អន្តរជាតិ
ប្រធានាធិបតី​ហ្វីលីពីន ឲ្យ​រដ្ឋមន្ត្រី​ជិះឡាន Avanza ព្រោះ​មាន​តម្លៃថោក
16, Jun 2016 , 8:19 pm        
រូបភាព
​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​ហ្វីលីពីន លោក Rodrigo Duterte ដែល​ល្បី ដោយសារ​គោលនយោបាយ​តឹងរ៉ឹង និង​ប្លែកៗ បានដាក់​ចេញ​នូវ​វិធានការ​ថ្មី​មួយទៀត សំដៅ​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋាភិបាល​។ ប្រធានាធិបតី​រូបនេះ មាន​ផែនការ​ឲ្យ​រដ្ឋមន្ត្រី​ទាំងអស់ ក្នុងគណៈ​រដ្ឋមន្ត្រី​រប​ស់លោក ជិះឡាន​ម៉ូ​ដែល​ប្រភេទ​ថ្មី ដែលមាន​តម្លៃថោក​។​



​សមាជិក​គណៈរដ្ឋមន្ត្រី ក្នុង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​ហ្វីលីពីន លោក Rodrigo Duterte មិនមាន​ឡាន​ស៊េរី​ទំនើប​នោះទេ​។ លោក Duterte គ្រោង​នឹង​ឲ្យ​រដ្ឋមន្ត្រី​របស់លោក ជិះឡាន​ប្រភេទ​ថ្មី ជំនួស​ឡាន​ទំនើបៗ​។ រថយន្ត​តូយ៉ូតា Avanza នឹង​ក្លាយជា​រថយន្ត​ផ្លូវការ សម្រាប់​ដឹកជញ្ជូន​រដ្ឋមន្ត្រី​របស់ លោក Duterte ព្រោះ​រថយន្ត​នេះ មានតម្លៃ​ថោក​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន Inquirer​។

​ជាមួយគ្នានេះដែរ ក្នុង​វេទិកា​ជាមួយ​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី​១៤ ខែមិថុនា ប្រធានរដ្ឋសភា​ជ្រើសតាំង​ថ្មី លោក Pantaleon Alvarez ក៏បាន​បញ្ជាក់​ពី​ការជ្រើសរើស​ឡាន Avanza នេះដែរ​។ លោក និយាយថា លោក Duterte ចង់បាន​ឡាន​ប្រភេទ​នេះ ដោយសារ​ឡាន​នេះ​មាន​តម្លៃថោក​។ លើសពីនេះ ដោយ​ទំនងជា​និយាយ​បែប​លែង​សើច លោក Alvarez បន្តថា លោក​នឹង​ជិះឡាន​ដឹកទំនិញ នៅពេល​លោក Duterte កាន់អំណាច ព្រោះ​លោក​ទម្លាប់​ជិះឡាន​នេះ​។

​បន្ទាប់ពី​ទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​រួចមក ប្រធានាធិបតី​ជាប់ឆ្នោត លោក Duterte បាន​ប្រាប់​សមាជិក​គណៈរដ្ឋមន្ត្រី​ថា លោក​នឹង​សន្សំសំចៃ ក្នុងពេល​អាណត្តិ​របស់​លោក​។ គោលនយោបាយ​សន្សំសំចៃ រួមបញ្ចូល​ទាំង ការកាត់បន្ថយ​ប្រាក់​លើកទឹកចិត្ត ការ​ជិះ​យន្តហោះ​ថ្លៃៗ ការប្រើប្រាស់​ថវិការដ្ឋ​សម្រាប់​ដំណើរ​កំសាន្ត ក៏ដូចជា​រថយន្ត​ទំនើបៗ​ផងដែរ​។

​លោក Duterte ដែល​នឹង​ស្បថ​ចូលកាន់​តំណែង នៅ​ថ្ងៃទី​៣០ ខែមិថុនា ក៏​ប្រកាស​ដែរ​ថា គោលការណ៍​សំខាន់ៗ ទាំង​អម្បាលម៉ាន នឹង​ចូល​ជា​ធរមាន នៅ​ថ្ងៃ​ដែល​លោក​ចូលកាន់​តំណែង​។

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ មួយ​សប្ដាហ៍​ក្រោយ​ឈ្នះឆ្នោត អតីត​អភិបាលក្រុង Davao រូបនេះ បានប្រកាស​ពី​ផែនការ​លក់​នាវា​កំសាន្ត​សម្រាប់​ប្រធានាធិបតី និង​ប្រែ​យន្តហោះ​ទាំងអស់ សម្រាប់​ប្រធានាធិបតី ទៅជា​យន្តហោះ​សង្គ្រោះបន្ទាន់​វិញ​ទៀតផង​។ យន្តហោះ​ទាំងនោះ ពីមុន​ប្រើ​សម្រាប់​ដឹក​ប្រធានាធិបតី មន្ត្រីជាន់ខ្ពស់ និង​ភ្ញៀវ​ពិសេស​ជាដើម​៕


Tag:
 Rodrigo Duterte
 ​ ហ្វីលីពីន​
© រក្សាសិទ្ធិដោយ thmeythmey.com