អន្តរជាតិ
អាមេរិក៖ អង់គ្លេស នឹងបន្តនៅក្នុងអឺរ៉ុប ព្រោះមិនដឹងចេញតាមណា លោក ចន ឃើរី រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក
× ប្រមុខការទូតអាមេរិក លោក ចន ឃែរី បានប្រមើលមើលថា ចក្រភពអង់គ្លេស នឹងមិនទាន់ចាកចេញពីអឺរ៉ុប ក្នុងអនាគតដ៏ខ្លីនេះទេ។ លោក ឃែរី និយាយបែបនេះ តែមួយថ្ងៃបន្ទាប់ពីជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក ដេវីដ ខេមេរ៉ូន ដែលកំពុងរងសម្ពាធ ពីមេដឹកនាំអឺរ៉ុប ដែលចង់ឲ្យអង់គ្លេស ចាកចេញឆាប់ៗ។
សូមស្ដាប់ព័ត៌មានលម្អិត៖
ថ្លែងពីរដ្ឋកូឡូរ៉ាដូ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃែរី និយាយ អង់គ្លេស នឹងនៅតែជាសមាជិកសហភាពអឺរ៉ុប ក្នុងរយៈពេលខ្លីនេះ ដ្បិតរដ្ឋាភិបាលអង់គ្លេស ទំនងជាមិនដឹងចរចា «ការលែងលះ» ជាមួយអឺរ៉ុបតាមរបៀបណានោះទេ។ លោកនាយករដ្ឋមន្ត្រី ដេវីដ ខេមេរ៉ូន ដែលនឹងចាកចេញពីតំណែងនេះ នៅតែអល់អែក ចំពោះការអនុវត្តតាមមាត្រា៥០ នៃសន្ធិសញ្ញា Lisbon ។ តែលោកក៏បញ្ជាក់ហើយថា លោក នឹងទុករឿងនេះ ឲ្យអ្នកបន្តតំណែងរបស់លោក ជាអ្នកសម្រេចចិត្ត ថា អនុវត្តតាមមាត្រា៥០ នៃសន្ធសញ្ញា Lisbon នៅពេលណានោះ។
ដើម្បីចាកចេញពីអឺរ៉ុបផ្លូវការនោះ ចក្រភភពអង់គ្លេស ត្រូវធ្វើតាមមាត្រា៥០ នៃសន្ធិសញ្ញា Lisbon ហើយដំណើការចរចា នឹងចាប់ផ្ដើមផងដែរ ដែលអាចនឹងប្រើពេលរាប់ខែ ឬរាប់ឆ្នាំ។ ការចរចា លើកិច្ចព្រមព្រៀងជាច្រើនដែលមានកន្លងមក នឹងត្រូវធ្វើឡើងវិញ ដែលច្បាស់ណាស់ថា ទាំងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ពិតជាឈឺក្បាលខ្លាំងមិនខានឡើយ។
បើតាមសារព័ត៌មាន RT រដ្ឋមន្ត្រីការបរទេសអាមេរិក ថ្លែងទៀតថា នេះគឺជាការលែងលះដ៏ស្មុគស្មាញមួយ។ នាយករដ្ឋមន្ត្រីអង់គ្លេស ហាក់ដូចជាមិនមានអំណាចគ្រប់គ្រាន់ ដើម្បីចរចាការចាកចេញនោះទេ ព្រោះលោក ជាអ្នកប្រឆាំងនឹងការចាកចេញពីអឺរ៉ុប។ បើតាមការលើកឡើងរបស់លោក ឃែរី ការចាកចេញ និងការចាប់ផ្ដើមដំណើការចរចា ជាអ្វីដែលលោក ខេមេរ៉ូន មិនជឿទាល់តែសោះ ហើយលោកខេមេរ៉ូន ក៏មិនដឹងថា ត្រូវធ្វើរឿងនេះដោយរបៀបណាដែរ។
លោក ចន ឃែរី បន្តទៀតថា បើជាអ្នកដែលគាំទ្រការចាកចេញពីអឺរ៉ុប ដូចជាអភិបាលក្រុងឡុងដ៍ លោក បូរីស ចនសុន ក៏មិនប្រាកដថា ចង់ចេញពីសហភាពអឺរ៉ុបភ្លាមៗដែរ។ ជាមួយនឹងសំណួរថា ការពន្យារពេលនេះ នឹងនាំឲ្យមានភាពមិនច្បាស់លាស់ ឬយ៉ាងណា លោក ឃែរី ឆ្លើយតបថា មានវិធីជាច្រើន ដើម្បីជួយសម្រាលផលវិបាក ដែលកើតមាន។ ប៉ុន្តែ លោកមិនបានបញ្ជាក់ថា ជាអ្វីនោះទេ ហើយអាមេរិក មានតែស្នើឲ្យអឺរ៉ុប នឹងអង់គ្លេសចរចាគ្នាប៉ុណ្ណោះ។
ជាការពិត អាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អឺរ៉ុប ពិតជាមិនចង់ឲ្យមានការបែកបាក់រវាងសមាជិក នៃអង្គការតំបន់ដ៏ធំនេះទេ។ យ៉ាងណាមិញ មេដឹកនាំអឺរ៉ុប បានទាមទារឲ្យចក្រភពអង់គ្លេស ចាកចេញឲ្យបានលឿន។ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បញ្ជាក់ហើយថា អង់គ្លេស លះបង់កាតព្វកិច្ចរបស់ខ្លួន នៅក្នុងអឺរ៉ុប តែក៏មិនត្រូវចង់បានសិទ្ធិពិសេសនោះដែឬ។ លោកស្រី សង្កត់ធ្ងន់ថា ត្រូវបែងចែកឲ្យដាច់រវាងប្រទេសដែលចង់នៅជាសមាជិកអឺរ៉ុប និងអ្នកដែលចាកចេញ៕
Tag:
អាមេរិក
អឺរ៉ុប
Brexit
© រក្សាសិទ្ធិដោយ thmeythmey.com