្លាម​និយម​ទេ​។

​ទាក់ទិន​នឹង​ការបាញ់ប្រហារ​នេះដែរ បេក្ខជន​ប្រធានាធិបតី​មកពី​បក្ស​ប្រជាធិបតេយ្យ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក៏​ឆក់​ឱកាស​នេះ ស្វែងរក​ការគាំទ្រ​ផងដែរ ប៉ុ​ន្ត​លោកស្រី មិនបាន​ខ្វល់​នឹង​លោក ត្រាំ នោះទេ​។ បើតាម​ទីភ្នាក់ងារ AFP បេក្ខជន​រូបនេះ បានស្នើ​ឲ្យ​ប្រជាជន​អាមេរិក បដិសេធ នយោបាយ​ប្រកាន់​បក្សពួក និង​រួមគ្នា​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​។

​ដោយ​មិន​និយាយ​ចំ​ដល់​លោក ត្រាំ ដែលមាន​នយោបាយ​តឹងរ៉ឹង​នឹង​ជន​មូស្លីម លោកស្រី គ្លី​ន​តុ​ន បញ្ជាក់ដែរថា វោហារសាស្ត្រ​ដែល​ដុត​បញ្ឆេះ​ប្រឆាំង​ឥស្លាម និង​ការហាមឃាត់​លើ​សាសនា នឹង​ប៉ះពាល់​កាន់តែខ្លាំង​លើ​ជន​មូស្លីម ដែល​ស្អប់​ភេរវកម្ម​។ លោកស្រី ព្រមាន​ដែរ​ថា ប្រជាភិថុតិ មិនអាច​បញ្ចប់​ភេរវកម្ម​បានទេ​។ លើសពីនោះ បេក្ខជន​ប្រធានាធិបតី​រូបនេះ ក៏​ទាមទារ​ឲ្យ​អា​រ៉ា​ប៊ី សា​អូឌីត និង​គុយ​វ៉ែត ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក ឲ្យ​បញ្ឈប់​នយោបាយ​ណា ដែលមាន​ប្រយោជន៍​ដល់​ក្រុម​ជ្រុលនិយម ជាពិសេស ទប់ស្កាត់​ជនជាតិ​ខ្លួន ពី​ការផ្គត់ផ្គង់​ក្រុម​ភេរវជន​។

​សូម​រម្លឹក​ដែរ​ថា ករណី​បាញ់ប្រហារ​នៅ​ក្លឹប​កំសាន្ត​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នៅ​ក្រុង Orlando នារ​ដ្ឋ Florida នា​ថ្ងៃអាទិត្យ​ទី ១២ មិថុនា បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​កើន​ដល់ ៥០​នាក់​ហើយ​។ ចំណែក​មនុស្ស​ចំនួន​៥៣​នាក់​ផ្សេងទៀត​បាន​រងរបួស​និង​កំពុង​ទទួល​ការសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​៕


Tag:
 ហ៊ី​ឡា​រី​គ្លី​ន​តុ​ន​
  ​ដូ​ណា​ល់​ត្រាំ​
  ​អាមេរិក​
  Orlando
© រក្សាសិទ្ធិដោយ thmeythmey.com