អន្តរជាតិ
អ៊ីរ៉ាក់ អាច​បំបែក​ជា​បី​តំបន់ ក្រោយ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​
18, Jun 2016 , 12:36 pm        
រូបភាព
​មន្ត្រីជាន់ខ្ពស់​របស់​ក្រុម​ចលនា​ឃឺ​ដ លើកឡើងថា អ៊ីរ៉ាក់​គួរតែ​បែងចែក តំបន់​គ្រប់គ្រង នៅក្រោយ​ការចាកចេញ​របស់​ក្រុម​រដ្ឋ​ឥស្លាម​។ ការលើកឡើង​នេះ ធ្វើឡើង ខណៈដែល​ក្រុម​សកម្មជន​រដ្ឋ​ឥស្លាម បាន​បាត់បង់​ទឹកដី​របស់ខ្លួន​ជាច្រើន នៅក្រោយ​ប្រតិបត្តិ​ការរំដោះ ទាំង​ក្នុង​ទឹកដី​អ៊ីរ៉ាក់ និង​ស៊ី​រី​។

 
​ដើម្បី​ចៀសវាង​ជម្លោះ​ជនជាតិ​នៅ​អ៊ីរ៉ាក់ មន្ត្រីជាន់ខ្ពស់​នេះ​រដ្ឋាភិបាល​តំបន់​ឃឺ​ដ នៅ​ថ្ងៃទី​១៦ ខែមិថុនា និយាយ ថា បន្ទាប់ពី​កម្ចាត់​ក្រុម​ជ្រុលនិយម​បាន​ហើយ ប្រទេស​អ៊ីរ៉ាក់ គួរតែ​បំបែក ទៅជា​តំបន់​ត្រួតត្រា​ចំនួន​បី​ផ្សេងគ្នា​។ តំបន់​ទាំងបី​នោះ នឹង​គ្រប់គ្រង​ដោយ ក្រុម​ស៊ី​អ៊ី​ត មូស្លីម​ស៊ូ​នី និង​ក្រុម​ចលនា​ឃឺ​ដ ដែល​នេះ អាច​លុបបំបាត់​អំពើហិង្សា​ជនជាតិ​បាន​។​
 
​នៅ​រយៈពេល​ចុងក្រោយ​នេះ កងកម្លាំង​អ៊ីរ៉ាក់ បាន​បោសសម្អាត​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ចេញពី​ទីក្រុង​ជាច្រើន ដែល​ក្រុម​នេះ​ធ្លាប់​ត្រួតត្រា ចាប់តាំងពី​ឆ្នាំ​២០១៤​មក​។ នៅពេលនេះ កងទ័ព​អ៊ីរ៉ាក់ កំពុង​សម្រុក​ទៅកាន់​ទីក្រុង​Mosul ដែលជា​ទីក្រុង​ធំជាងគេ ក្រោម​ការគ្រប់គ្រង​រប​ស់សកម្ម​ជន​រដ្ឋ​ឥស្លាម ហើយ​ប្រសិនបើ​ទីក្រុង​នេះ​ដួលរលំ វា​ក៏​មានន័យថា ក្រុម​ជ្រុលនិយម​មួយ​នេះ ឈាន​មកដល់​ទីបញ្ចប់​ដែរ​ហើយ​។​
 
​យ៉ាងណាមិញ ទីបញ្ចប់​របស់​ក្រុម​រដ្ឋ​ឥស្លាម មិនមែន​មានន័យថា អំពើហិង្សា​នៅ​អ៊ីរ៉ាក់ ចប់​ដែរ​នោះទេ​។ អ៊ីរ៉ាក់ នៅតែ​បែក​ជា​ក្រុម​តូចៗ ហើយ​ក្រុម​នីមួយៗ បន្ត​ប្រយុទ្ធ​គ្នា ខណៈដែល​ការបែងចែក​អំណាច មិនបាន​នាំ​សន្តិភាព ដល់​ប្រទេសមួយ​នេះ​ទេ​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ លោក Masrour Barzani ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ នៃ​រដ្ឋាភិបាល​តំបន់​ឃឺ​ដ និយាយថា កម្រិត​នៃ​ការមិន​ទុក​គ្នា​នៃ​ក្រុម​ផ្សេងៗ គឺ​មិនអាច​ឲ្យ​ពួកគេ​នៅក្រោម​ដំបូល​តែមួយ​នោះទេ​។ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ Reuters នៅ​ថ្ងៃទី​១៥ ខែមិថុនា លោក Barzani និយាយ​ដែរ​ថា ប្រព័ន្ធគ្រប់គ្រង​បែប​សហព័ន្ធ (Federation) មិនមាន​ប្រសិទ្ធភាព​ទេ ដូច្នេះ​វា​មានតែ ប្រព័ន្ធគ្រប់គ្រង​បែប​សម្ព័ន្ធភាព (Confederation) ឬក៏​បំបែក​ជា​រដ្ឋ​ឯករាជ្យ​តែម្ដង​។ លោក​បន្តថា ៖«​ប្រសិនបើ​មាន​រដ្ឋ​ជា​លក្ខណៈ​សម្ព័ន្ធភាព ចំនួន​បី​ដាច់ពីគ្នា ក្រុម​ទាំងបី ក៏មាន​រដ្ឋធានី​បី​ដែរ ដូចនេះ ពួកគេ​ស្មើគ្នា មិនមាន​អ្នកណា​ធំ​ជាង​ឡើយ​»​។  
 
​តាមពិតទៅ ក្រុម​ចលនា​ឃឺ​ដ កំពុងតែ​អនុវត្ត​នយោបាយ​របស់​ខ្លួន សម្រាប់​គោលដៅ​ប្រកាស​ឯករាជ្យ ពី​អ៊ីរ៉ាក់​។ ក្រុម​នេះ កំពុង​គ្រប់គ្រង​តំបន់​ភាគ​ខាងជើង​អ៊ីរ៉ាក់ ហើយ​ថែមទាំង​មាន​កងទ័ព​ខ្លួនឯង​ទៀតផង​។ ហើយ​កងទ័ព​នេះ ក៏​ចូលរួម​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង នឹង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ផងដែរ​។​
 
​យ៉ាងណាក្ដី សំណើ​របស់លោក Masrour Barzani ទំនងជា​មិនអាច​កើតឡើង​នោះទេ​។ ក្រុម​ស៊ូ​នី បញ្ជាក់ថា ផែនការ​របស់​មេដឹកនាំ​ឃឺ​ដ ពិតជា​ពិបាក​អនុវត្ត​ណាស់​។ នេះ​ក៏​ដោយសារតែ ក្រុម​ជន​ស៊ូ​នី រស់នៅ​រប៉ាត់រប៉ាយ​ពីគ្នា និង​ភាគច្រើន​រស់នៅ​តំបន់​របស់​ក្រុម​ស៊ី​អ៊ី​ត ដែល​នេះ ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ស្មុគស្មាញ​៕   

Tag:
 ក្រុម​រដ្ឋ​ឥស្លាម​
 ​អ៊ីរ៉ាក់​
 ​ឃឺ​ដ​
 ​ស៊ូ​នី
© រក្សាសិទ្ធិដោយ thmeythmey.com