អន្តរជាតិ
បាងកក​លិច​ទឹក​
21, Jun 2016 , 10:21 am        
រូបភាព
ទឹកលិច​ក្នុងទីក្រុង​បាងកក ព្រឹកនេះ ។ រូបថត ThaiBPS
ទឹកលិច​ក្នុងទីក្រុង​បាងកក ព្រឹកនេះ ។ រូបថត ThaiBPS
​បន្ទាប់ពី​ភ្លៀង​ខ្លាំងៗ​ប៉ុន្មាន​ថ្ងៃ​មកនេះ ទឹកជំនន់​កំពុង​វាយប្រហារ​រាជធានី​បាងកក​យ៉ាងខ្លាំង​។ ផ្លូវ​ជាច្រើន​ក្នុង​ទីក្រុង បាន​លិច​មិនអាច​ធ្វើដំណើរ​បាន និង​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​ខ្លាំង​ខណៈដែល សាលារៀន និង​ទីតាំង​ជាច្រើន​ទៀត ត្រូវបាន​បិទ​ផងដែរ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Bangkok Post​។

   


​រាជធានី​បាងកក កំពុងតែ​រង​ការវាយប្រហារ​ពី​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ នៅ​ថ្ងៃទី​២១ ខែមិថុនា​នេះ​។ ដងផ្លូវ​ជាច្រើន​ក្នុង​រាជធានី​នេះ បាន​លិច ដោយសារ​ទឹក​ហូរ​កាត់​ផ្លូវ ដែល​បង្ក​ការរាំងស្ទះ​យ៉ាងខ្លាំង ដល់​ប្រជាជន​។

​អាជ្ញាធរ​ក្រុង​បាងកក អះអាងថា ការ​ភ្លៀង​ជាប់ៗ​គ្នា ជាមួយនឹង​ប្រព័ន្ធ​លូ​បង្ហូរ​ដែល​មិនសូវមាន​ប្រសិទ្ធភាព ជា​មូលហេតុ​ធ្វើ​ឲ្យ​វិថី​ក្នុង​ទីក្រុង​ប្រមាណ​៣០ មិនអាច​ឆ្លងកាត់​បាន​។ តំបន់​រងគ្រោះ​ខ្លាំងជាងគេ គឺ​តំបន់ Lat Phrao ដែលជា​ផ្នែក​ទំនាប​នៃ​ទីក្រុង​។ នៅ​ទីនោះ សាលារៀន​យ៉ាងតិច​៤ ត្រូវបាន​បិទ នៅ​ថ្ងៃទី​២១ ខែមិថុនា ដោយសារ​ទឹកជំនន់ វាយប្រហារ​ខ្លាំង​។​

​មួយវិញទៀត ផ្លូវ​ជាច្រើន​ក្នុង​តំបន់ Lat Phrao នៅតែ​ស្ថិតក្រោម​ទឹក​នៅឡើយ នៅ​ព្រឹក​ថ្ងៃនេះ ជាពិសេស​ចំណុចប្រសព្វ​ផ្លូវ Ratchadaphisek ដែល​កម្ពស់​ទឹក គឺ​ខ្ពស់ជាង​ផ្លូវ​រថភ្លើង MRT ទៅទៀត​។ យ៉ាងណាក្ដី ផ្លូវ​ក្រោម​ដី នៅតែ​អាច​ដំណើរការ​ធម្មតា ដោយ​គ្មាន​រអាក់រអួល​ទេ​។

​ជាមួយគ្នានេះ នាយកដ្ឋាន​ព្យាករណ៍​ធាតុអាកាស ក៏​បញ្ជាក់ដែរថា ភ្លៀង​នឹង​បន្ត​ធ្លាក់​ប្រចាំថ្ងៃ ព្រម​គ្នា​នឹង​ព្យុះ​រន្ទះ រហូតដល់​សប្ដាហ៍​នេះ​៕  


Tag:
 បាងកក​
 ​ ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com