អន្តរជាតិ
ជំនួប​ពូ​ទីន​-​ចាំង​កឺ ឈានដល់​ការ​លុប​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​រុស្សី​?
17, Jun 2016 , 3:28 pm        
រូបភាព
​ជំនួប​រវាង​ប្រធាន​គណៈកម្មការ​អឺរ៉ុប និង​ប្រធានាធិបតី​រុស្សី នៅ​ទីក្រុង St Petersburg បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ បើទោះជា​គេ​មិនដឹង​ច្បាស់​ពី​របៀបវារៈ នៃ​ជំនួប​នេះ​ក្ដី គេ​រំពឹងថា ការពិភាក្សា នឹង​ផ្ដោត​បញ្ហា​ទាក់ទង​នឹង​ទណ្ឌកម្ម​របស់​អឺរ៉ុប ដែល​ដាក់​លើ​រុស្សី ចាប់តាំងពី​ការ​លូកដៃ​របស់​រុស្សី ទៅក្នុង​វិបត្តិ​អ៊ុយ​ក្រែ​ន​។ ជំនួប​ឥត​រំពឹងទុក​នេះ ប្រហែលជា​ឈានដល់​ការលុបចោល​ទណ្ឌកម្ម​លើ​រុស្សី​ទៀតផង ប៉ុន្តែ​ប្រមុខ​គណៈកម្មការ​អឺរ៉ុប អះអាងថា រឿងនេះ​មិនមែន​ធ្វើ​ដោយ​ស្រួល​ទេ​។ 



សូមស្ដាប់ព័ត៌មានលម្អិត៖

**audio2**

​ប្រធានាធិបតី​រុស្សី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ជួប​ជាមួយ​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក ហ្ស​ង់​-​ក្លូដ ចាំង​កឺ (Jean-Claude Juncker) នៅ​ថ្ងៃទី​១៦ ខែមិថុនា នៅឯ​ទីក្រុង Saint Petersburg​។ ជំនួប​ដ៏​ភ្ញាក់ផ្អើល​នេះ ជា​ជំហាន​ជឿនលឿន​មួយទៀត ក្នុង​ទំនាក់ទំនង​រុស្សី និង​អឺរ៉ុប ដែល​ធ្លាក់ចុះ​ខ្លាំង ក្រោយ​ពេលដែល​រុស្សី​អន្តរាគមន៍​យោធា ចូល​អ៊ុយ​ក្រែ​ន និង​ការ​លេប​យក​តំបន់​គ្រី​មេ និង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្សី ពី​សំណាក់​អឺរ៉ុប​។​

​ជាមួយ​ទំនាក់ទំនង​បែបនេះ ប្រធាន​គណៈកម្មការ​អឺរ៉ុប​និយាយថា លោក​មកកាន់​រុស្សី​នៅពេលនេះ ដើម្បី​សម្រួល​ទំនាក់ទំនង​ឡើងវិញ​។ លោក​និយាយ​ដែរ​ថា ទំនាក់ទំនង​នេះ មាន​បញ្ហា ដោយសារតែ​ការមិនទុកចិត្ត​គ្នា ហើយ​លោក​ជឿជាក់ថា ការធ្លាក់ចុះ​ទំនាក់់ទំនង​ភាគី​ទាំងពីរ នឹងត្រូវ​ដោះស្រាយបាន​។

​លើសពីនេះ បើតាម​សារព័ត៌មាន RT រដ្ឋ​ជា​សមាជិក​អឺរ៉ុប​ខ្លះ មិនសូវ​សប្បាយចិត្ត និង​គាំទ្រ ដំណើរ​របស់លោក ចាំង​កឺ មកកាន់​ទឹកដី​រុស្សី​ទេ​។ ប៉ុន្តែ​ប្រធាន​គណៈកម្មការ​រូបនេះ បាន​និយាយ​ការពារ​ដំណើរ​ទស្សនកិច្ច​នេះ ដោយ​អះអាងថា នេះ​ជា​ឱកាស សម្រាប់​ផ្លាស់ប្ដូរ​ទស្សនៈ​រវាង​គ្នា និង​គ្នា ក៏ដូចជា ការបន្ត​កិច្ចសន្ទនា​ផងដែរ​។ ចំណែក ក្រុង​មូ​ស្គូ សង្ឃឹមថា ជំនួប​នេះ នឹង​ជួយ​ឲ្យ​រុស្សី និង​អឺរ៉ុប វិល​ទៅរក​ស្ថានភាព​ធម្មតា​វិញ​មិន​ខាន​បន្ទាប់ពី​មាន​បញ្ហា ដោយសារ​ការដាក់ទណ្ឌកម្ម​។

​យ៉ាងណាមិញ អគ្គរដ្ឋទូត​រុស្សី​ប្រចាំ​សហភាព​អឺរ៉ុប លោក Vladimir Chizhov ប្រាប់​សារព័ត៌មាន​រុស្សី​ថា លោក ពូ​ទីន និង​លោក ចាំង​កឺ ពិភាក្សា​លើ​បញ្ហា​ថាមពល និង​មិនបាន​ផ្ដោតលើ​ទណ្ឌកម្ម​ទេ​។

