អន្តរជាតិ
ឥណ្ឌូណេស៊ី​ប្រហារជីវិត​មនុស្ស​១៦​នាក់ ក្រោយ​បញ្ចប់​បុណ្យ រ៉​ម៉ា​ឌន​
18, Jun 2016 , 4:20 pm        
រូបភាព
​បើទោះជា​មានការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​ក៏ដោយ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី មាន​ផែនការ​ប្រហារជីវិត​អ្នកទោស ១៦​នាក់ ដែល​កំពុងតែ​តែ​រង់ចាំ​ការអនុវត្ត​ទោស​នេះ​។ មន្ត្រី​ឥណ្ឌូណេស៊ី និយាយ​នៅ​ថ្ងៃទី​១៤ ខែមិថុនា ថា ការប្រហារជីវិត នឹងធ្វើ​បន្ទាប់ពី​ការបញ្ចប់​ពិធីបុណ្យ​រ៉ា​ម៉ា​ដន ដែល​នឹង​បញ្ចប់​នៅ​ខែកក្កដា​។  

 
​អ្នកនាំពាក្យ​ការិយាល័យ​រដ្ឋអាជ្ញា លោក Mohammad Rum ថ្លែងប្រាប់​សារ​ព័ត​មាន AFP ថា អ្នកទោស ១៦​នាក់ នឹងត្រូវ​ប្រហារជីវិត​ភ្លាម នៅក្រោយ​ពិធីបុណ្យ​រ៉ា​ម៉ា​ដន ប៉ុន្តែ​លោក មិនបាន​បញ្ជាក់​ថ្ងៃខែ ច្បាស់លាស់​នោះទេ​។ ប៉ុន្តែ យោងតាម​ថ្ងៃខែ​របស់​ឥស្លាម ពិធីបុណ្យ​រ៉ា​ម៉ា​ដន នឹង​បញ្ចប់​នៅ​ថ្ងៃទី​៦ និង​ទី​៧ ខែកក្កដា​ខាងមុខ​។ 
 
​អ្នកនាំពាក្យ​រូបនេះ ក៏​មិនបាន​បញ្ជាក់​ពី​អ្នកទោស ដែល​នឹងត្រូវ​ប្រហារជីវិត​ទេ​។ ប៉ុន្តែ ពួកគេ ទំនងជា​អ្នកពាក់ព័ន្ធ នឹង​ថ្នាំញៀន ខណៈដែល​ឥណ្ឌូណេស៊ី កំពុងតែ​បោសសម្អាត​ក្រុម​រត់ពន្ធ​ថ្នាំញៀន ហើយ​ក្នុង​ឆ្នាំ​២០១៥ ប្រទេស​នេះ ប្រហារជីវិត​អ្នកទោស​គ្រឿងញៀន​ចំនួន​១៤​នាក់ ដែល​ភាគច្រើន​ជា​ជនបរទេស​។ 
 
​សូម​រម្លឹកថា ឥណ្ឌូណេស៊ី បាន​ផ្អាក​ការប្រហារជីវិត តាំងពី​ខែមេសា ឆ្នាំ​២០១៥ ដោយ​អះអាងថា ខ្លួន​ផ្អាក​ទោស​ប្រហារជីវិត ព្រោះ​ចង់​ផ្ដោតលើ​ការដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច ដែលមាន​កំណើន​យឺត​។ ជាមួយនឹង​ការចាប់ផ្ដើម​ឡើងវិញ​នេះ លោក Rum បកស្រាយ​ថា យើង​មិន​អាចធ្វើ​រឿងនេះ​លឿន​បានទេ ព្រោះ​រដ្ឋាភិបាល កំពុងតែ​ស្រោចស្រង់​សេដ្ឋកិច្ច ប៉ុន្តែ​ឥ​ឡូ​នេះ យើង អាចធ្វើ​សកម្មភាព​បាន​ខ្លះៗ បន្ទាប់ពី​បុណ្យ​រ៉ា​ម៉ា​ដន​។ 
 
​អ្នកនាំពាក្យ​ដដែល​បន្តថា អ្នកទោស​ទាំងអស់ ទំនងជា​ត្រូវ​ប្រហារជីវិត​ដោយ​ការបាញ់ នៅឯ​គុក​លើ​កោះ Nusakambangan ជាទី​ដែល ការប្រហារជីវិត តែង​ធ្វើ​នៅ​ទីនោះ​។ មាន​អ្នកទោស​ជាច្រើន កំពុង​រង់ចាំ​ការប្រហារជីវិត នៅ​ឥណ្ឌូណេស៊ី រួមទាំង​ជនជាតិ​បារាំង​ឈ្មោះ Serge Atlaoui និង​ស្ត្រី​ជនជាតិ​ហ្វីលីពីន Mary Jane Veloso ដែល​មិនបាន​ប្រហារជីវិត​។ ចំណែក​ស្ត្រ​ជនជាតិ​អង់គ្លេស Lindsay Sandiford កំពុងតែ​រង់ចាំ​ការប្រហារជីវិត​លើ​កោះ​បាលី បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន ជាមួយនឹង​កញ្ចប់​កូកាអ៊ីន​យ៉ាង​ធំ​។​
 
​ឥណ្ឌូណេស៊ី ចេញ​យុទ្ធនាការ​ខ្លាំងក្លា​ប្រឆាំង នឹង​គ្រឿងញៀន ជាពិសេស ចាប់តាំងពី​លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) ចូលកាន់​តំណែង​ក្នុង​ឆ្នាំ​២០១៤​។ លោក វី​ដូ​ដូ និយាយថា ឥណ្ឌូណេស៊ី ប្រឈមមុខ​នឹង​ស្ថានភាព​អាសន្ន ដោយសារ​ការកើនឡើង​ការប្រើប្រាស់​ថ្នាំ​ណា​កូ​ទីន ហើយ​អ្នកជួញដូរ គួរតែ​ពិន័យ​ឲ្យ​ធ្ងន់ធ្ងរ​។ 
 
​កាលពី​ឆ្នាំ​២០១៥ ការប្រហារជីវិត ធ្វើ​ឡើ​ចំនួន​ពីរដង​។ ការប្រហារជីវិត​ជុំ​ទី​ពីរ ដែល​ធ្វើ​នៅ​ខែមេសា មាន​ជនជាតិ​អូស្ត្រាលី​ពីរ​នាក់ ប្រេ​ស៊ី​ល​ម្នាក់ និង​នី​ហ្សេ​រី​យ៉ា​បួន​នាក់ ដែល​រឿងនេះ បង្ក​ជា​ជម្លោះ​ការទូត​យ៉ាងខ្លាំង​។ អូស្ត្រាលី បាន​កោះហៅ​អគ្គរដ្ឋទូត​របស់ខ្លួន ចូល​ស្រុក​វិញ បន្ទាប់ពី​ឥណ្ឌូណេស៊ី​ប្រហារជីវិត​ជនជាតិ​ខ្លួន​ពីរ​នាក់ គឺ Andrew Chan និង Myuran Sukumaran ដែលជា​ង្ន​ក​រត់ពន្ធ​គ្រឿងញៀន​៕
 
Following the executions of the Australian drug smugglers, , Canberra temporarily recalled its ambassador from Jakarta.

Tag:
 ឥណ្ឌូណេស៊ី​
 ​ការប្រហារជីវិត
© រក្សាសិទ្ធិដោយ thmeythmey.com