អន្តរជាតិ
សកល​វិទ្យាល័យ​នៅ​ថៃ ប្រឈមមុខ​នឹង​បញ្ហា ដោយសារ​ចំនួន​សិស្ស​ធ្លាក់ចុះ​
19, Jun 2016 , 11:30 am        
រូបភាព
​សកល​វិទ្យាល័យ​ជាច្រើន នៅ​ប្រទេស​ថៃ កំពុង​ប្រឈមមុខ​នឹង​វិបត្តិ នៃ​ការធ្លាក់ចុះ​ចំនួន​សិស្ស ខណៈដែល អ្នក​ចុះឈ្មោះ​ចូលរៀន កាន់​តែមាន​ចំនួន​ទាប​ទៅៗ​។ ជាមួយនឹង​ការធ្លាក់​ដ៏​ច្រើន​បែបនេះ ក្រុម​សាស្ត្រាចារ្យ​នានា បានទាមទារ​ឲ្យ​គណៈ​គ្រប់គ្រង​សកលវិទ្យា​ល័យ ត្រូវតែ​ភ្ញាក់រលឹក និង​ធ្វើការ​ផ្លាស់ប្ដូរ​ជាបន្ទាន់​។    

 
​និន្នាការ​ចុះឈ្មោះ​ចូលរៀន នៅតាម​សកល​វិទ្យាល័យ​នានា ក្នុងប្រទេស​ថៃ កំពុងតែ​ធ្លាក់ចុះ​យ៉ាងខ្លាំង ស្របពេល​ចំនួន​សិស្ស នៅតាម​ថ្នាក់រៀន ក៏​កាន់តែ​តិច​ទៅ​ផងដែរ​។ ការ​មិនសូវមាន​សិស្ស​ចុះឈ្មោះ​ដូចនេះ បង្ក​ការព្រួយបារម្ភ​យ៉ាងខ្លាំង និង​តម្រូវ​ឲ្យ​សាលា​ទាំងអស់ ចាត់វិធានការ ដោះស្រាយ​ឲ្យ​បាន​ឆាប់ បើ​មិន​ចង់​រងគ្រោះ​កាន់តែខ្លាំង​ទៀត​នោះ​។​
 
​អំឡុងពេល​វេទិកា កាលពី​ថ្មីៗ​នេះ ក្រុម​អ្នកសិក្សា​ជាន់ខ្ពស់ បាន​ពិភាក្សាគ្នា ទាក់ទង​នឹង​ការធ្លាក់ចុះ​ចំនួន​សិស្ស និង​ស្វែងរក​កត្តា ដែល​នៅ​ពីក្រោយ​បញ្ហា​នេះ​។ បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Asia Correspondence មូលហេតុ​មួយ បណ្ដាល​ឲ្យ​មាន​បញ្ហា​នេះ គឺ​និន្នាការ នៃ​ផ្លាស់ប្ដូរ​ជំនាញ​របស់​សិស្ស ខណៈដែល​ការផ្លាស់ប្ដូរ​ទីផ្សារការងារ ជះឥទ្ធិពល​ខ្លាំង ដល់​ជំនាញ​មិនមែន​វិទ្យាសាស្ត្រ​។ 
 
​នៅ​ទូទាំងប្រទេស​ថៃ ស្ថាប័ន​សិក្សា​ទាំង​១៧០​កន្លែង មាន​កម្មវិធីសិក្សា​ដល់​ទៅ​ជាង​បួន​ពាន់​។ ហើយ​ការផ្លាស់ប្ដូរ​ទីផ្សារការងារ ធ្វើ​ឲ្យ​ចំនួន​សិស្ស ធ្លាក់ចុះ​យ៉ាងច្រើន លើ​ជំនាញ​វិទ្យាសាស្ត្រ​សង្គម ដ្បិត​សិស្ស ដែល​ចុះឈ្មោះ​ក្នុង​ជំនាញ​នេះ មិនអាច​ប្រកួតប្រជែង​ជាមួយនឹង​សិស្ស ដែល​រៀន​ជំនាញ​វិទ្យាសាស្ត្រ​ទេ​។  
 
