អន្តរជាតិ
ប៊ុលហ្គារី មិន​ឯកភាព​ឲ្យ​កង​នាវា​ណា​តូ​មាន​មូលដ្ឋាន​អចិន្ត្រៃយ៍​នៅ​សមុទ្រ​ខ្មៅ​ទេ​
20, Jun 2016 , 3:07 pm        
រូបភាព
ប្រមុខ​រដ្ឋាភិបាល​ប៊ុលហ្គារី លោក Boyko Borissov
ប្រមុខ​រដ្ឋាភិបាល​ប៊ុលហ្គារី លោក Boyko Borissov
​នាយករដ្ឋមន្ត្រី​ប៊ុលហ្គារី បាន​ប្រកាន់​ជំហរ​ដាច់​ណាត់​របស់​ប៊ុលហ្គារី ប្រឆាំងនឹង​សំណើ​ដែល​ចង់​ឲ្យ​កង​នាវា​ណា​តូ តាំងនៅ​សមុទ្រ​ខ្មៅ​ជា​អចិន្ត្រៃយ៍ ដើម្បី​ទប់ទល់​នឹង​កងទ័ព​រុស្សី ក្នុង​តំបន់​នេះ ដោយ​អះអាងថា ការតាំង​មូលដ្ឋាន​នេះ នឹង​បង្កើន​កម្ដៅ​ជម្លោះ ហើយ​ថែមទាំង​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ នៅក្នុង​សមុទ្រ​នេះ​ទៀតផង​។​



​ប្រមុខ​រដ្ឋាភិបាល​ប៊ុលហ្គារី លោក Boyko Borissov បាន​បដិសេធ​សំណើ​របស់​ប្រធានាធិបតី​រូ​ម៉ា​នី លោក Klaus Iohannis ដែល​ចង់​ឲ្យ​តួ​ក​គី ប៊ុលហ្គារី អ៊ុយ​ក្រែ​ន និង​រូ​ម៉ា​នី​ផ្ទាល់ រួមគ្នា​ស្នើ​ទៅ​កិច្ចប្រជុំ​កំពូល​ណា​តូ នៅ​ប៉ូឡូញ ដើម្បី​ឲ្យ​ណា​តូ មាន​មូលដ្ឋាន​យូរអង្វែង ក្នុង​សមុទ្រ​ខ្មៅ​។ លោក Boyko Borissov បញ្ជាក់ថា សំណើ​នេះ នឹង​នាំ​ឲ្យ​សមុទ្រ​ខ្មៅ ក្លាយជា​តំបន់​សង្គ្រាម ហើយ​អ្វីដែល​លោក ចង់ឃើញ​នោះ គឺ​នាវា​ទេសចរណ៍ កប៉ាល់​កំសាន្ត ជាជាង​នាវាចម្បាំង​។

​ការបដិសេធ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​រូ​ម៉ា​នី Klaus Iohannis    លើក​ជា​សំណើ​ឲ្យ​ប្រទេស​ទាំង​បួន​រូ​ម​ដៃ​គ្នា ស្នើ​ទៅណា​តូ ខណៈ​លោក ទស្សនកិច្ច​នៅ​ប៊ុលហ្គារី កាលពី​ថ្ងៃទី​១៥ ដល់ទី​១៦ ខែមិថុនា​។ បើតាម​សារព័ត៌មាន Bloomberg គោលដៅ​នៃ​ការ​សំចត​កង​នាវា​ណា​តូ គឺ​ដើម្បី​ឆ្លើយតប​ការឈ្លានពាន​របស់​រុស្សី នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ក៏ដូចជា​ពង្រាយ​ទ័ព​ប្រទេស​នេះ​ផងដែរ​។​

