ពីនេះ ពីនោះ
ទ្រឹស្ដី​ធំ​បី របស់​ព្រះពុទ្ធ មាន​លក្ខណៈ ប្រជា​ធិប​តេ​យ្យ​
18, Jun 2016 , 8:40 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អធិបតេយ្យ គឺជា​ប្រភព​ធំ ក្នុង​ការកសាង​ប្រជា​ធិ​យ​តេ​យ្យ​។ នៅក្នុង​ទ្រឹស្ដី​របស់​ព្រះពុទ្ធ បាន​លើក​ទ្រឹស្ដី​ចំនួន​បី​ធំ ដែល​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​រៀបចំ​សង្គម​តាម​បៀ​ប​ប្រជាធិបតេយ្យ​។ ទ្រឹស្ដី​ទាំងបី​នោះ​រួមមាន​៖


 
១. ការយក​ខ្លួនឯង​ជាធំ (​អត្តា​ធិបតេយ្យ​)៖ គឺ​ការយក​ខ្លួនឯង​ជាធំ​សម្រាប់​អនុវត្ត​ចំពោះ​ស្ថានភាព​ឬ​កិច្ចការ​ទាំងឡាយណា ដែល​ផ្ដល់​ផល​ជាសំខាន់​ដល់​បុគ្គល​ម្នាក់ៗ​មានដូចជា​ការសម្រេច​ចិត្ត​ជ្រើសរើស​មុខរបរ​ការងា​រ របៀប​រស់នៅ​។​ល​។ គឺ​ធ្វើតាម​ការនិយម​ចូលចិត្ត​របស់​បុគ្គល​រៀងៗ​ខ្លួន​។​
 
២. ការយក​សំឡេង​ភាគច្រើន ឬ​សាធារណៈជន​ជាធំ​(​លោកាធិបតេយ្យ​)៖  ទ្រឹស្ដី​នេះ​ត្រូវបាន​យកមកអនុវត្ត​ចំពោះ​ការងារ​ណា​ដែល​ពាក់ព័ន្ធ​ប្រយោជន៍​កិច្ចការ​ក្រុម សហគមន៍ និង​ប្រទេស​។ មនុស្ស​ច្រើន​នាក់​មាន​មានមតិ​ផ្សេងៗ​គ្នា យល់ឃើញ​ផ្សេងៗ​គ្នា លើ​បញ្ហា​អ្វីមួយ មិនអាច​តម្រូវ​តាមចិត្ត​មនុស្ស​គ្រប់រូប​បានទេ  ហេតុនេះ​បានជា​ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​បាន​ស្វែងយល់ថា លោកា​ធិ​តេ​យ្យ​មាន​សារៈសំខាន់​ណាស់​។​
 
៣. ការយក​ច្បាប់​ជាធំ​(​ធម្មាធិបតេយ្យ​)៖ សង្គម​មានច្បាប់​របស់​សង្គម​នៅក្នុង​ការ​កា​សាង​និង​រៀបចំ​សណ្ដាប់ធ្នាប់​សង្គម​។ សង្គម​មានច្បាប់ បុគ្គល​គ្រប់រូប​ក៏ត្រូវ​តែ​គោរព​តាមច្បាប់​របស់​សង្គម​ដែល​បានកំណត់ និង​តាក់តែងឡើង​។ បុគ្គល​គ្រប់រូប​មិន​ចេះតែធ្វើ​អ្វីដែល​ខ្លួន​ចង់​ធ្វើ​មិន​ខ្វល់​ពី​ច្បាប់​នោះទេ​។​
 
​ជារួម​មក ទស្សនៈ​របស់​ព្រះសម្មាសម្ពុទ្ធ បានបង្ហាញ​ពី​ទស្សនៈ​កសាង​ប្រជាធិបតេយ្យ​យ៉ាងសំខាន់​។ ជាក់ស្ដែង​ណាស់ ដំណើ​កសាង​ប្រជាធិបតេយ្យ ការរៀបចំ​ឲ្យ​មាន​អត្តា​ធិបតេយ្យ លោកាធិបតេយ្យ និង​ធម្មាធិបតេយ្យ គឺជា​កត្ដា​ចម្បង​ក្នុងការ​កំណត់ថា សង្គម​នោះ​គ្រប់គ្រង​តាមបែប​ប្រជាធិបតេយ្យ​៕
 
​ដកស្រង់​ពី​៖ ប្រវត្តិ​ទស្សនវិជ្ជា​នយោបាយ​, រៀបរៀង​ដោយ​លោកគ្រូ ជេ​ត ហុ​ល​

© រក្សាសិទ្ធិដោយ thmeythmey.com