អន្តរជាតិ
វេ​ណេ​ស៊ុយ​អេ​ឡា​៖​ជាង​៤០០​នាក់​ត្រូវ​ចាប់ខ្លួន ដោយសារ​ខ្វះ​ស្បៀង​ហើយ​បង្ខំចិត្ត​លួច​ឥ​វ៉ាន់​តាម​ហាង
16, Jun 2016 , 8:59 pm        
រូបភាព
​មនុស្ស​យ៉ាងតិច​បួន​រយ​នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយ​កងកម្លាំង​សន្តិសុខ​វេ​ណេ​ស៊ុយ​អេ​ឡា បន្ទាប់ពី​ពួកគេ ចូល​លួច​ឥ​វ៉ាន់​នៅតាម​ហាង​នានា នៅក្នុង​ប្រទេស​ដែល​រងគ្រោះ​វិបត្តិ​មួយ​នេះ​។ យ៉ាងណាក្ដី មន្ត្រី​ប្រចាំ​តំបន់​និយាយថា ហេតុការណ៍​ចូល​លួច​ឥ​វ៉ាន់​នេះ មាន​អ្នកនយោបាយ​នៅ​ពីក្រោយ​។​



​មន្ត្រី​ប្រចាំ​តំបន់ នៅ​វេ​ណេ​ស៊ុយ​អេ​ឡា នៅ​ថ្ងៃទី​១៥ ខែមិថុនា និយាយថា ប្រជាជន​យ៉ាងហោចណាស់​បួន​រយ​នាក់ ត្រូវ​កម្លាំង​សន្តិសុខ ចាប់ខ្លួន បន្ទាប់ពី​មានការ​ចូលក្នុង​ហាង លួច​យក​របស់របរ យ៉ាង​អាណាធិបតេយ្យ ក្នុង​ទីក្រុង Cumana នៃ​រដ្ឋ Sucre​។ សកម្មភាព​អាណាធិបតេយ្យ​នេះ កើតឡើង ស្រប​ពេលដែល​ប្រទេស​នាំចេញ​ប្រេង​មួយ​នេះ រង​នូវ​វិបត្តិ​ខ្វះ​ស្បៀង​យ៉ាងខ្លាំង​។​

​ទន្ទឹមនឹងនេះ ក៏មាន​របាយការណ៍​ជាច្រើន​ពី​ការបាត់​បង់ជីវិត​អ្នក​តវ៉ា នៅក្នុង​ក្រុង Cumana នៅតាម​បណ្ដាញ​សង្គម​។ ប៉ុន្តែ អភិបាលរដ្ឋ Sucre លោក Luis Acuna ដែល​មកពី​បក្ស​សង្គមនិយម កំពុងកាន់​អំណាច និយាយថា ការស្លាប់​ទាំងនោះ មិន​ពាក់ព័ន្ធ​នឹង​ការ​លួច​ទំនិញ​នោះទេ​។ លោក​ប្រាប់ទៀតថា មានតែ​មនុស្ស​បួន​រយ​នាក់​ប៉ុណ្ណោះ ត្រូវបាន​ចាប់ខ្លួន ហើយ​ការស្លាប់ មិន​ជាប់​ពាក់ព័ន្ធ​គ្នា​ទេ​។

​មួយវិញទៀត លោក Luis Acuna ថែមទាំង​ចាត់ទុក​ក្រុមបាតុករ​ទាំងនោះ មកពី​ក្រុម​ស្ដាំនិយម​ទៀតផង​។ លោក​អះ​អា​ថា ក្រុមបាតុករ គឺ​ត្រូវបាន​ជួល ហើយ​នេះ​ជាការ​រៀបចំ​មួយ​ប៉ុណ្ណោះ​។ ចំណែក​នៅឯ​រដ្ឋ Anzoategui វិញ អភិបាលរដ្ឋ​នេះ លោក Nelson Moreno ក៏​និយាយ​ដែរ​ថា មនុស្ស​៨​នាក់ ត្រូវបាន​ចាប់ខ្លួន នៅ​ថ្ងៃទី​១៤ ខែមិថុនា ព្រោះ​មាន​សកម្ម​ភាពមិនប្រក្រតី ដែល​សំដៅ​ដល់​ការ​លួច​របស់របរ​។​

​សូមបញ្ជាក់ថា នៅ​ប៉ុន្មាន​សប្ដាហ៍​មកនេះ ជាមួយនឹង​សម្រែក យើង​ត្រូវការ​អាហារ​! បាតុកម្ម និង​ការ​លួច​ចូល​ហាង​ទំនិញ បាន​ផ្ទុះឡើង​នៅ​ទូទាំងប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា ដែល​ផ្ដើម​ហេតុ​ដោយ​កង្វះ​ស្បៀងអាហារ​។ ក្នុង​ហេតុការណ៍​ទាំងនោះ ក៏មាន​អ្នកស្លាប់​មួយចំនួន​ផងដែរ​។​

​ជាមួយគ្នា​នោះដែរ បើតាម​ទីភ្នាក់ងារ Reuters ក្រុម​អង្កេត​ហិង្សា​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា បាន​និយាយថា ហេតុការណ៍​លួច​របស់របរ​នេះ តែង​កើតមាន​ចំនួន​ច្រើនជាង​ដប់​លើក ប្រចាំថ្ងៃ ។ នេះ​ក៏ដោយ​សារ​ប្រទេស​នេះ រង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ និង​ជា​ប្រទេស​មាន​កម្រិត​អតិផរណា​ខ្ពស់​ជាងគេ លើ​ពិភពលោក​។

​ក្រុមប្រឆាំង បាន​ចោទ​ប្រធានាធិបតី Nicolas Maduro និង អតីត​ប្រធានាធិបតី Hugo Chavez ជា​អ្នកទទួលខុសត្រូវ ចំពោះ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​នេះ​។ ហើយ​ពេលនេះ ក្រុមប្រឆាំង ក៏​កំពុងតែ​ស្វែងរក ការធ្វើប្រជាមតិ ដើម្បី​ទម្លាក់ លោក Maduro ពី​អំណាច​។ ប៉ុន្តែ លោក Maduro ឆ្លើយតប​ថា ក្រុមប្រឆាំង កំពុង​ធ្វើសង្គ្រាម​សេដ្ឋកិច្ច ជាមួយ​លោក និង​ព្យាយាម​ធ្វើ​រដ្ឋប្រហារ​៕   


Tag:
 វេ​ណេ​ស៊ុយ​អេ​ឡា
© រក្សាសិទ្ធិដោយ thmeythmey.com