​ការ​លេប​យក​តំបន់​គ្រី​មេ ក្នុង​ឆ្នាំ​២០១៤ និង​ជម្លោះ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ក្បែរ​ព្រំដែន​ប្រទេស​ជា​សមាជិក​ណា​តូ ជា​មូលហេតុ​សំខាន់ ដែល​នាំ​ឲ្យ​អាមេរិក​ចល័ត​ទ័ព នៅក្នុង​តំបន់​អឺរ៉ុប​ប៉ែក​ខាងកើត និង​ការ​លេច​ជា​រូបរាង​ផែនការ​ពង្រាយ​កងកម្លាំង​បន្ថែម​ជាដើម​។ ជាមួយគ្នា​នោះ ដើម្បី​ការពារ​ប្រទេស​អតីត​សហភាពសូវៀត​ខ្លះ ពី​ការវាយប្រហារ​របស់​រុស្សី សម្ព័ន្ធ​ណា​តូ កាលពី​សប្ដាហ៍​មុន សម្រេចចិត្ត​ពង្រាយ​ទ័ព​ប្រមាណ​បួន​ពាន់​នាក់ ទៅកាន់​ប៉ូឡូញ និង​រដ្ឋ​នៅ​តំបន់​បាល់​កង់​ចំនួន​បី​ផ្សេងទៀត ដែលមាន​ព្រំដែន​ជាប់​រុស្សី​។ 

​យ៉ាងណាមិញ នាយករដ្ឋមន្ត្រី​ប៊ុលហ្គារី លោក Boyko Borissov បាន​ប្រាប់​អ្នករាយការណ៍​ព័ត​មាន នៅ​ថ្ងៃទី​១៦ ខែមិថុនា ថា ការបញ្ជូន​នាវាចម្បាំង ដើម្បី​ប្រឆាំងនឹង​នាវា​រុស្សី លើសពី​អ្វីដែល​លោក​អាច​អនុញ្ញាត​បាន​។ ចំណែក ការពង្រាយ​កប៉ាល់ចម្បាំង ឬ​នាវា​ដឹក​យន្តហោះ​នៅ​ទីក្រុង Bourgas ឬ Varna នៅ​រដូវ​ដែល​សម្បូរ​ទេសចរ​បែបនេះ ក៏​មិនអាច​ទទួលយក​បានដែ​រ​។ លោក​បន្តទៀតថា ប៊ុលហ្គារី នឹងមិន​ក្លាយជា​ផ្នែក​នៃ​កង​នាវា​សមុទ្រ​ខ្មៅ ដែល​រៀបចំ​ដើម្បី​សំដៅលើ​រុស្សី នោះទេ​។

​សូម​រម្លឹក​ដែរ​ថា ក្រៅពី​ការបដិសេធ​របស់​ប៊ុលហ្គារី ការតាំង​មូលដ្ឋាន​អចិន្ត្រៃយ៍​ណាមួយ ក្នុង​តំបន់​សមុទ្រ​ខ្មៅ​ក៏​ពិបាក​កើតឡើង​ដែរ​។ បើ​យោងតាម​អនុសញ្ញា Montreux ឆ្នាំ​១៩៣៦ ប្រទេស​ដែល​គ្មាន​ឆ្នេរ​ជាប់​សមុទ្រ​ខ្មៅ មិនអាច​ចត​នាវាចម្បាំង​ក្នុង​តំបន់​នេះ លើស​រយៈពេល​២១​ថ្ងៃ​នោះទេ​។ តួ​ក​គី រូ​ម៉ា​នី និង​ប៊ុលហ្គារី សុទ្ធ​តែមាន​ឆ្នេរ​ជាប់​សមុទ្រ​ខ្មៅ ខណៈដែល​រុស្សី​មាន​មូលដ្ឋាន​កង​នាវាចរណ៍​របស់ខ្លួន នៅ​តំបន់​គ្រី​មេ​រួចស្រេច​៕


Tag:
 ប៊ុលហ្គារី​
 ​ ណា​តូ​
 ​ រូ​ម៉ា​នី​
 ​ សមុទ្រ​ខ្មៅ​
© រក្សាសិទ្ធិដោយ thmeythmey.com