១. អឺរ៉ុប អាច​លុប​ទណ្ឌកម្ម លុះត្រា​រុស្សី​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​មីន ឲ្យ​ពេញលេញ​
​យោងតាម​សារព័ត៌មាន AFP ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក ហ្ស​ង់​-​ក្លូដ ចាំង​កឺ ព្រមាន​រុស្សី ថា សហភាព​អឺរ៉ុប អាច​លុបចោល​ទណ្ឌកម្ម​បាន ប្រសិនបើ ក្រុង​មូ​ស្គូ អនុវត្ត​ឲ្យ​ពេញលេញ កិច្ចព្រមព្រៀង​សន្តិភាព​មីន (Minsk)​។ កិច្ចព្រមព្រៀង ដែល​ផ្ដូ​ច​ផ្ដើម​ដោយ​បារាំង និង​អាល្លឺម៉ង់ បាន​ជាប់គាំង ខណៈដែល​អំពើហិង្សា​រវាង​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង​ក្រុម​ឧទ្ទាម នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ចេះតែ​បន្ត​រហូតមក​។​

​ថ្លែង​ទៅកាន់​វេទិកា​មួយ នៅមុន​ជំនួប​ជាមួយ​ប្រធានាធិបតី ពូ​ទីន លោក ចាំង​កឺ បញ្ជាក់ថា ជំហាន​បន្ទាប់ គឺ​ច្បាស់​ណាស់​។ នោះ គឺ​ការអនុវត្ត​ឲ្យ​ពេញលេញ​កិច្ចព្រមព្រៀង​សន្តិភាព ទោះ​តិចក្ដី ឬ​ច្រើនក្ដី​។ លោក ចាត់ទុក​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ ជា​ច្រកចេញ​ជាមួយ​គត់ ក្នុងការ​ចាប់ផ្ដើម​កិច្ចសន្ទនា និង​ជា​ដំណោះស្រាយ ដែល​ឈានទៅដល់​ការលុបចោល​ទណ្ឌកម្ម​។​

​យ៉ាងណាក្ដី ប្រភព​មន្ត្រីការទូត​នៅ​ក្រុង​ព្រុ​ច​សែ​ល ប្រាប់​សារព័ត៌មាន AFP ថា សមាជិក​អឺរ៉ុប​ទាំង​២៨​ប្រទេស នឹង​ឯកភាព លើ​ការបន្ត​ទណ្ឌកម្ម​ចំពោះ​រុស្សី រយៈពេល​៦​ខែ​ខាងមុខ​។ ផែនការ​នេះ ទំនងជា​សញ្ញា​បង្ហាញ​ដល់​រុស្សី​ថា អឺរ៉ុប​នៅតែ​រួបរួមគ្នា បើទោះជា​ប្រទេស​ខ្លះ ចង់​ប្រើ​ផ្លូវ​ផ្សេង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក៏ដោយ​។

២. ព្រឹទ្ធសភា​បារាំង យល់ព្រម​លើ​ដំណោះស្រាយ លើកលែង​ទណ្ឌកម្ម​លើ​រុស្សី​
​ព្រឹទ្ធសភា​បារាំង បាន​បោះឆ្នោត​គាំទ្រ លើ​ដំណោះស្រាយ បើកផ្លូវ​ដល់​ការលុបចោល​ទណ្ឌកម្ម​អឺរ៉ុប​លើ​រុស្សី ដែល​បានដាក់​តាំងពី​ឆ្នាំ​២០១៤ ក្នង​ករណី​ជម្លោះ​អ៊ុយ​ក្រែ​ន​។ យ៉ាងណាក្ដី អ្វីដែល​ព្រឹទ្ធសភា​អនុម័ត កាលពី​សប្ដាហ៍​មុន មិនមាន​អំណាច​ចាប់បង្ខំ​អ្វី លើ​រដ្ឋាភិបាល​បារាំង​នោះទេ​។

​សេចក្ដីសម្រេច​របស់​ព្រឹទ្ធសភា​បារាំង ដែល​ទទួលបាន​ការគាំទ្រ​៣០២​សំឡេង និង​មាន​គោលដៅ ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល ក៏​មិនមាន​ឥទ្ធិពល​នយោបាយ​អ្វី​ឡើយ ខណៈដែល​ការសម្រេចចិត្ត បន្ត​ឬ​លុបចោល គឺធ្វើឡើង​នៅ​ក្រុង​ព្រុ​ច​សែ​ល ដោយ​សមាជិក​អឺរ៉ុប​ទាំង​២៨​ប្រទេស​។ ហើយ​នេះ ក៏​មិនមែនជា​លើកទីមួយ​ទេ ដែល​ស្ថាប័ន​នីតិ​ប​ញ្ញ​តិ្ត​បារាំង អនុម័ត​ដំណោះស្រាយ​បែបនេះ​។​

​យ៉ាងណាក៏ដោយ សកម្មភាព​របស់​ព្រឹទ្ធសភា បារាំង​បង្ហាញ ពី​ការមិន​ឯកភាពគ្នា ក្នុងចំណោម​រដ្ឋ​ជា​សមាជិក​អឺរ៉ុប​។ រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៨ មិនមែន​សុទ្ធតែ​ឯកភាពគ្នា លើ​ការបន្ត​ទណ្ឌកម្ម​ថ្មី​ដាក់​រុស្សី បន្ទាប់ពី​ទណ្ឌកម្ម​ចាស់ នឹង​ផុត​អាណត្តិ​នៅ​ថ្ងៃទី​៣១ ខែកក្កដា​នោះទេ​។ ផលប្រយោជន៍​សេដ្ឋកិច្ច នៃ​រដ្ឋ​ទាំងនោះ ជាមួយនឹង​រុស្សី តម្រូវ​ឲ្យ​ប្រទេស​នីមួយៗ ធ្វើ​សកម្មភាព​ឯកតោភាគី ក្នុង​គោលដៅ​រៀងៗ​ខ្លួន​។ 


Tag:
 ​អឺរ៉ុប​
 ​ រុស្សី​
 ​​ ទណ្ឌកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com