ព័ត៍មានសុខភាព
សុខភាព៖ មាន​សុវត្ថិភាព​អត់ ដែល​រួមភេទ ក្នុងពេល​មក​រដូវ​?
22, Jun 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
​សុវត្ថិភាព​គឺមាន​ហើយ បើសិនជា​មានការ​ប្រុងប្រយ័ត្ន​បាន​ត្រឹមត្រូវ​ល្អ​។ ការ​រួមភេទ​ក្នុងពេល​ស្ត្រី​មក​រដូវ អាចជួយ​នាង​បំបាត់​បញ្ហា​នៃ​ការ​មក​រដូវ ហើយក៏​ជួយ​ឲ្យ​នាង​មាន​អារម្មណ៍ល្អ និង​បំបាត់​ការឈឺ​ក្បាល​បានដែរ​។ អ្វីដែល​សំខាន់​នោះ​ត្រូវ​ប្រាកដថា អ្នក​បាន​ប្រើ​ស្រោមអនាម័យ ដើម្បី​បង្ការ​ជំងឺឆ្លង ជំងឺ​កាមរោគ និង​បាន​លាង​សម្អាត ក្រោយពី​រួមភេទ​រួច​។ ទោះបីជា​យ៉ាងណាក៏ដោយ មិនត្រូវ​ភ្លេច​ការពន្យារ​កំណើត​ឡើយ ទោះបីជា​ពេលវេលា​នេះ ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ មាន​តិចតួច​ក៏ដោយ​។​

 
​យោងតាម​អ្នកជំនាញ ខាង​សុខភាព​បាន​ឲ្យ​ដឹងថា ការរួម​ភេទ​ក្នុងពេល​មក​រដូវ គឺជា​រឿង​មួយ​ធម្មតា និង​មាន​សុវត្ថិភាព​ទាំង​បុរស និង​ស្ត្រី​។ យ៉ាងណាមិញ វា​ក៏មាន​កត្តា​មួយចំនួន ដែល​ត្រូវ​គិតគូរ​ផងដែរ​។ 
 
​អត្ថប្រយោជន៍​
​ការរួម​ភេទ​ក្នុងពេល​មក​រដូវ អាចជួយ​បំបាត់​អាកា​រៈ មិន​ស្រួល​ក្នុង​ខ្លួន​របស់​ស្ត្រី​បាន​។ ស្ត្រី​ភាគច្រើន​និយាយថា ការ​ឈានដល់​ចំណុចកំពូល អាច​បំបាត់​ការឈឺ​ចុក​ក្នុង​ពោះ និង​ការ​កន្ត្រាក់​ក្នុង​ស្បូន​បាន​។ ជាមួយគ្នានេះដែរ ការ​ឈានដល់​ចំណុចកំពូល ក្នុងពេល​រួមភេទ នឹង​បញ្ចេញ​សារធាតុ Endorphins ដែលជា​សារធាតុ ជួយ​បំបាត់​ការឈឺចាប់​បែប​ធម្មជាតិ និង​ជំរុញ​ឲ្យ​មាន​អារម្មណ៍ល្អ​នោះ អាច​បំបាត់​ការឈឺ​ក្បាល បាក់​ទឹកចិត្ត​តិចតួច ឈឺ​ក្នុង​ពោះ និង​អារម្មណ៍​ឆេវឆាវ ដោយសារតែ​ការ​មក​រដូវ​បាន​។ ស្ត្រី​ជាច្រើន​ពេញចិត្ត​នឹង​ការ​រួមភេទ ដោយ​ការសម្រេច​កាម​ដោយ​ខ្លួនឯង ព្រោះថា​វា​នឹងធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា មាន​ភាព​ណែនៗ​ក្នុង​អាង​ត្រគាក និង​តំបន់​ប្រដាប់ភេទ​។ 
 
​ទោះបីជា​យ៉ាងណាក៏ដោយ ការ​ប្រឡូកប្រឡាក់​តិចតួច​បំផុត តាមរយៈ​ការប្រើ​ស្រោមអនាម័យ​មនុស្ស​ស្រី អាចជួយ​កាត់បន្ថយ​ឈាមរដូវ ហៀរ​ចេញ​ក្រៅ​ក្នុងពេល​រួមភេទ​បាន​។ បើសិនជា​អ្នក​យល់ថា មិនមាន​ផាសុកភាព​ក្នុងកា​ប្រើប្រាស់​វា​ទេ ការប្រើ​ស្រោមអនាម័យ​ធម្មតាៗ​ក៏បាន​ដែរ​។ 
 
​ការប្រឈមមុខ​
​សុវត្ថិភាព​នៃ​ការ​រួមភេទ កាន់តែ​ជា​រឿង​សំខាន់​ថែមទៀត នៅពេល​រួមភេទ​ក្នុងពេល​មក​រដូវ ព្រោះថា​ការ​ប្រឈម​នឹង​ជំងឺ​កាមរោគ និង​ការបង្ក​រោគ គឺ​ខ្ពស់ជាង​ពេលវេលា​ធម្មតា ដោយសារតែ​មាត់ស្បូន បើក​បង្ហូរឈាម​ចេញមក​ខាងក្រៅ​។ អ្វី​ដែលជា​រឿង​មិនល្អ​នោះ​គឺថា ការរួម​ភេទ​ក្នុងពេល​មក​រដូវ នឹង​បង្កើតបានជា​ផ្លូវ​ដ៏​ល្អឥតខ្ចោះ​មួយ សម្រាប់​បាក់តេរី​ធ្វើដំណើរ​ចូលទៅក្នុង​អាង​ត្រគាក​មនុស្ស​ស្រី​។ អ្នក​ក៏​ទំនងជា​ប្រឈម​ខ្លាំង នឹង​ជំងឺ​ឆ្លងតាម​ឈាម​ដែរ​ដូចជា ជំងឺអេដស៍ និង​ជំងឺ​រលាក​ថ្លើម ព្រមទាំង​ជំងឺផ្សិត​ថែមទៀត​។ សរុបមក វា​នៅតែ​មានឱកាស​មួយ ដែល​អ្នក​អាចមាន​ផ្ទៃពោះ នៅពេល​រួមភេទ​ក្នុងពេល​មក​រដូវ បើសិនជា​មិនបាន​ប្រើ​ថ្នាំ​ពន្យារកំណើត ឬ​ស្រោមអនាម័យ​ទេនោះ​៕ 
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com