អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន ប្រកាស​ផ្តាច់​ការទាក់ទង​ជាមួយនឹង​តៃវ៉ាន់​ជា​ផ្លូវការ​
26, Jun 2016 , 3:59 pm        
រូបភាព
លោក An Fengshan
លោក An Fengshan
ដោយ: ថ្មីៗ
​បន្ទាប់ពី​បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន និង​លោកស្រី​ប្រធានាធិបតី Tsai Ing-wen ឈ្នះ​ការបោះឆ្នោត និង​ដឹកនាំ​កោះ​តៃវ៉ាន់​មក ទំនាក់ទំនង​កោះ​តៃវ៉ាន់ និង​ចិន ហាក់ដូច​ជាមាន​ភាពល្អ​ក់​កករ​នឹង​គ្នា​ខ្លាំង ដ្បិត​រដ្ឋាភិបាល​ថ្មី​តៃវ៉ាន់ មិនមាន​និន្នាការ​ជិតស្និទ្ធ​ដើម្បី​ធ្វើការ​ជាមួយនឹង​ចិន​ឡើយ​។ បញ្ហា​នេះ បាន​ជំរុញ​ឲ្យ​ចិន ត្រូវ​ប្រកាស​ព្យួរ​ទំនាក់ទំនង​ផ្លូវការ​ជាមួយនឹង​តៃវ៉ាន់​មួយរយៈ​។



​ចិន នៅ​ថ្ងៃទី​២៥ ខែមិថុនា​ម្សិលមិញ​នេះ បានប្រកាសថា ទំនាក់ទំនង​ជាមួយនឹង​តៃវ៉ាន់​ត្រូវបាន​កាត់ផ្តាច់​ហើយ​។ សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ថ្មី​តៃវ៉ាន់​ដែល​កំពុងតែ​ដឹកនាំ​ដោយ​បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន មិន​ទទួលស្គាល់​ពី​គោលនយោបាយ​ចិន​តែមួយ​។

យោងតាមភ្នាក់ព័ត៌មាន AFP ​អ្នកនាំពាក្យ លោក An Fengshan បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​ដែល​ផ្សាយ​ចេញ​តាម​គេហទំព័រ​របស់​គណៈរ​ដ្ឋ​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​តៃវ៉ាន់ ថា យន្តការ​សម្រាប់​ការ​ទាក់​ទង និង​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ ត្រូវបាន​ព្យួរ​តាំងពី​ថ្ងៃទី​២០ ខែឧសភា​មកម្ល៉េះ​។ អ្នកនាំពាក្យ​រូបនោះ បាន​បន្ថែមថា គឺ​ដោយសារតែ​ភាគី​តៃវ៉ាន់ មិន​គោរព​តាម​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​ភាព​៩២​ដែល​បញ្ជាក់​ពី​ការអនុវត្ត​គោលនយោបាយ​ចិន​តែមួយ​។​

​ឯកច្ឆន្ទ​ភាព​៩២ សំដៅលើ​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ឆ្នាំ​១៩៩២ ដោយ​ភាគី​ទាំងពីរ បានទទួល​ស្គា​ល់ពី​គោលការណ៍​ជាតិ​តែមួយ​រវាង​តៃវ៉ាន់ និង​ចិនដីគោក​។ កិច្ចព្រមព្រៀង និង​ការយោគយល់​ទាំងនេះហើយ បាន​រក្សា​ចិន និង​តៃវ៉ាន់ អាច​រក្សា​និង​កសាង​ចំណងមិត្តភាព និង​កាត់បន្ថយ​កំហឹង​លើ​គ្នា ក្រោយ​បញ្ចប់​សង្គ្រាមស៊ីវិល​ឆ្នាំ​១៩៤៩​។​

​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​២០ ខែឧសភា កន្លងទៅ លោកស្រី Tsai Ing-wen បាន​ចូល​ស្បថ​ក្នុង​តំណែង​ជា​ប្រធានាធិបតី​កោះ​តៃវ៉ាន់​ជា​ផ្លូវការ​។ វា គឺជា​ការបញ្ចប់​ការដឹកនាំ​តៃវ៉ាន់​រយៈពេល​៨​ឆ្នាំ​របស់លោក​ប្រធានាធិបតី Ma Ying-jeou នៃ​បក្ស​គួ​ក​មិន​តាំង​ដែល​គេ​ជឿជាក់ថា​មាន​និន្នាការ​ទៅរក រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នោះ​។​

​គិត​ចាប់ពី​បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ឈ្នះ​ការបោះឆ្នោត​មក ក្រុង​ប៉េកាំង​មិនសូវ​ជា​សប្បាយចិត្ត​នោះទេ ជាពិសេស​នោះ លើ​ការឡើង​កាន់អំណាច​រប​ស់លោក​ស្រី Tsai Ing-wen ។ នោះ​ក៏​ព្រោះតែ លោកស្រី Tsai Ing-wen មិនបាន​ប្រើពាក្យ «​ព្រមព្រៀង​» ទេ នៅពេលដែល​លោកស្រី​និយាយ​ដល់ «​ការព្រមព្រៀង​ឆ្នាំ​១៩៩២» ៕


Tag:
 ​តៃវ៉ាន់​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com