អន្តរជាតិ
​កាណាដា នឹង​បញ្ជូន​ទ័ព​ទៅ​ព្រំដែន​រុស្សី ដើម្បី​ជួយ NATO
02, Jul 2016 , 8:19 pm        
រូបភាព
ខណៈដែល​បក្សសម្ព័ន្ធ​យោធា NATO កំពុង​រៀបចំ​ផែនការ​បញ្ជូន​ទ័ព​ទៅកាន់​ប្រទេស​តំបន់​អឺរ៉ុប​ជាប់​ព្រំដែន​រុស្សី ប្រទេស​កាណាដា ក៏​នឹង​រួមចំណែក​ក្នុង​ការងារ​នេះ ដោយ​បញ្ជូន​ទ័ព​របស់ខ្លួន​មួយចំនួន ទៅ​ជួយ NATO ផងដែរ​។ ព្រម​គ្នា​នឹង​ការបញ្ជូន​ទ័ព​នេះ កាណាដា បញ្ជាក់ដែរថា ខ្លួន​ត្រៀម​ចរចា​ជាមួយ​រុស្សី​ជានិច្ច ដើម្បី​បញ្ចុះ​កម្ដៅ​តានតឹង​។​


 រដ្ឋាភិបាល​កាណាដា បញ្ជាក់​នៅ​ថ្ងៃទី​៣០ ខែមិថុនា ថា ខ្លូន​នឹង​បញ្ជូន​ទ័ព​ទៅ​ចូល​រួមជាមួយ​កងកម្លាំង NATO ចំនួន​៤​ពាន់​នាក់ ដែល​នឹង​ពង្រាយ​នៅតាម​ព្រំដែន​ជាមួយ​រុស្សី​។ NATO រៀបចំ​ផែនការ​បញ្ជូន​ទៅកាន់​ប្រទេស​ជាប់​ព្រំដែន​រុស្សី ដើម្បី​ទប់ទល់​នឹង​រុស្សី ដែល​កំពុង​តែមាន​សក​ម្ម​ភាព​យោធា​ខ្លាំង​ក្នុង​តំបន់​នេះ​។​

​កាណាដា អាមេរិក អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស នឹង​ដឹកនាំ​កងវរសេនាតូច​ចំនួន​មួយ​រៀងៗ​ខ្លួន ក្នុង​អង្គភាព​ថ្មី ដែល​នឹងត្រូវ​បង្កើត​។ អង្គភាព​នេះ នឹង​ជួយ​ប្រទេស​ដែលជា​ប់​ព្រំដែន​រុស្សី ពី​ការគំរាមកំហែង​ណាមួយ ដូចដែល​ធ្លាប់​កើតឡើង​ក្នុង​ឆ្នាំ​២០១៤ ពេល​រុស្សី​លេប​យក​តំបន់​គ្រី​មេ​។ រដ្ឋមន្ត្រី​ការពារជាតិ​កាណាដា លោក Harjit Sajjan ដែល​រិះគន់​សកម្មភាព​រុស្សី មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​នោះទេ ប៉ុន្តែ​អ្នកការទូត NATO និយាយថា កងទ័ព​កាណាដា នឹង​តាំងនៅ​ឡា​ត់​វី​។​

​រដ្ឋមន្ត្រី​ការពារជាតិ បានប្រកាស​ពី​ព័ត៌មាន​នេះ មួយថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ថ្លែង​ទៅកាន់​សភា​កាណាដា ដោយ​លោក​អូ​បា​ម៉ា ប្រាប់ថា កាណាដា​ណ ត្រូវតែ​ចូលរួម​ជាមួយ NATO ឲ្យ​បាន​ច្រើន​។ ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា ក្នុងពេល​សម្ភាសន៍​តាម​ទូរ​សព្ទ លោក Harjit Sajjan និយាយថា ក្នុងនាម​ជា​សមាជិក NATO យើង​ចាំបាច់​ផ្ញើ​សារ​ខ្លាំងៗ​ទៅ​រុស្សី​។​

​សូមបញ្ជាក់ថា កាលពីដើម​ខែមិថុនា ក្រុង​វ៉ាស៊ីនតោន បានស្នើ​សុំ​ជំនួយ​ពី​កាណាដា ដើម្បី​បង្កើត​កងកម្លាំង​ទ័ព ព្រោះ​សមាជិក​ដទៃទៀត​របស់​បក្សសម្ព័ន្ធ​យោធា NATO ហាក់ដូចជា​រារែក​ចិត្ត​។ សរសេរ​លើ​ទំព័រ Twitter របស់លោក អគ្គលេខាធិការ NATO លោក Jens Stoltenberg និយាយថា​៖« អរគុណ​! កាណាដា​។ ពេលនេះ​កងវរសេនាតូច​ទាំង​បួន​មាន​អ្នកដឹកនាំ​ហើយ​»​។   

​ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau នឹង​បង្ហាញ​ពី​ការចូលរួម​របស់​ប្រទេស​លោក ក្នុង​កិច្ចប្រជុំ​កំពូល NATO នៅ​ប៉ូឡូញ នា​សប្ដាហ៍​ក្រោយនេះ​។ សកម្មភាព​រុស្សី នាពេល​កន្លងមក មិនបាន​ធ្វើ​ឲ្យ​កាណាដា សប្បាយចិត្ត​នោះទេ ហើយ​រដ្ឋាភិបាល​លោក Trudeau ថែមទាំង​ដាក់ទណ្ឌកម្ម​ជាច្រើន​លើ​រុស្សី ដែល​រួមទាំង​វិស័យសេដ្ឋកិច្ច អ្នកជំនួញ និង​ផ្នែក​ជាច្រើន​ទៀត​៕



Tag:
 កាណាដា
  NATO
© រក្សាសិទ្ធិដោយ thmeythmey.com