ជាតិ
ព័ត៍មានសុខភាព
ម្រុម មិនមែនជា​ឱសថ​ព្យាបាល​ជំងឺ តែ​ជា​អាហារ​ជំនួយ​សុខភាព
19, Jun 2016 , 5:20 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ការទទួល​ទាន ម្រុម អាច​ផ្ដល់​អត្ថប្រយោជន៍​មួយចំនួន​ចំពោះ​សុខភាព​របស់​ប្រជាពលរដ្ឋ ដោយសារ​រុក្ខជាតិ​នេះ​មាន​ជីវជាតិ​ខ្ពស់ និង​សារជាតិ​ម្យ៉ាង​អាច​ជម្រះ​ជាតិពុល ឬក៏​បញ្ចុះ​ជាតិ​ស្ករ នៅក្នុង​ឈាម​សម្រាប់​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​និយម​ប្រើប្រាស់​ម្រុម មិនគួរ​ច្រឡំ​ថា ម្រុម​គឺជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​នោះទេ​។​


 
​ថ្លែងប្រាប់​ក្នុង​បទសម្ភាសន៍​ជាមួយ​វី​អូ​អេ​ដែល​ចុះផ្សាយ​កាលពី​ថ្ងៃទី​១៧ ខែមិថុនា​កន្លងទៅ លោក​វេជ្ជបណ្ឌិត តាំង តេ​ក​ហុង មិនបាន​បដិសេធ​ចំពោះ​ការយក​ម្រុម​មក​ធ្វើជា​ថ្នាំ​នោះទេ ប៉ុន្តែ​លោក​ឲ្យ​ពលរដ្ឋ​ខ្មែរ​គួរ​កុំ​យក​ម្រុម​នេះ​មក​ធ្វើជា​ថ្នាំ តែ​ត្រូវយក​ម្រុម​មក​ធ្វើជា​អាហារ​ជំនួយ ដើម្បី​រក្សា​សុខភាព​ទើប​ជាការ​ប្រសើរ​។ 
 
​លោក​វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង​រូបនេះ ដែល​រស់នៅ Jacksonville រដ្ឋ Florida បាន​បញ្ជាក់ថា​៖ «​នៅក្នុង​វិជ្ជាពេទ្យ​ដែល​គេ​បាន​ស្រាវជ្រាវ ចំពោះ​ម្រុម​ហ្នឹង វា​មានការ​រកឃើញថា កន្លែង​ខ្លះ​ត្រឹមត្រូវ ប៉ុន្តែ​ភាគច្រើន​ដែល​គេ​និយម​ប្រើ​អះអាងថា ជា​នេះ ជា​នោះ គឺ​មិនទាន់មាន​ក្បួន​ពេទ្យ​ណាមួយ ធ្វើការ​ស្រាវជ្រាវ​បានច្បាស់លាស់ ដើម្បី​បញ្ជាក់ថា ម្រុម​ហ្នឹង​អាច​ប្រើ​បានជា​ថ្នាំ​ពិតប្រាកដ​នោះទេ​។ ខ្ញុំ​សូមបញ្ជាក់​មួយទៀត​ថា ការដែល​ប្រើ​គ្រាប់​ម្រុម​ជា​ថ្នាំ​ហ្នឹង វា​មាន​បញ្ហា​មួយទៀត គឺ​បញ្ហា​នៅត្រង់ថា យើង​មិនដឹង​កម្រិត​នៅក្នុង​ការប្រើប្រាស់ ព្រោះ​កម្លាំង​នៅក្នុង​ម្ស៉ៅ​ដែល​យើង​យកមក​នោះ​វា​មិន​ដូចគ្នា​ទាំងអស់​នោះទេ ហើយ​វា​មិនបាន​ធ្វើទៅ​តាម​វិធី​ពេទ្យ​ត្រឹមត្រូវ​»​។ 
 
​លោក វេជ្ជបណ្ឌិត តាំង តេ​ក​ហុង បាន​ឲ្យ​តម្លៃ​ទៅលើ​ម្រុម​ថា​ជា អាហារ ជា​បន្លែ គឺ​ប៉ុន្តែ​មិនមែនជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ ដូចដែល​ពលរដ្ឋ​កុំ​ពុង​តែ​ប្រើប្រាស់​ម្រុម​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​នោះទេ​។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​វី​អូ​អេ លោក​វិ​ជ្ជ​បណ្ឌិត តាំង តេង​ហុង ក៏បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ម្រុម​គឺជា​រុក្ខជាតិ​ដែលមាន​ជីវជាតិ​ខ្ពស់ ជាពិសេស គឺ​ជីវជាតិ​ប្រូតេអ៊ីន​ច្រើន មាន​ជាតិ​ប្រេង​ដែល​ជួយ​ច្រើន មាន​ជាតិ​វីតាមីន​ច្រើនយ៉ាង  មាន​ជាតិ​រ៉ែ កាលស្យូម និង​ជាពិសេស​គឺជា​តិ​ដែក ដែល​ខ្ញុំ​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​ការយក​ម្រុម​មក​ធ្វើជា​អាហារ​»​។ 
 
​គួរ​បញ្ជាក់ថា នៅ​កម្ពុជា​បច្ចុប្បន្ននេះ ម្រុម​គឺមាន​ការនិយម​ខ្លាំងណាស់​ក្នុងការ​ប្រើប្រាស់​សម្រាប់ធ្វើ​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ផ្សេងៗ​។ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ គួរតែ​ប្រុងប្រយ័ត្ន​បន្ថែមទៀត ចំពោះ​ការប្រើប្រាស់​ផលិតផល​នេះ ប្រសិនបើ​មិនមាន​ការបញ្ជាក់​ច្បាស់លាស់​ពី​ខាង​វេជ្ជសាស្ត្រ ពីព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​បាន​៕
 

Tag:
 ម្រុម​
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com