ជាតិ
មូលនិធិ ម៉េង​លី ជេ​. គួច បរិច្ចាគ​គ្រែ​មន្ទីរពេទ្យ​អេឡិចត្រូនិក​ជូន​មន្ទីរពេទ្យ​រដ្ឋ​ចំនួន​៣​កន្លែង​
30, Jun 2016 , 10:52 am        
រូបភាព
ដោយ: ថ្មីៗ
 
​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅនេះ មូលនិធិ ម៉េង​លី ជេ​. គួច បាន​បរិច្ចាគ​គ្រែពេទ្យ​អេឡិចត្រូនិក​ជូន​ដល់​មន្ទីរពេទ្យ​រដ្ឋ​ចំនួន​៣​កន្លែង រួមមាន​៖ មន្ទីរពេទ្យ​ព្រះ​កេតុមាលា ទទួលបាន​គ្រែ​ចំនួន​១៥ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ទទួលបាន​គ្រែ​ចំនួន​១០ និង​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម ទទួលបាន​គ្រែ​ចំនួន​១០ ទុក​សម្រាប់​ប្រើប្រាស់ ដើម្បី​បំពេញតម្រូវការ​ចាំបាច់​របស់​អ្នកជំងឺ​។ គួរបញ្ជាក់​ផងដែរ​ថា គ្រែពេទ្យ​អេឡិចត្រូនិក​ចំនួន​១៧៤​គ្រែ គឺជា​អំណោយ​សប្បុរសធម៌​ដែល​មូលនិធិ ម៉េង​លី ជេ​. គួច ទទួលបាន​ពី​មន្ទីរពេទ្យ Canton “Bruderholz” ប្រទេស​ស្វី​ស សម្រាប់​ទុក​បរិច្ចាគ​បន្ត​ក្នុង​គោលដៅ​សប្បុរសធម៌ ហើយ​បើ​គិតពី​តម្លៃ​គ្រែ​នីមួយៗ​វិញ មានតម្លៃ​រហូតដល់​ទៅ​ជាង​មួយ​ម៉ឺន​ដុល្លារ​ឯ​ណ្ណោះ​។

 
​លោក ខឹម ប៊ុណ្ណា​វឌ្ឍន៍ ប្រធាន​កម្មវិធី នៃ​មូលនិធិ ម៉េង​លី ជេ​. គួច បានឱ្យដឹងថា មូលនិធិ​ក៏មាន​គម្រោង​បរិច្ចាគ​គ្រែពេទ្យ​អេឡិចត្រូនិក​ខាងលើ​ជា​បន្តបន្ទាប់​ទៀត ជូន​ដល់​មន្ទីរពេទ្យ​រដ្ឋ មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព ឬ​បណ្តា​អង្គការ​បម្រើសេវា​កម្ម​សុ​ខ​ភាព​នានា ដែលមាន​តម្រូវ​ការចាំបាច់​លើ​គ្រែពេទ្យ​នេះ​ផងដែរ​។ លោក​ប៊ុណ្ណា​វឌ្ឍន៍ ក៏បាន​បន្តទៀតថា មូលហេតុ​ចម្បង​ដែល​មូលនិធិ ម៉េង​លី ជេ​. គួច ធ្វើការ​បរិច្ចាគ​នូវ​គ្រែពេទ្យ​អេឡិចត្រូនិក​ជូន​ដល់​មន្ទីរពេទ្យ​ខាងលើ ដោយសារ​មន្ទីរពេទ្យ​ពិតជា​ត្រូវការ​ចាំបាច់​នូវ​បរិក្ខារ​ពេទ្យ​ផ្សេងៗ​ជាច្រើន ជាពិសេស​គ្រែពេទ្យ​តែម្តង សម្រាប់​ប្រើប្រាស់​ក្នុងការ​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​ទូទៅ អ្នកជំងឺ​វះកាត់ និង​សម្រាក​ព្យាបាល​ជំងឺ​ផងដែរ​។ 


