អន្តរជាតិ
នយោបាយអន្តរជាតិ
លោក គីម ជុងអ៊ុន ទទួលបានងារបន្ថែមទៀត
× បន្ថែមពីលើគោរមងារ ដែលមានវែងអន្លាយស្រាប់ហើយនោះ សភាជាតិកូរ៉េខាងជើង បានផ្ដល់ងារថ្មីមួយទៀត ដល់មេដឹកនាំវ័យក្មេងកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ លោក គីម ដែលឡើងកាន់អំណាចក្នុងឆ្នាំ២០១១នោះ មានងារជាច្រើន និងអមដោយអំណាចណែនក្នុងដៃ គ្រប់គ្រងលើរដ្ឋក៏ក្រីក្រមួយនេះ។
ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT បានបញ្ចេញវីដេអូមួយ ដែលបង្ហាញវត្តមានមេដឹកនាំវ័យក្មេង លោក គីម ជុងអ៊ុន ចូលរួមក្នុងកិច្ចប្រជុំរបស់សភា និងបាននិយាយថា លោក គីម ត្រូវបានជ្រើសរើសជា «ប្រធានគណៈកម្មការកិច្ចការដ្ឋ» នៃរបបកូរ៉េខាងជើង។ គោរមងារថ្មី នេះ នឹងធ្វើឲ្យងាររបស់លោក គីម ជុងអ៊ុន កាន់តែវែងបន្ថែមទៀត ខណៈលោកមានតួនាទីជាច្រើនរួចមកហើយ។
ប្រធានសភាកូរ៉េខាងត្បូង លោក Kim Yong Nam និយាយថា នេះគឺជាការទុកចិត្ត និងឆន្ទះ ដែលមិនងាករេ នៃកងទ័ពគ្រប់ជាន់ថ្នាក់ និងប្រជាជនកូរ៉េខាងជើងទាំងអស់ ក្នុងការជ្រើសរើសលោក គីម ជុងអ៊ុន សម្រាប់តំណែងកំពូល។
សារព័ត៌មាន Telegraph ផ្សាយថា មុននឹងទទួលតំណែងថ្មីនេះ លោក គីម ជុងអ៊ុន មានងារជា «សមមិត្តជាទីស្រលាញ់» «ប្រធានគណបក្សពលករកូរ៉េ» «ប្រធានទីមួយនៃគណៈកម្មការការពារជាតិកូរ៉េខាងជើង» និងជា «មេបញ្ជាការជាន់ខ្ពស់កងទ័ពប្រជាជនកូរ៉េ»។ ក្រៅពីនោះ លោក ក៏មានឋានន្តរសក្តិ ជាសេនាប្រមុខ នៃកងទ័ពកូរ៉េខាងជើងផងដែរ។
ក្នុងតួនាទីជាប្រធាន នៃគណៈកម្មការ ដែលជាស្ថាប័នដែលទើបបង្កើតថ្មី នឹងធ្វើឲ្យលោក គីម ជុងអ៊ុន មានអំណាចកាន់តែធំបន្ថែមទៀតលើការងាររដ្ឋ ទាំងវិស័យយោធា និងស៊ីវិល។ ជាមួយគ្នានេះដែរ សភាកូរ៉េខាងជើង ក៏បានជ្រើសតាំងអនុប្រធានបីរូប សម្រាប់គណៈកម្មការថ្មីនេះដែរ។ អនុប្រធានទាំងបី នឹងត្រូវបែងចែកភារកិច្ចផ្សេងគ្នាលើការងារយោធា គណបក្ស និងកិច្ចការដ្ឋាភិបាល។
សូមបញ្ជាក់ថា សភាកូរ៉េខាងជើង ប្រជុំម្ដងឬ ពីរដងក្នុងមួយឆ្នាំ ដើម្បីអនុម័តយល់ព្រមលើការងាររដ្ឋ ថវិកាជាតិ ក៏ដូចជាការតែងតាំងផ្សេង នៅក្នុងជួររដ្ឋាភិបាល។ សភានេះ មិនមានអំណាចអ្វីទេ ដោយគ្រាន់តែជាសភាប្រថាប់ត្រា និងចាំតែអនុម័តប៉ុណ្ណោះ ដ្បិតអំណាចទាំងអស់ ស្ថិតក្នុងដៃមេដឹកនាំកំពូល លោក គីម ជុងអ៊ុន។
កិច្ចប្រជុំនៅថ្ងៃទី២៩ ខែមិថុនា បានផ្ដោតលើគោលនយោបាយសេដ្ឋកិច្ចប្រាំឆ្នាំ ដែលលោក គីម ជុងអ៊ុន ដាកចេញ កាលពីសមាជបក្សពលករកូរ៉េ ក្នុងខែឧសភា។ នោះគឺជាផែនការគោលនយោបាយដំបូងគេ ក្នុងរយៈពេលជាងមួយទសវត្សរ៍ ខណៈដែល មេដឹកនាំកូរ៉េខាងជើង ច្រើនតែផ្ដោតលើការងារយោធា៕
© រក្សាសិទ្ធិដោយ thmeythmey.com