អន្តរជាតិ
ប្រធានាធិបតី​ចិន ទទួលបាន​ទាំង​បាតុកម្ម​ប្រឆាំង​និង​ការស្វាគមន៍ ក្នុង​ដំណើរ​ទៅ​ប៉ូឡូញ​
20, Jun 2016 , 10:39 pm        
រូបភាព
​មាន​ទាំង​អ្នកប្រឆាំង មាន​ទាំង​អ្នក​ស្វាគមន៍ ចំពោះ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង ខណៈដែល​លោក​ទៅដល់​ប៉ូឡូញ នៅ​ថ្ងៃទី​១៩ ខែមិថុនា​។ ដំណើរ​ទស្សនកិច្ច​នេះ ទំនងជា​ផ្ដោតលើ​ការពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ការផ្លាស់ប្ដូរ​ពាណិជ្ជក​ម្ម និង​ការវិនិយោគ​ផងដែរ​។​



​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង បានចាប់ផ្ដើម​ទស្សនកិច្ច​ផ្លូវការ​បី​ថ្ងៃ ទៅកាន់​ប៉ូឡូញ ដែល​ស្ថិតក្នុង​តំបន់​អឺរ៉ុប​ប៉ែក​ខាងកើត​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ នៅតាម​ដង​ផ្លូ​ង​ពី​ព្រលានយន្តហោះ ឆ្ពោះទៅកាន់​ក្រុង​វ៉ា​សូវី គេ​សង្កេតឃើញ​មាន​ក្រុមបាតុករ​ជាច្រើន បាន​កាន់​បដា ប្រឆាំងនឹង​ប្រធានាធិបតី​រូបនេះ ខណៈ​អ្នកគាំទ្រ​រូបលោក ឈរ​រង់ចាំ​នៅឯ​សណ្ឋាគារ​។​

​ក្រុម​អ្នកប្រឆាំង បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បញ្ឈប់​ការ​រឹតត្បិត​លើ​ក្រុម​សាសនា Falung Gong ខណៈដែល​សាសនា​នេះ ត្រូវបាន​ហាមឃាត់​គោរព ក្នុងប្រទេស​ចិន​។ មនុស្ស​ជាច្រើន ដែល​ដើរ​តាម​សាសនា​នេះ ត្រូវបាន​រដ្ឋាភិបាល​កុម្មុយនីស្ត ចាប់ខ្លួន និង​ដាក់ទោស ជា​បន្តបន្ទាប់​។​

​ងាក​មក​លោក ស៊ី ជិន​ពីង វិញ ក្នុង​ដំណើរ​បី​ថ្ងៃ ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៩ ប្រធានាធិបតី​ចិន នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ប៉ូឡូញ លោក Andrzej Duda និង​នាយករដ្ឋមន្ត្រី លោកស្រី Beata Szydlo​។ ប្រធានបទ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ នឹង​គ្របដណ្ដប់​លើ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​។ ជាមួយគ្នានេះដែរ កិច្ចព្រមព្រៀង​ជាច្រើន រំពឹងថា នឹង​ត្រូវបាន​ចុះហត្ថលេខា ដោយ​រួមទាំង​ការលុបបំបាត់​ពន្ធ​បន្ថែម (VAT) រវាង​ប្រទេស​ទាំងពីរ ព្រមទាំង​ជំរុញ​ការនាំចេញ​ផលិតផល​ប៉ូឡូញ ចូល​ទីផ្សារ​ចិន​ផងដែរ​។​

​ក្រៅពីនេះ ប្រធានាធិបតី​ចិន រួមជាមួយ​សម​ភាគី​ប៉ូឡូញ នឹងចូលរួម​ក្នុង​វេទិកា​ផ្លូវ​សូត្រ ២០១៦ ដែលជា​វេទិកា​ទាក់ទាញ​អ្នកវិនិយោគ​ចិន និង​អឺរ៉ុប​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  ក្រុង​វ៉ា​សូវី ចង់​បង្កើន​ពាណិជ្ជកម្ម​ជាមួយ​ចិន តាមរយៈ​ការភ្ជាប់​រថភ្លើង​រវាង​ទីក្រុង Lodz ភាគ​កណ្ដាល​ប៉ូឡូញ និង​ទីក្រុង Chengdu ដើម្បី​នាំចេញ​ទំនិញ​កាន់តែច្រើន​បន្ថែម​ទៅ​ទីផ្សារ​ចិន​។

​លោក ស៊ី និង​លោក Duda នឹង​រង់ចាំ​ទទួល​រថភ្លើង​ដឹកទំនិញ​ពី​ចិន មកកាន់​រដ្ឋធានី​វ៉ា​សូវី បន្ទាប់​ធ្វើដំណើរ​រយៈពេល​១៣​ថ្ងៃ ពី​ខេត្ត Sichuan​។ ខ្សែ​រថភ្លើង​នេះ បាន​ភ្ជាប់​ចិន និង​ប៉ូឡូញ ក្នុង​ឆ្នាំ​២០១៣ និង​ជួយ​កាត់បន្ថយ​ការដឹកជញ្ជូន​តាម​សមុទ្រ ដែល​ត្រូវ​ចំណាយពេល​៤០ ទៅ​៥០​ថ្ងៃ​។ ខ្សែ​រថភ្លើង​នេះ​ទៀតសោត ជា​ផ្នែក​នៃ​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​សូត្រ​ថ្មី ដែល​ភ្ជាប់​ការធ្វើដំណើរ​ទាំង​ផ្លូវ​សមុទ្រ និង​ផ្លូវគោក រវាង​អាស៊ី និង​អឺរ៉ុប​៕       


Tag:
 ចិន​
  ​ស៊ី​ជិន​ពីង​
  ​ប៉ូឡូញ​
© រក្សាសិទ្ធិដោយ thmeythmey.com