អន្តរជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ​សិង្ហ​បុរី​៖ រដ្ឋាភិបាល​មានកា​ត្វ​កិច្ចការពារ​ប្រជាជន ដោយ​មិន​រើ​ង​អើ​ង​
18, Jun 2016 , 2:40 pm        
រូបភាព
ការបាញ់ប្រហារ​នៅ​ក្លឹប​កំសាន្ត ក្នុង​ទីក្រុង Orlando ធ្វើ​ឲ្យ​ពិភពលោក តក់ស្លុត​យ៉ាងខ្លាំង​។ រដ្ឋាភិបាល​ប្រទេស​ជុំវិញ​ពិភពលោក បានដាក់​វិធានការ​ការពារ​ប្រជាជន​របស់ខ្លួន ពី​ការវាយប្រហារ​ណាមួយ​ផងដែរ​។ នៅឯ​សិង្ហ​បុរី​ឯណោះ​វិញ រដ្ឋាភិបាល​ប្រទេស​នេះ ប្រកាសថា ខ្លួន​នឹង​ការពារ​ប្រជាជន​របស់ខ្លួន ដោយ​គ្មាន​ការរើសអើង​អ្វី​ទាំងអស់​។

 
​រដ្ឋមន្ត្រី​មហាផ្ទៃ និង​ច្បាប់​សិង្ហ​បុរី លោក K Shanmugam នៅ​ថ្ងៃទី​១៤ ខែមិថុនា និយាយថា រដ្ឋាភិបាល​សិង្ហ​បុរី មានកា​ត្វ​កិច្ចការពារ​ប្រជាជន ពី​ការ​គំរាម​វាយប្រហារ និង​អំពើហិង្សា​ទាំងឡាយ ដោយ​មិន​គិតពី​ជាតិ​សាសន៍ សាសនា និង​ភេទ​អ្វី​ទាំងអស់​។ លោក K Shanmugam លើកឡើង​ដូចនេះ បន្ទាប់ពី​ការបាញ់រះ​លើ​ក្លឹប​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា នៅ​ទីក្រុង Orlando ដែល​បណ្ដាល​ឲ្យ​មនុស្ស​៥០​នាក់ បាត់បង់​ជីវិត​។     
 
​ទាក់ទិន​នឹង​ការបាញ់ប្រហារ​នៅ Orlando រដ្ឋមន្ត្រី​រូបនេះ និយាយទៀតថា អំឡុង​ពេលដែល​មូលហេតុ នៃ​ការបាញ់ប្រហារ នៅ​មិនទាន់​ដឹង​នោះ វា​បាន​បង្ហាញថា សហគមន៍​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ជា​គោលដៅ​នៃ​ការបាញ់​នេះ​។ លោក ក៏​ចាត់ទុក​ហេតុការណ៍​នេះ ជា​រឿង​មិនអាច​ទទួលយកបាន ដោយ​លោក អះអាងថា អំពើហិង្សា ប្រឆាំងនឹង​ក្រុមមនុស្ស​ណាមួយ គឺ​មិន​ទទួលយក​បានទេ​។ 
 
«​នៅទីនេះ (​សិង្ហ​បុរី​) រដ្ឋាភិបាល​នឹង​ចាត់​វិធានការណ៍​ភ្លាមៗ និង​ដាច់​ណាត់ ប្រសិនបើ​មានការ​គំរាមកំហែង លើ​បុគ្គល ឬ​ក្រុម​ណាមួយ​។ កា​ត្វ​កិច្ច​របស់​រដ្ឋាភិបាល គឺ​ការពារ​ប្រជាជន​ទាំងអស់​។ ពូជសាសន៍ សាសនា និង​ភេទ មិន​ពាក់ព័ន្ធ នឹង​កា​ត្វ​កិច្ច​រដ្ឋាភិបាល​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក K Shanmugam ដែល​ត្រូវបាន​ផ្សាយ​ដោយសារ​ព័ត៌មាន Today​។​
 
​ជាមួយគ្នា​នោះដែរ រដ្ឋមន្ត្រី​រូបនេះ ក៏​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា គ្រោះថ្នាក់​នៃ​ការវាយប្រហារ​ពី​ក្រុម​ជ្រុលនិយម ធ្លាប់​កើតមាន​នៅ​សិង្ហ​បុរី​។ ប៉ុន្តែ ចំពោះ​រូបលោក ដំណោះស្រាយ​នៃ​បញ្ហា​នេះ គឺ​ការអប់រំ ដោយ​អប់រំ​ប្រជាជន ឲ្យ​យល់ និង​ប្រឆាំង សកម្មភាព​ណា​ដែល​នាំ​ដល់​ការ​ក្លាយខ្លួន ជា​មនុស្ស​ជ្រុលនិយម​។​
 
​នៅក្នុង​យុទ្ធនាការ​ប្រឆាំងនឹង​អំពើហិង្សា​និយម លោក លោក K Shanmugam សង្កត់ធ្ងន់ថា ការងារ​នេះ ត្រូវមាន​ការចូលរួម​ពី​គ្រប់ភាគី​ទាំងអស់ ដ្បិត​រដ្ឋាភិបាល មិនអាច​ស​ម្រ​ច​ការងារ​នេះ តែម្នាក់ឯង​ទេ​។ លោក​បន្តទៀតថា ប្រជាជន​ត្រូវ​ត្រៀមលក្ខណៈ​ឲ្យ​ស្រេចបាច់ ទាំងអស់គ្នា ដើម្បី​ជួយ​លើ​បញ្ហា​នេះ​។ យ៉ាងណាមិញ រដ្ឋមន្ត្រី​មហាផ្ទៃ​រូបនេះ បញ្ជាក់ដែរថា វិធានការ​ទាំងអស់រ​បស់​រដ្ឋាភិបាល មិនអាច​ធានាថា ប្រជាជន​សិង្ហ​បុរី រួចខ្លួន​ពី​ការវាយប្រហារ​ណាមួយ​នោះទេ​៕ 

Tag:
 ​សិង្ហ​បុរី​
 ​ភេរវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com