 
​លោក​វេជ្ជបណ្ឌិត លីម ហ៊ា​ប​លី អនុប្រធាន​ការិយាល័យ​គណនេយ្យ នៃ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​យ៉ាងខ្លាំង​ចំពោះ​អំណោយ​គ្រែពេទ្យ​ទទួលបាន​ពី​មូលនិធិ ម៉េង​លី  ជេ​. គួច សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​ផងដែរ​។ លោក​ហ៊ា​ប​លី ក៏បាន​បន្តទៀតថា អំណោយ​ទាំងអស់​ខាងលើ ពិត​ជាមាន​សារៈប្រយោជន៍​មែនទែន​សម្រាប់​មន្ទីរពេទ្យ ដែល​បច្ចុប្បន្ន​មន្ទីរពេទ្យ​កំពុងតែ​ត្រូវការ​គ្រែពេទ្យ​បន្ថែម​ជាច្រើន​ទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អ្នកជំងឺ​។​
 
​ចំណែក​លោក​វេ​ជ្ឌ​បណ្ឌិត ខៀវ វុទ្ធី នាយករង​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ទទួលបន្ទុក​ខាង​ផ្នែក​វិទ្យុ​សាស្ត្រ បានឱ្យដឹង​ផងដែរ​ថា មន្ទីរពេទ្យ​ពិតជា​ត្រូវការ​គ្រែពេទ្យ​ជាច្រើន ដើម្បី​ដាក់​បន្ថែម ក៏ដូចជា​ផ្លាស់ប្តូរ​គ្រែពេទ្យ​ណា​ដែល​ចាស់ៗ​ប្រើការ​លែងកើត​។ លោក​វុទ្ធី​បាន​បន្តទៀតថា អំណោយ​នេះ​ពិត​ជាមាន​សារៈសំខាន់​មែនទែន​សម្រាប់​មន្ទីរពេទ្យ ស្រប​ពេលដែល​លោកនាយក​មន្ទីរពេទ្យ កំពុង​ស្វែងរក​ថវិកា សម្រាប់​យកទៅ​ទិញ​បរិក្ខារ​ពេទ្យ​ផ្សេងៗ​បន្ថែមទៀត ដូចជា​គ្រែពេទ្យ​ជាដើម ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អ្នកជំងឺ​នាពេល​បច្ចុប្បន្ន​។​
 
​លោកស្រី កែវ រដ្ឋា នាយក​គិលានុបដ្ឋាក នៃ​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម បាន​មានប្រសាសន៍ថា “​ការទទួលបាន​នូវ​អំណោយ​មួយ​នេះ ប្រៀប​បីដូច​ជា​ទទួលបាន​នូវ​កាដូរ​ដ៏​វិសេសវិសាល​មួយ​សម្រាប់​ជួយសង្គ្រោះ​ដល់​អាយុជីវិត​មនុស្ស​ទូទៅ ជាពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ​”​។ 
 
​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម ក៏បាន​បង្ហោះ​សារ​ថ្លែងអំណរគុណ​ចំពោះ​មូលនិធិ ម៉េង​លី ជេ​. គួច តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែលមាន​ខ្លឹមសារ និង​អត្ថន័យ​ដូចតទៅ​៖ “​យើងខ្ញុំ​ជា​ថ្នាក់ដឹកនាំ រួមទាំង​បុគ្គលិក នៃ​មន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃ​ក្តីសង្ឃឹម សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី នាយក​ប្រតិបត្តិ នៃ​មូលនិធិ ម៉េង​លី ជេ​. គួច ដែល​បាន​ឧបត្ថម្ភ​គ្រែ​អ្នកជំងឺ​ចំនួន​១០​គ្រែ ជូន​ដល់​មន្ទីរពេទ្យ សម្រាប់​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​ក្រីក្រ​ក្នុងករណី​ជំងឺ​សង្គ្រោះបន្ទាន់ ជំងឺ​វះកាត់​ធ្ងន់ធ្ងរ និង​ជំងឺ​សម្រាក​ព្យាបាល​ទូទៅ​ដោយ​ឥតគិតថ្លៃ​។ យើងខ្ញុំ​សូម​ប្រសិទ្ធពរ បវរ​សួស្តី​មហាប្រសើរ និង​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​”៕
 
 
​ 

© រក្សាសិទ្ធិដោយ thmeythmey.com