កីឡាជាតិ
វីរកីឡាការិនី កែ ឡេង នឹងប្រកាសចូលនិវត្តន៍ ប៉ុន្តែប្តេជ្ញាមិនបោះបង់
× កាលពីពេលកន្លងទៅថ្មីៗនេះវីរកីឡាការិនី កែ ឡេង ម្ចាស់ជើងឯកមេដាយមាសពិភពលោកពីរជំនាន់ឆ្នាំ២០១៣ និងឆ្នាំ២០១៥ បានប្រាប់សារព័ត៌មានថ្មីៗឲ្យដឹងថា ខ្លួននឹងប្រកាសចូលនិវត្តន៍បន្ទាប់ពីត្រឡប់មកពីចូលរួមប្រកួតជើងឯកពិភពលោកម្តងទៀតនៅឆ្នាំក្រោយ ប៉ុន្តែកីឡាការិនីម្នាក់នេះបានប្តេជ្ញាថា មិនបោះបង់វិស័យកីឡាប៉េតង់នោះទេ ពោលគឺនៅពេលដែលបញ្ចប់អាជីពជាកីឡាករ នឹងបន្តអាជីពជាគ្រូបង្វឹករហូតដល់បង្វឹកលេងរួច។
វីរកីឡាការិនីប៉េតង់ កែ ឡេង ម្ចាស់មេដាយមាសពិភពលោកពីរលើកជាប់គ្នានឹងប្រកាសចូលនិវត្តន៍ក្រោយត្រឡប់មកពីចូលរួមប្រកួតជើងឯកពិភពលោកជាលើកទី៣នៅឆ្នាំក្រោយ។ សម្រាប់ការប្រកាសចូលនិវត្តន៍នេះកីឡាការិនីរូបនេះធ្លាប់ស្នើសុំសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាម្តងរួចមកហើយក្រោយពីត្រឡប់មកពីចូលរួមប្រកួតជើងឯកពិភពលោកនៅទីក្រុងបាងកកប្រទេសថៃ កាលពីឆ្នាំ២០១៥។ ប៉ុន្តែដោយសារមានស្នើសុំឲ្យជួយពីសហព័ន្ធរូបគេបានសម្រេចចិត្តនៅលេងបន្តរហូតដល់បច្ចុប្បន្ន។
ម្ចាស់មេដាយពិភបលោករូបនេះបានបញ្ជាក់ថា៖«តាមគំនិតរបស់ខ្ញុំបម្រុងឈប់តាំងពីត្រឡប់មកពីការប្រកួតជើងឯកពិភពលោកនៅថៃមកម្ល៉េះ ប៉ុន្តែដោយសារមានការសំណូមពរពីសហព័ន្ធ និងប្រធានសហព័ន្ធរ សុំឲ្យខ្ញុំនៅបន្តការប្រកួតឲ្យបានដល់ការប្រកួតជើងឯកពិភបលោកលើកទី៣សិន។ ប៉ុន្តែពេលនេះខ្ញុំសម្រេចចិត្តច្បាស់ហើយថា នឹងចូលនិវត្តន៍ក្រោយត្រឡប់មកពីចូលរួមប្រកួតជើងឯកពិភពលើកទី៣នៅឆ្នាំក្រោយ»។
ទោះបីជាមានគម្រោងក្នុងការប្រកាសចូលនិវត្តន៍ក៏ដោយ ប៉ុន្តែម្ចាស់ជើងឯកពិភពលោកវ័យ៥៣ឆ្នាំរូបនេះមិនមានបំណងក្នុងការផ្លាស់ប្តូរអាជីពពីវិស័យកីឡាប៉េតង់នោះទេដោយរូបគេបានប្តេជ្ញាថានឹងបន្តប្រឡូកក្នុងវិស័យកីឡាប៉េតង់មួយនេះតាមរយៈការធ្វើជាគ្រូបង្វឹកបន្តរហូតដល់ខ្លួនចាស់។
កីឡាការិនីរូបនេះបានរៀបរាប់ថា៖«សម្រាប់ខ្លួនខ្ញុំគ្មានគម្រោងផ្លាស់ប្តូរអាជីពថ្មីអ្វីនោះទេ ព្រោះដោយសារបច្ចុប្បន្នខ្ញុំមានកូនសិស្ស១១នាក់នៅក្នុងក្លិបក្រសួងមហាផ្ទៃ ដូច្នេះខ្ញុំនឹងបង្ហាត់ពួកគេ ប្រសិនបើកូនសិស្សខ្ញុំអ្នកណាម្នាក់មានសមត្ថភាពខ្លាំង ហើយមើលទៅអាចជំនួសខ្ញុំបាន ខ្ញុំនឹងឈប់ពីក្រុមជម្រើសជាតិ ទៅពង្រីកកេរិ៍ឈ្មោះក្លិបរបស់ខ្ញុំរហូតដល់ខ្ញុំធ្វើលេងបាន»។
កីឡាការិនីដែលមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងរូបនេះបានប្រាប់ពីមូលហេតុដែលខ្លួនមិនបោះបង់ពីវិស័យកីឡាប៉េតង់នេះថា ដោយសារតែវិស័យនេះបានជួយឲ្យកីឡាការិនីរូបនេះមានកិត្តិយស និងកេរិ៍ឈ្មោះល្បាញល្បីទាំងនៅលើឆាកជាតិ និងអន្តរជាតិ។ ហើយតាមរយៈវិស័យកីឡាប៉េតង់នេះ វាបានជួយលើកស្ទួយកិត្តិយសគ្រួសារ និងលើកស្ទួយជីវភាពគ្រួសាររបស់កីឡាការិនីរូបនេះឲ្យមានភាពធូរធារទៀតផង៕
Tag:
ប៉េតង់
កែ ឡេង
ការចូលនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com