ជាតិ
វៀតណាម សង្ឃឹមថា កម្ពុជា បន្ត​ធានា​សិទ្ធិ​ស្របច្បាប់​ដល់​អនិកជន​វៀតណាម​រស់នៅ​កម្ពុជា​
17, Jun 2016 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រមុខរដ្ឋ​វៀតណាម​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃនោះ លោក ត្រាន់ ដាយ​ក្វាង បានស្នើ​ឲ្យ​កម្ពុជា បន្ត​ធានា​សិទ្ធិ​ស្របច្បាប់​របស់​អនិកជន​វៀតណាម​រស់នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស​កម្ពុ​ជា​។​



​ក្រោយពី​ជំនួប​រវាង​លោក ត្រាន់ ដាយ​ក្វាង ជាមួយ​ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​នោះ ភាគី​ទាំងពីរ​បានសម្រេច​លទ្ធផល​ជាច្រើន ក្នុង​ការបន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​វៀតណាម​។ តាមរយៈ​លទ្ធផល​នេះ​ប្រមុខរដ្ឋ​វៀតណាម​លោក ត្រាន់ ដាយ​ក្វាង សង្ឃឹមថា កម្ពុជា​នឹង​បន្ត​ចាត់វិធានការ​ធានា​សិទ្ធិ​ស្របច្បាប់​របស់​អនិកជន​វៀតណាម​រស់នៅ​កម្ពុជា ដូច​អនិកជន​បរទេស​ដទៃ​ទៀត ដែល​រស់នៅ​កម្ពុជា ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​នៃ​ប្រទេស​កម្ពុជា ដោយ​ផ្អែកលើ​ស្មារតី​ជា​អ្នកជិតខាង​ល្អ​នៃ​ប្រទេស​ទាំងពីរ​។​

​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៥​កន្លងមក ជនបរទេស​ខុសច្បាប់​ចំនួន ៤៤២៤​នាក់ (​ស្រី​៥៥៣​នាក់​) មាន​ចំនួន ៤៩​សញ្ជាតិ ត្រូវបាន​សមត្ថកិច្ច​អន្តោប្រវេសន៍​កម្ពុជា​ឃាត់ខ្លួន​និង​បញ្ជូនទៅ​ស្រុកកំណើត​វិញ​។ ក្នុងចំណោម​ជនអន្តោប្រវេសន៍​ទាំងនោះ អន្តោប្រវេសន៍​វៀតណាម​ចំនួន​ច្រើនជាងគេ រហូតដល់ ៣៩៧៨​នាក់ (​ស្រី​១១៥​នាក់​) ដែលមាន​ចំនួន​៩០​ភាគរយ​។ នេះ​បើតាម​របាយការណ៍​ឆ្នាំ​២០១៥ ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ​។​

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​លោក សុខ ផល ធ្លាប់បាន​បង្ហាញ​របាយ​ការណ៍​ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅ​កម្ពុជា កាលពី​ខែកក្កដា ឆ្នាំ​២០១៥​កន្លងមក​ថា ជនអន្តោប្រវេសន៍​ខុសច្បាប់​វៀតណាម​បាន​កើនឡើង​ពី ៧​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០០២ មកដល់​១៦​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១៤​។ វា​ជា​ចំនួន​កើនឡើង​ដែល​ធ្វើ​ឲ្យ​លោក​អគ្គនាយក​កត់សម្គាល់​យ៉ាងខ្លាំង​។ មេប៉ូលីស​អន្តោប្រវេសន៍​រូបនេះ អះអាងថា ចំនួន​១៦​ម៉ឺន​នាក់​នៃ​ជនអន្តោប្រវេសន៍​ខុសច្បាប់​វៀតណាម​នេះ ក៏​មិនទាន់​ជា​ចំនួន​សរុប​ចុងក្រោយ​នោះដែរ​៕


Tag:
 កម្ពុជា​-​វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com