អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ពូទីន ទៅហ្វាំងឡង់ខណៈភាពតានតឹងរវាងរុស្ស៊ី និងណាតូកើនឡើង
× ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទៅទស្សនកិច្ចរយៈពេលមួយថ្ងៃទៅកាន់ប្រទេសជិតខាងរបស់ខ្លួន ហ្វាំងឡង់នៅថ្ងៃសុក្រនេះ។ ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋរុស្ស៊ីនេះកើតឡើងប៉ុន្មានថ្ងៃមុនកិច្ចប្រជុំបក្សសម្ព័ន្ធយោធាណាតូ និងស្របពេលដែលការប្រឈមមុខគ្នារវាងរុស្ស៊ីនិងបក្សសម្ព័ន្ធយោធាណាតូកើនឡើងកាន់តែខ្លាំងនៅតំបន់បាល់ទិកថែមទៀត។
ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសហ្វាំងឡង់រយៈពេលមួយថ្ងៃរបស់ប្រមុខរដ្ឋរុស្ស៊ីចាប់ផ្តើមឡើងនៅថ្ងៃសុក្រនេះ។ យោងតាមប្រភពស្និទ្ធប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន នឹងជួបជជែកពិភាក្សាជាមួយសមភាគីលោក គឺប្រធានាធិបតីហ្វាំងឡង់ Sauli Niinisto ។ បញ្ហាទំនាក់ទំនងទ្វេភាគី និងភាពតានតឹងរវាងរុស្ស៊ីជាមួយបក្សសម្ព័ន្ធយោធាណាតូអាចនឹងក្លាយជាប្រធានបទសំខាន់រវាងមេដឹកនាំទាំងពីរ។
ជំនួបពិភាក្សារវាងមេដឹកនាំប្រទេសទាំងពីរនេះនឹងត្រូវរៀបចំឡើងនៅនិវេសនដ្ឋានលំហែរកាយរដូវក្តៅរបស់លោក Sauli Niinisto ស្ថិតនៅភាគនីរតីនៃប្រទេសហ្វាំងឡើង។
ដូចបានបញ្ជក់ខាងដើមស្រាប់ កិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរអាចនឹងផ្តោតសំខាន់លើការប្រឈមមុខដាក់គ្នាផ្នែកយោធានៅតំបន់បាល់ទិករវាងរុស្ស៊ីជាមួយសមាជិកណាតូ ហើយលោក ពូទីន អាចនឹងឲ្យសមភាគីហ្វាំងឡង់បកស្រាយជម្រះចម្ងល់ពាក់ព័ន្ធបំណងចង់ក្លាយជាសមាជិកណាតូផង។ ការទស្សនកិច្ចរបស់លោក ពូទីន ក៏កើតឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនកិច្ចប្រជុំកំពូលណាតូ ដែលកិច្ចប្រជុំនេះនឹងផ្តោតលើបញ្ហាសន្តិសុខនៅតំបន់បាល់ទិកស្រាប់។
កាលពីថ្ងៃចន្ទ លោក វ្ល៉ាឌីមៀ ពូទីន បានព្រមាន ណាតូថា រុស្ស៊ីអាចនឹងចាត់វិធានការតបតវិញដែរ ក្នុងករណីដែល ណាតូ បន្តចចេសរឹងរូសបញ្ជូនកងទ័ព និងកសាងកម្លាំងទ័ពនៅជាប់ព្រំដែនរុស្ស៊ីទៀត។
រុស្ស៊ីបានបន្ថែមចំនួនកងទ័ពនិងសព្វាវុធតាមព្រំដែន បន្ទាប់ពីចោទប្រកាន់ណាតូថា អង្គការនេះព្យាយាមកសាងកម្លាំងទ័ពនិងគំរាមកំហែងដល់សន្តិសុខនិងប្រយោជន៍រុស្ស៊ីថែមទៀត។ ចំណែកណាតូ វិញចោទរុស្ស៊ីវិញដែរថា រុស្ស៊ីនេះបានរំលោភដែនអាកាសរបស់សមាជិកខ្លួន ហើយអង្គការនេះយកលេសសកម្មភាពរុស្ស៊ីនៅក្នុងជម្លោះអ៊ុយក្រែននិងការបង្កើនកម្លាំងទ័ពដើម្បីពង្រាយទ័ពទៅបាល់ទិកផងដែរ។
យ៉ាងណាមិញ ការបង្កើនកងទ័ពនិងសព្វាវុធរៀងៗខ្លួននៅតាមព្រំដែនសុទ្ធតែជាបញ្ហា ហើយណាមួយការបន្តកើនឡើងនៃការប្រឈមមុខដាក់គ្នានេះអាចនឹងក្លាយជាគ្រោះថ្នាក់ផង។
សូមបញ្ជាក់ថា ហ្វាំងឡង់ជាមិត្តជិតខាងរបស់រុស្ស៊ី ហើយប្រទេសនេះមានព្រំប្រទល់ជាមួយរុស្ស៊ីដែលមានចម្ងាយរហូតដល់ ១៣០០គីឡូម៉ែត្រឯណោះ។ ដូច្នេះហើយទើប បានជារុស្ស៊ីគិតថា បើសិនជា ហ្វាំងឡង់ហ៊ានចូលរួមជាមួយណាតូ វានឹងក្លាយជាគ្រោះថ្នាក់ធំសម្រាប់សន្តិសុខជាតិនិងប៉ះពាល់ដល់ប្រយោជន៍រុស្ស៊ីថែមទៀតផង៕
Tag:
វ្លាល៉ាឌីមៀ ពូទីន
ហ្វាំងឡង់
Sauli Niinisto
ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com