​និន្នាការ​បែបនេះ ប៉ះពាល់​យ៉ាងខ្លាំង ដល់​បរិមាណ​សិស្ស​។ យោងតាម​មន្ត្រី​អប់រំ​ថៃ សកល​វិទ្យាល័យ​នានា មានការ​ចុះឈ្មោះ​ចូលរៀន ក្នុង​ឆ្នាំ​២០១៥ ក្នុង​កម្រិត​១៥៦២១៦ កន្លែង ប៉ុន្តែ​ឆ្នាំនេះ មាន​សិស្ស​ចំនួន​១០៥០៤៦ ប៉ុណ្ណោះ ដែល​ប្រលង​ចូល​សិក្សា​។ នេះ​មានន័យថា មាន​កន្លែង​នៅសល់ ដល់​ទៅ​ជាង​ប្រាំ​ម៉ឺន​ទៀត​ឯណោះ​។ ប្រសិនបើ​និន្នាការ​បែបនេះ ចេះតែ​បន្ត​នោះ សកល​វិទ្យាល័យ​មួយចំនួន ទំនងជា​បង្ខំចិត្ត​បិទ​មិនខានឡើយ​។    
 
​ជាក់ស្ដែង សកលវិទ្យា​ល័យ Thammasat ដែលជា​សកលវិទ្យា​ល័​ចាស់​ជាងគេ​ទី​ពីរ របស់​ថៃ មាន​ចំនួន​សិស្ស​ប្រមាន​បួន​ម៉ឺន​នាក់​។ យ៉ាងណាក្ដី ការធ្លាក់ចុះ​ចំនួន​សិស្ស​ចុះឈ្មោះ​ចូលរៀន បង្ខំ​ឲ្យ​សាលា ត្រូវ​កាត់បន្ថយ​ចំនួន​មហាវិទ្យាល័យ ឬក៏​បិទមុខ​ជំនាញ​ខ្លះ ដូចជា ច្បាប់ កាសែត​ជាដើម​។ 
 
​មួល​ហេតុ​មួយទៀត ដែល​នៅ​ពីក្រោយ​ការធ្លាក់ចុះ​នេះ ទំនងជា​ការកើនឡើង​នៃ​កម្រិតយល់ដឹង​របស់​ស្ត្រី​។ នេះ​ក៏​ព្រោះតែ ស្ត្រី​ដែល​ទទួលបាន​ការអប់រំ​ខ្ពង់ខ្ពស់ មាន​ទំនោរ​រៀបការ​យឺត ដែល​នេះ​ប៉ះពាល់​ដល់​អត្រា​បង្ក​កំណើត ឬក៏​ចំនួន​ជា​មធ្យម នៃ​ការ​បង្កើតកូន​សម្រាប់​ស្ត្រី​ម្នាក់​។ 
 
​ទាក់ទិន​បញ្ហា​នេះ គណៈកម្មាការ​សេដ្ឋកិច្ចជាតិ និង​អភិវឌ្ឍន៍​សង្គម​ថៃ ព្យាករណ៍​ថា ចំនួន​ជនជាតិ​ថៃ ដែលមាន​អាយុ​សិក្សា (​ទាប​ជាង​២១​ឆ្នាំ​) នឹងមាន​ចំណែក​តែ​២០​ភាគរយ​ប៉ុណ្ណោះ នៃ​ប្រជាជន​ថៃ ក្នុង​ឆ្នាំ​២០៤០ ខណៈ​ក្នុង​ឆ្នាំ​១៩៨០ ចំនួន​នេះ មាន​ដល់​ទៅ​៦២.៣​ភាគរយ​៕

Tag:
 ​ថៃ​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com